«ធ្វើការច្រើន ហើមតែក្បាលពោះ ចំណូលនៅទាប ចង្អៀតបន្ទុក» នេះគឺជាពាក្យស៊កសៀតចំអន់គ្នាលេងបែបឈឺចាប់ផងអស់សំណើចផងរបស់អ្នកធ្វើការ ឬអ្នករកស៊ីមួយចំនួន។ តែចម្លែកអី្វ លោក Graham Cochrane ធ្វើការត្រឹម៥ម៉ោងក្នុងមួយសប្តាហ៍ អាចរកចំណូលបានរហូតដល់ខ្ទង់១៦ម៉ឺនដុល្លារឯណោះក្នុងមួយខែ តាមរយៈច្រកផ្លូវធំៗ៤ ខាងក្រោមនេះ៖
១/. បង្កើតប្លុកតន្ត្រី The Recording Revolution៖ ច្នៃជំនាញ ឆ្កឹះចំណូលពីបណ្តាញសង្គម។ Graham បានសរសេរប្លុកនិងធ្វើវីឌីអូចែករំលែក អំពីបច្ចេកទេសថត និងកែសម្រួលផ្សេងៗ រួមជាមួយការពិនិត្យមើលផលិតផល ការសម្ភាសន៍ជាមួយតន្រ្តីករ និងផលិតករ។ ក្នុងឆ្នាំដំបូងនៅលើ YouTube លោកមានអ្នកទស្សនាចន្លោះពី ៦០ដល់២០០០views ក្នុងមួយថ្ងៃ។ នៅពេលទស្សនិកជនបន្តកើនឡើង លោកបានរកឃើញឱកាសមួយដើម្បីរកប្រាក់ពីមាតិការបស់ខ្លួន។ ដំបូង Graham រកបានពី ២០០ដុល្លារទៅ១០០០ដុល្លារក្នុងមួយខែតាមរយៈការឧបត្ថម្ភវីឌីអូ និងប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្ម។
២/. វគ្គសិក្សាអនឡាញ៖ មានគេស្គាល់តាមបណ្តាញសង្គមច្រើនគួរសមហើយ ក្នុងឆ្នាំ២០១០ Graham បានបង្កើតនិងលក់វគ្គសិក្សាតាមអនឡាញដំបូងរបស់ខ្លួន ដែលបង្រៀនអតិថិជនពីរបៀបប្រើកម្មវិធីថតសំឡេងដ៏ពេញនិយម Pro Tools ក្នុងតម្លៃ ៤៥ដុល្លារ។ Graham បានលើកឡើងថា៖ «មុនពេលថត ខ្ញុំបានសរសេរគ្រោងជាមូលដ្ឋាននៃផ្នែកណាមួយនៃកម្មវិធីដែលខ្ញុំចង់ចែករំលែក និងតាមលំដាប់លំដោយ បន្ទាប់មកចំណាយពេលពី ៣-៤ម៉ោងក្នុងការថត និងកែសម្រួលខ្លឹមសារ»។
ដើម្បីទាក់ទាញអ្នកជាវកាន់តែចាប់អារម្មណ៍ លោកបានផ្តល់ជូនសៀវភៅអេឡិចត្រូនិចឥតគិតថ្លៃ។ លោកមានអ្នកជាវប្រហែល ៥០០នាក់នៅពេលលក់វគ្គសិក្សាតាមអ៊ីនធឺណិតដំបូង។ គ្រានោះលោកលក់វគ្គសិក្សាតាមអ៊ីនធឺណិតរាប់សិប និងសហគមន៍អនឡាញសម្រាប់តែសមាជិកតាមរយៈ The Recording Revolution ក្នុងតម្លៃមានចាប់ពី ៦៧ដុល្លារ ដល់រហូតដល់ ៣៩៧ដុល្លារ។ គិតត្រឹមឆ្នាំ២០១៨ដល់២០១៩ Graham រកបាន ១,០០០,០០០ដុល្លារពីការលក់ ហើយក្នុងឆ្នាំ២០២១ លោករកចំណូលបានប្រហែល ៤០,០០០ដុល្លារឯណោះក្នុងមួយខែ។
៣/.បង្កើតក្រុមហ៊ុនអនឡាញបង្វឹកសហគ្រិនភាព៖ ប្រភពចំណូលធំទីបី របស់បុរសវ័យ៣៩ឆ្នាំរូបនេះគឺ បង្រៀនមនុស្សពីរបៀបរកប្រាក់ពីចំណេះដឹង និងចំណងចំណូលចិត្តរបស់ខ្លួន ដូចដែលលោកធ្លាប់បានធ្វើវាកន្លងមក។ ក្នុងរយៈពេល៦ខែចុងក្រោយនេះ Graham រកបាន ១២០,០០០ដុល្លារក្នុងមួយខែលើប្រាក់ចំណូលអកម្មពីវគ្គសិក្សាតាមអ៊ីនធឺណិតដែលមានឈ្មោះថា Automatic Income Academy។ ឥឡូវនេះ ម្ចាស់អាជីវកម្មប្រហែល ២,៨០០នាក់ កំពុងប្រើប្រាស់មេរៀនបង្វឹករបស់លោក។
៤/. សរសេរសៀវភៅ៖ ប្រភពចំណូលធំទី៤ គឺកើតចេញពីស្នាដៃសៀវភៅ។ ក្រៅពីជាអ្នកចែករំលែកលើបណ្តាញសង្គម អ្នកលក់មេរៀនតាមអនឡាញ និងជាគ្រូបង្វឹកសហគ្រិនភាព លោកក៏ជាអ្នកនិពន្ធផងដែរ។ Graham បានយកបទពិសោធន៍ និងចំណេះដឹងរបស់ខ្លួននិពន្ធចេញជាសៀវភៅមួយក្បាលចំណងថា “How to get paid from what you know” ដែលលក់ដាច់អស់រាប់ម៉ឺនក្បាលឯណោះ។
លោក Graham Cochrane បានលើកឡើងថា៖ «បច្ចុប្បន្នខ្ញុំធ្វើការត្រឹម៥ម៉ោងប៉ុណ្ណោះក្នុងមួយសប្តាហ៍ពីការិយាល័យផ្ទះរបស់ខ្ញុំ ហើយរកប្រាក់បានជាមធ្យម ១៦០,០០០ដុល្លារក្នុងមួយខែនៅក្នុងប្រាក់ចំណូលអកម្ម»៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366