កុំធ្វេសប្រហែស! អ្នកប្រើប្រព័ន្ធ Android ម្នាក់ដាស់តឿនកុំឲ្យសាកថ្មទូរសព្ទនៅទីសាធារណៈ បើមិនចង់បាត់លុយអស់ពីខ្លួន
នារី AUTOJANUARY 31 20232.8 K views

ការិយាល័យ ស៊ើបអង្កេតកណ្តាល (CIB) កំពុងណែនាំសាធារណជនឱ្យអនុវត្តការប្រុងប្រយ័ត្ននៅពេលសាកថ្ម ស្មាតហ្វូន របស់ពួកគេ នៅទីសាធារណៈ បន្ទាប់ពី ទូរស័ព្ទ Android របស់បុរសជនជាតិថៃម្នាក់ ត្រូវបាន Hack។ CIB ជឿថាពួក Hacker បានរកឃើញវិធីនៃការផ្លាស់ប្តូរខ្សែសាកដើម្បីលួចព័ត៌មានផ្ទាល់ខ្លួនពីអ្នកប្រើប្រាស់ទូរស័ព្ទ។ នេះបើយោងតាមចុះផ្សាយរបស់សារព័ត៌មាន BANGKOK POST កាលពីចុងសប្តាហ៍កន្លងទៅនេះ។

លោក Wisanusan Sam-pok ជនជាតិថៃបានបង្ហាញនៅក្នុងការបង្ហោះ Facebook កាលពីថ្ងៃអាទិត្យថា លុយ ១០១.៥៦០បាត ( ៣០៩៧.២៩ដុល្លារ)​ បានបាត់យ៉ាងអាថ៌កំបាំងពីគណនីធនាគាររបស់គាត់។ លោកបាននិយាយទៀតថា គាត់មិនប្រើទូរស័ព្ទទៅលើប្រតិបិត្តការណ៍អ្វីសោះក្រៅពីសាកថ្មនៅទីសាធារណៈនោះទេ។

លោក​បាន​បន្ថែម​ថា គាត់​មាន​ទូរសព្ទ​ពីរ​គ្រឿង គឺ Android និង iPhone ហើយភាគច្រើនលោកប្រើ iPhone សម្រាប់ការហៅទូរសព្ទ សារ ធនាគារជាដើម ហើយប្រើតែទូរស័ព្ទ Android របស់គាត់ដើម្បីលេងហ្គេម។ ខណៈដែលលោកនោះទទូចថា គាត់មិនទទួលបានការហៅបោកប្រាស់ណាមួយ ទាញយកកម្មវិធីចម្លែកណាមួយ ឬចុចលើតំណភ្ជាប់គេហទំព័រគួរឱ្យសង្ស័យណាមួយនោះទេ ប៉ុន្តែលុយនៅតែបាត់អាថ៌កំបាំងពីគណនីធនាគាររបស់គាត់។​

Widsanusawan បានទទួលការជូនដំណឹងពីធនាគាររបស់គាត់អំពីប្រតិបត្តិការដែលគាត់មិនបានធ្វើ​ ដោយក្នុងការពិនិត្យមើលទូរស័ព្ទរបស់គាត់កាន់តែជិត គាត់បានកត់សម្គាល់ឃើញកម្មវិធីមិនស្គាល់មួយនៅលើវា ដែលគាត់សង្ស័យថាជាកម្មវិធីដែលពួក Hacker ប្រើសម្រាប់ការស្កែមទិន្នន័យ។

ស្របគ្នានេះដែរ អ្នកនិយមលេងអ៊ីនធឺណេតបានបញ្ចេញមតិលើការបង្ហោះរបស់ Widsanusawan ដោយនិយាយថា ហេកឃ័រប្រហែលជាបានប្រើរន្ធសាក និងខ្សែ ដើម្បីជួយសម្រួលទិន្នន័យ។​ ទន្ទឹមនឹង CIB បានរាយការណ៍កាលពីម្សិលមិញថាពួក Hacker អាចប្រើចំណុចចូលប្រើពីចម្ងាយដើម្បីគ្រប់គ្រងបន្ទះឈីប skimming ដែលត្រូវបានបង្កប់នៅក្នុងរន្ធសាកថ្មគ្រប់ប្រភេទ។​

បន្ទះឈីបនេះអាចត្រូវបានប្រើប្រាស់ដោយពួក Hacker ដើម្បីទាញយកព័ត៌មានផ្ទាល់ខ្លួនពីស្មាតហ្វូន រួមទាំងពាក្យសម្ងាត់ ទិន្នន័យហិរញ្ញវត្ថុ និងលេខគណនីធនាគារ ឬដើម្បីចម្លងមេរោគឱ្យពួកវា។ ដូច្នេះហើយ CIB បាន​ព្រមាន​អ្នក​ដែល​ត្រូវ​សាក​ថ្ម​ទូរសព្ទ​នៅ​ទីសាធារណៈ​គួរ​មាន​ការ​ប្រុង​ប្រយ័ត្ន​ពេល​ខ្ចី​ឆ្នាំង​សាក​របស់​ជន​ចម្លែក ឬ​ភ្ជាប់​ឆ្នាំង​សាក​របស់​ខ្លួន​ទៅ​រន្ធ​សាក​សាធារណៈ។

គួរជម្រាបផងដែរថា Parinya Homanek សមាជិកគណៈកម្មាធិការជាតិ Cybersecurity បាននិយាយថាការលួចចូលបែបនេះភាគច្រើននៅលើទូរស័ព្ទ Android អាចកើតឡើងបន្ទាប់ពីជនរងគ្រោះចូលមើលបដាពាណិជ្ជកម្មបង្កប់មេរោគ ឬកម្មវិធីដែលបានទាញយកនៅខាងក្រៅហាងកម្មវិធីផ្លូវការ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia