ភ្នំពេញ៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ត្រូវបានទទួលស្គាល់ជាផ្លូវការជា «ទីកន្លែងធ្វើការដ៏ល្អ» ឬ «Great Place to Work» ជាថ្មីម្តងទៀត ដែលនេះបានសបញ្ជាក់អំពីគោលជំហររបស់ក្រុមហ៊ុនក្នុងនាមជានិយោជកឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា។ វិញ្ញាបនបត្រទីកន្លែងធ្វើការដ៏ល្អនេះ គឺជាការទទួលស្គាល់កម្រិតសកលសម្រាប់ឧត្តមភាពនៅកន្លែងធ្វើការ ដែលផ្អែកទៅលើមតិយោបល់ និងការវាយតម្លៃទៅលើវប្បធម៌នៅកន្លែងធ្វើការ។ ការទទួលបានវិញ្ញាបនបត្រជាថ្មីនេះ ជាភាពជោគជ័យដ៏សំខាន់មួយទៀតនៅក្នុងដំណើរការរបស់ក្រុមហ៊ុនក្នុងរយៈពេល ៣០ ឆ្នាំនៅប្រទេសកម្ពុជា។
ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា នៅតែជាក្រុមហ៊ុនផលិតស្រាបៀរតែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលមានការទទួលស្គាល់ជាសកលនេះ ព្រមទាំងនៅតែបន្តជាកន្លែងធ្វើការដែលផ្តល់ឱ្យគ្រប់គ្នានូវអារម្មណ៏មួយដែលទទួលបានកម្មសិទិ្ធពេញលេញ ខណៈពេលដែលក្រុមហ៊ុនបន្តពង្រឹង និងបង្កើតកន្លែងធ្វើការមួយដែលនិយោជិតគ្រប់រូបមានអារម្មណ៍ថា ទទួលបានការគោរព និងផ្តល់តម្លៃ ដែលនេះជាស្តង់ដាខ្ពស់មួយដែលត្រូវបានកំណត់ក្នុងនាមជាក្រុមហ៊ុនអន្តរជាតិ និងមានការទទួលខុសត្រូវក្នុងឧស្សាហកម្មនេះ។
ទស្សនានូវភាពរីករាយ រូបរួមគ្នារបស់និយោជិតក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដើម្បីអបអរនូវសមិទ្ធផលមួយនេះ តាមរយៈទំព័រហ្វេសប៊ុកហ៊ិននីគែន ខេមបូឌា។
ក្រុមការងារមានមោទនភាពក្នុងការបង្កើតភាពរីករាយរួបរួមគ្នាដ៏ពិតប្រាកដមួយ
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានគោលបំណងលើសពីការផលិតស្រាបៀរពោលគឺការបង្កើតនូវវប្បធម៌នៃការរួបរួមគ្នាដ៏ពិតប្រាកដមួយ។ លោកស្រី តេង សុផាន់ណា ប្រធានផ្នែកធនធានមនុស្សនៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានថ្លែងថា៖ «យើងបង្កើតការរួបរួមគ្នាជាធ្លុងមួយ ដើម្បីជម្រុញពិភពលោកមួយកាន់តែប្រសើរ ហើយគោលបំណងមួយនេះគឺត្រូវចាប់ផ្តើមពីធនធានមនុស្សរបស់យើង។ យើងប្តេជ្ញាថានឹងបន្តបង្កើតនូវបរិយាកាសមួយដែលនិយោជិតរបស់យើងត្រូវបានផ្តល់តម្លៃ មានការគាំទ្រ និងត្រូវបានជម្រុញដើម្បីបង្ហាញសក្តានុពលពេញលេញរបស់ពួកគេ»។
ជាមួយការប្តេជ្ញាមួយនេះ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា តែងតែបន្តវិនិយោគលើធនធានមនុស្សរបស់ខ្លួនតាមរយៈការបណ្តុះបណ្តាល ការអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ និងគំនិតផ្តួចផ្តើមអំពីសុខុមាលភាព។ អ្វីដែលធ្វើឱ្យ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា លេចធ្លោជាងគេនោះ គឺឱកាសដែលផ្ដល់ទៅឱ្យនិយោជិតទទួលបានបទពិសោធន៍អន្តរជាតិ និងបង្ហាញសមត្ថភាពខ្លួន នៅក្រុមហ៊ុនប្រតិបត្តិការរបស់ក្រុមហ៊ុន ហ៊ិននីគែន ទូទាំងពិភពលោក។
ជាក់ស្តែងចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២៤ និយោជិតចំនួន ១៨ នាក់ត្រូវបានផ្តល់ឱកាសឱ្យទៅធ្វើការនៅក្រៅប្រទេស ដូចជា ប្រទេសសិង្ហបុរី ហូឡង់ នូវែលសេឡង់ និងប៉ាពួញូហ្គីណេ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឡាវ និងវៀតណាមជាដើម ដែលនេះបានបង្ហាញពីការរីកចម្រើនធនធានមនុស្សរបស់កម្ពុជាដែលប្រកបដោយទេពកោសល្យនៅលើឆាកអន្តរជាតិ។
ម្យ៉ាងទៀត សម្រាប់និយោជិតរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ពួកគេមិនមែនគ្រាន់តែផ្តោតលើការ បំពេញកាតព្វកិច្ចប្រចាំថ្ងៃនៅកន្លែងការងារនោះទេ ប៉ុន្ដែពួកគេក៏មានមោទនភាពចំពោះតួនាទីរៀងៗខ្លួនផងដែរ។ ជាក់ស្តែង និយោជិត ៩២ ភាគរយបាននិយាយថា ពួកគេមានមោទនភាពដែលជាផ្នែកមួយនៃក្រុមហ៊ុន និងការរួមចំណែករបស់ក្រុមហ៊ុន នៅក្នុងសហគមន៍ដែលនៅជុំវិញ។
ភាពចម្រុះ សមធម៌ និងបរិយាប័ន្ន (DEI) ត្រូវបានរួមបញ្ចូលជានិច្ចនៅក្នុងវប្បធម៌ការងាររបស់ក្រុមហ៊ុនដោយជំរុញឱ្យមានការផ្ដល់តម្លៃ និងឱកាសស្មើៗគ្នាសម្រាប់និយោជិតគ្រប់រូប។ ការប្តេជ្ញាចិត្តនេះត្រូវបានឆ្លុះបញ្ចាំងតាមរយៈគំនិតផ្តួចផ្តើមមានដូចជា មជ្ឈមណ្ឌលថែទាំកុមារ កម្មវិធី «ស្ត្រីនៅផ្នែកលក់» និងការខិតខំប្រឹងប្រែងបន្តកសាងកម្លាំងការងារដែលទទួលយកភាពចម្រុះ ដោយមិនគិតពីភេទ ពូជសាសន៍ ឬសញ្ជាតិ ស្របទៅតាមផ្នត់គំនិត «ការយល់ឃើញចម្រុះ នឹងធ្វើឱ្យគុណភាពស្រាបៀរកាន់តែប្រណិត»។
សាមគ្គីភាព និងភាពរួបរួមគ្នាក្នុងចំណោមនិយោជិតទាំងអស់តែងតែមានជានិច្ចនៅ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា។ មិនថាការប្រារឰពិធីបុណ្យចូលឆ្នាំខ្មែរ បុណ្យអុំទូក ឬខួបលើកទី ៣០ របស់ ក្រុមហ៊ុននោះទេ និយោជិតទាំងអស់តែងតែមករួមគ្នាដើម្បីពង្រឹងចំណងមិត្តភាពរបស់ពួកគេ។ ក្រៅពីតួនាទី និងម៉ោងធ្វើការប្រចាំថ្ងៃ និយោជិតក៏បានចូលរួមយ៉ាងសកម្ម នៅក្នុងសហគមន៍ដោយពង្រឹងវប្បធម៌នៃការផ្តល់ និងចែករំលែកត្រឡប់មកវិញ ស្របតាមការប្តេជ្ញាចិត្តរយៈពេលវែងរបស់ក្រុមហ៊ុនក្នុងការ «ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ»។
លើសពីនេះនៅក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា សុវត្ថិភាពជាបេះដូងនូវរាល់ប្រតិបត្តិការទាំងអស់។ និយោជិត ៩៤ ភាគរយបានបញ្ជាក់ថា ពួកគេកំពុងតែធ្វើការក្នុងបរិយាកាសមួយដែលមានសុវត្ថិភាព។ ក្រុមហ៊ុនតែងតែបន្តពង្រឹងនូវសុវត្ថិភាពនៅកន្លែងធ្វើការតាមរយៈការបណ្តុះបណ្តាលយ៉ាងម៉ត់ចត់ វិធានការការពារ និងវិធីសាស្រ្តសកម្មក្នុងការបង្ការហានិភ័យ។ ការធានាថា គ្រប់គ្នា រួមទាំងនិយោជិត អ្នកម៉ៅការ និងភ្ញៀវទាំងអស់ ត្រូវត្រឡប់ទៅផ្ទះដោយសុវត្ថិភាពនៅចុងបញ្ចប់នៃម៉ោងការងាររបស់គេ ដែលនេះគឺជាតម្លៃស្នូលក្នុងប្រតិបត្តិការរបស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា។
លោកស្រី លី លីមុនីពេជ្រ ប្រធានផ្នែកអភិវឌ្ឍន៍ធនធានមនុស្សប្រចាំ កម្ពុជា និងឡាវ បានបញ្ជាក់ថា៖ «ការទទួលបានវិញ្ញាបនបត្រជាកន្លែងដ៏ល្អសម្រាប់ធ្វើការពីរឆ្នាំជាប់ៗគ្នាធ្វើឱ្យយើងមានមោទនភាពយ៉ាងខ្លាំង។ ការទទួលស្គាល់ជាថ្មីនេះគឺជាសក្ខីភាពមួយចំពោះវប្បធម៌ដែលយើងបានបង្កើតនៅ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដែលការពង្រឹងសមត្ថភាព សុខុមាលភាព និងសាមគ្គីភាពរបស់និយោជិតគឺជាស្នូលនូវរាល់ប្រតិបត្តិការរបស់យើង»។
ជាមួយនឹងមូលដ្ឋានគ្រឹះដ៏រឹងមាំដែលត្រូវបានបង្កើតឡើងនៅលើការជឿទុកចិត្ត បិរយាប័ន្ន និងការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា នឹងយកចិត្ដទុកដាក់លើសពីការផលិតស្រាបៀរ។ ក្រុមហ៊ុននៅតែបន្តប្តេជ្ញាចិត្តក្នុងការពង្រឹងនូវវប្បធម៌នៃការរួបរួមគ្នា ដោយធានាថា និយោជិតគ្រប់រូបទទួលបានការគាំទ្រ ផ្តល់តម្លៃ និងលើកទឹកចិត្តក្នុងការនាំយកនូវអ្វីដែលក្រុមហ៊ុនទទួលបានក្នុងនាមជា «ទីកន្លែងធ្វើការដ៏ល្អ » ពិតប្រាកដ៕
អំពីក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា
ក្រុមហ៊ុន ហ៊ិននីគែន ដែលជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេនៅលើពិភពលោក ដែលជាក្រុមហ៊ុនស្រាបៀរ និងក្រុមហ៊ុនវិនិយោគឈានមុខនៅកម្ពុជាតាំងពីឆ្នាំ១៩៩៤។ ជាមួយគោលបំណងបង្កើតការរួបរួមគ្នាជាធ្លុងមួយ ដើម្បីជម្រុញពិភពលោកមួយកាន់តែប្រសើររ ក្រុមហ៊ុនហ៊ិននីគែន ហ៊ិននីគែន ខេមបូឌា មានម៉ាកយីហោស្រាបៀរចំនួន ៥ រួមមាន ស្រាបៀរ Heineken ® ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និងស្រាបៀរ Gold Crown។ ក្រុមហ៊ុនមាននិយោជិតប្រមាណ ៧០០នាក់ និងផ្តល់ការងារដោយប្រយោលជូនប្រជាជនកម្ពុជាចំនួន ៦៦,០០០នាក់នៅទូទាំងច្រវាក់ផលិតកម្មរបស់ខ្លួន។ តាមរយៈយុទ្ធសាស្ដ្រ «ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ» ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ប្ដេជ្ញាចិត្ដចូលរួមនិរន្ដរភាពបរិស្ថាន និង ព្រមទាំង សង្គម និងការទទួលទានដោយការទទួលខុសត្រូវ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់វេបសាយ heinekencambodia.com