រយៈពេល៣ថ្ងៃលើទឹកដីកម្ពុជា ពេលនេះព្រឹត្តិការណ៍ក្បួនរថយន្ត Gumball 3000 ដែលប្រមូលផ្ដុំទៅដោយរថយន្ត Hypercar, Supercar, Sportcar និងរថយន្តប្រណីតៗជាច្រើនទៀតមកពីជុំវិញពិភពលោកបានបញ្ចប់ទៅដោយរលូន និងបានបង្កើតកំណត់ត្រាពិភពលោក (Guinness World Record) ធំមួយនៅខាងមុខប្រាសាទអង្គរវត្តផងដែរ។
ជាមួយនឹងការប្រមូលផ្ដុំរថយន្ដទំនើបៗ និងប្រណិតៗច្រើនជាងគេបំផុតនៅលើពិភពលោក កម្មវិធី Gumball 3000 បានក្លាយទៅជាម៉ាកយីហោ ឈានមុខគេមួយនៅក្នុងវិស័យកម្សាន្ត បង្កើតឡើងដោយសេដ្ឋីអង់គ្លេសគឺលោក Maximillion Cooper ខណៈតម្លៃឈ្មោះក្រុមហ៊ុននេះ មានតម្លៃយីហោ ប្រមាណ៥០០លានដុល្លារឯណោះ នេះបើយោងតាមការចុះផ្សាយដោយទស្សនាវដ្តី Forbes។
សូមជម្រាបផងដែរថាព្រឹត្តិការណ៍ Gumball 3000 គឺជាព្រឹត្តិការណ៍អន្តរជាតិមួយដែលប្រមូលផ្តុំទៅដោយកំពូលរថយន្តប្រណិតៗ របស់ជនមានឥទ្ធិពល អ្នកជំនួញ កីឡាករ និងកំពូលតារាលំដាប់ពិភពលោក ដែលបានធ្វើដំណើរឆ្លងកាត់ពីទ្វីបមួយទៅទ្វីបមួយជុំវិញពិភពលោក មានរយ:ចម្ងាយសរុប ៣០០០ម៉ាយ៍។
ដោយឡែកនៅក្នុងឆ្នាំ២០២៤ នេះព្រឹត្តិការណ៍ Gumball 3000 គឺបានចាប់ផ្ដើមចេញពីប្រទេសវៀតណាម មកកាន់ប្រទេសកម្ពុជា និងបន្ដទៅប្រទេសថៃ រួចបញ្ចប់នៅក្នុងប្រទេសសឹង្ហបុរី៕
អត្ថបទដោយ៖ ពីង ជូអេង