ពីមួយឆ្នាំទៅមួយឆ្នាំយើងសង្កេតឃើញថាកម្ដៅគឺកាន់តែក្ដៅខ្លាំងឡើងៗដែលធ្វើឲ្យមនុស្សពិបាកក្នុងការរស់នៅនិងមានផលប៉ះពាល់ជាច្រើនដល់សុខភាពរបស់មនុស្សទូទាំងពិភពលោកហើយមិនត្រឹមតែប៉ះពាល់ដល់សុខភាពមនុស្សប៉ុណ្ណោះទេតែក៏ប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសនីមួយៗផងដែរ។
ជាក់ស្ដែងបើយោងតាមការចុះផ្សាយរបស់ CNBC បានឲ្យដឹងថាប្រទេសសិង្ហបុរីនឹងខាតបង់ផ្នែកសេដ្ឋកិច្ចដោយសារបញ្ហាកម្ដៅគិតជាទឹកប្រាក់ប្រមាណជាង១.៦៤ពាន់លានដុល្លារនៅក្នុងឆ្នាំ២០៣៥ខាងមុខព្រោះតែបញ្ហាកម្ដៅ។
បើនិយាយទៅកាន់កាលពីឆ្នាំ២០១៨បញ្ហាកម្ដៅនេះធ្វើឲ្យខាតបង់សេដ្ឋកិច្ចកើនឡើងប្រមាណជាង១១%នៅក្នុងវិស័យសេដ្ឋកិច្ចធំៗចំនួន៤មានដូចជាវិស័យសេវាកម្ម សំណង់ ផលិតកម្ម និងកសិកម្ម។
ប្រភពដដេលបានឲ្យដឹងថាកម្ដៅធ្វើឲ្យខាតបង់សេដ្ឋកិច្ចសិង្ហបុរីដោយកម្ដៅធ្វើឲ្យផលិតកម្មផ្សេងៗមានការធ្លាក់ចុះ ហើយការធ្លាក់ចុះនៃផលិតកម្មត្រូវបានគេព្យាករថានឹងកើនឡើងប្រមាណ១៤%នៅឆ្នាំ២០៣៥ខាងមុខនេះដែលធ្វើឲ្យខាតបង់សេដ្ឋកិច្ចសិង្ហបុរីប្រមាណ១.៦៤ពាន់លានដុល្លារ។
ការខាតបង់សេដ្ឋកិច្ចភាគច្រើនគឺទៅលើកម្មករទៅតាមលក្ខខណ្ឌបរិស្ថានដូចជាកម្មករធ្វើការក្រោមកម្ដៅថ្ងៃ និងកម្មករដែលធ្វើការនៅរោងចក្រផ្សេងៗដែលនៅជាប់លាប់ជាមួយគ្រឿងចក្រនិងម៉ាស៊ីជាដើម។ ត្រង់នេះគេបានប៉ានស្មានថារៀងរាល់ថ្ងៃក្ដៅបានកាត់បន្ថយសមត្ថភាពផលិតរបស់កម្មករអំឡុងម៉ោងធ្វើការដោយគិតជាលុយក្នុងកម្មករក្រុមហ៊ុនខាតអស់ច្រើន២១ដុល្លារសិង្ហបុរី។
កាលពីខែកុម្ភៈឆ្នាំ២០២៤នេះក្រុមអ្នកវិទ្យាសាស្រ្តបានព្រមានថាពិភពលោកដើរដលើចំណុចមួយដែលកម្ដៅឡើងកាន់តែខ្លាំងហើយបញ្ហាកម្ដៅនេះនឹងបន្តកើនថែមទៀត។
គួរបញ្ជាក់ផងដែរបញ្ហាឡើងកម្ដៅមួយរយៈចុងក្រោយនេះបានចាប់ផ្ដើមប៉ះពាល់ដល់ប្រទេសជាច្រើននៅតំបន់អាស៊ាន។ ជាក់ស្ដែងនៅប្រទេសហ្វីលីពីន សាលារៀនមួយចំនួននៅក្នុងរដ្ឋធានីម៉ានីលត្រូវបានបិទនិងផ្អាកការសិក្សាជាបណ្ដោះអាសន្ននៅថ្ងៃម្សិលមិញនេះខណៈកម្រិតកម្ដៅបានឡើងដល់កម្រិតមួយគ្រោះថ្នាក់និងគួរឲ្យព្រួយបារម្ភ៕