ដោយសារតែមានក្ដីស្រមៃចង់ជួយដល់ស្រ្តីនៅតាមទីជនបទ និងទឹកចិត្តស្រលាញ់អាជីវកម្មដែលមានប្រយោជន៍ដល់សង្គមខ្មែរ កញ្ញា ភាព សុថុន ក៏បានសម្រេចចិត្តបង្កើតសិប្បកម្មហត្ថានារី ឡើងដើម្បីបំពេញក្ដីស្រមៃ ជួយកាត់បន្ថយបញ្ហាខ្វះខាតរបស់ស្រ្តីខ្មែរ។
កញ្ញា ភាព សុថុន ស្ថាបនិកហត្ថានារី បានលើកឡើងថា «កត្តាសំខាន់ៗដែលនាំឱ្យខ្ញុំបង្កើតសិប្បកម្មនេះឡើង គឺដោយសារតែមើលឃើញពីបញ្ហារបស់បងប្អូនយើងផង ណាមួយខ្ញុំមានជំនាញផ្នែកគីមីចំណីអាហារស្រាប់ផង ទើបខ្ញុំចង់ប្រើជំនាញនេះដើម្បីបង្កើតនូវអ្វីដែលជះផលវិជ្ជមានដល់ការរស់នៅ ពិសេសជួយជីវភាពបងប្អូនស្រ្តីនៅជនបទបានមួយកម្រិតផងដែរ»។
ហត្ថានារី គឺជាអាជីវកម្មផ្ដោតសំខាន់ទៅលើផលិតផលធម្មជាតិ ដែលមានដូចជា ការផលិតតែធម្មជាតិ ទៀនក្រអូបច្នៃឡើងពីផ្កាធម្មជាតិ ក្រមួនជំនួយដំណេក និងគ្រីមការពារមូស ដែលវត្ថុធាតុដើមភាគច្រើនសុទ្ធសឹងតែប្រមូលទិញពីប្រជាកសិករខ្មែរទៅតាមរដូវកាល ហើយសូម្បីតែកែវដាក់ទៀនក៏ទិញពីសិប្បកម្មខ្មែរដែរ។ អ្វីដែលពិសេសបំផុតគឺ គ្រប់ផលិតផលរបស់ហត្ថានារី គឺត្រូវបានផលិតដោយដៃ និងយកចិត្តទុកដាក់បំផុត ពីសំណាក់ស្រ្តីជនបទ ព្រមទាំងស្រ្តីមេម៉ាយ។
បន្ថែមពីនោះ សិប្បកម្មខ្មែរមួយនេះយកចិត្តទុកដាក់ជាខ្លាំងទៅលើការការពារបរិស្ថាន ព្រោះថាគ្រប់ដំណាក់កាលនៃសង្វាក់ផលិតកម្មទាំងអស់ រាប់ចាប់តាំងពីការបង្កើត ការផលិត ការរចនា និងការវេចខ្ចប់ សុទ្ធតែធ្វើដោយដៃ។ ហត្ថានារីតែងតែ គាំទ្រនិងចូលរួមកាត់បន្ថយបញ្ហាបរិស្ថាន ដោយដើរតាមពាក្យស្លោករបស់ខ្លួនមួយឃ្លាដែលបានពោលថា «សុខភាពគឺជាជីវិត បរិស្ថានគឺជាដៃគូរបស់ជីវិត»។ ដោយសារតែគិតថាបញ្ហាបរិស្ថានគឺជាបញ្ហារួមរបស់សង្គម ដូច្នេះហើយបានជានៅហត្ថានារីបានបញ្ចូលនូវគោលដៅមួយគឺ អតិថិជនទាំងអស់នៅពេលដែលគាត់ប្រើប្រាស់ផលិតផលរបស់ហត្ថានារីអស់ហើយ ពួគគាត់អាចត្រឡប់មកធ្វើការ Refill វិញបានក្នុងតម្លៃពិសេស។
យ៉ាងណាមិញក្ដីស្រមៃធំសុទ្ធតែត្រូវចាប់ផ្ដើមពីតូច មកដល់ពេលនេះហត្ថានារីពិតជារីកចម្រើនច្រើនចេញពីចំណុចដំបូង ប៉ុន្តែកញ្ញា សុថុន តែងតែសង្ឃឹមថានឹងមានអង្គការ ឬស្ថាប័នណាមួយដែលសហការឬគាំទ្រដល់ហត្ថានារី ជាពិសេសអតិថិជនដែលប្រើប្រាស់ឬស្រលាញ់ហត្ថានារី មកចូលរួមគាំទ្រដើម្បីឱ្យការងារមួយនេះរីកបានកាន់តែធំ ជួយមនុស្សបានកាន់តែច្រើន។
ប្រសិនបើបងប្អូនចង់ស្វែងយល់បន្ថែមពីហត្ថានារី ឬចង់គាំទ្រផលិតផលខ្មែរ អាចធ្វើការទំនាក់ទំនងតាមរយៈផេកផ្លូវការ៖ ហត្ថានារី/Hattha Neary ឬតាមទូរស័ព្ទលេខ៖ 098 983 039
អត្ថបទដោយ៖ SOKLY SO-កូនផ្កាឈូក