គិតត្រឹមថ្ងៃនេះ ហាងឆេងមាសលើទីផ្សារអន្តរជាតិបន្តធ្លាក់ថ្លៃចំនួន៣០ដុល្លារថែមទៀតមកត្រឹម១,៨១៨ដុល្លារក្នុងមួយអោន( ស្មើនឹង២,១៩០ដុល្លារក្នុងមួយតម្លឹង) ហើយគិតជាជីធ្លាក់មកត្រឹម២២២ដុល្លារក្នុងមួយជី។
ទាក់ទងនឹងមាសនេះដែរ ពលរដ្ឋខ្មែរយើងក៏និយមទិញមាសទុកផងដែរ ហើយខាងក្រោមនេះជាហេតុផលល្អៗចំនួន៤ដែលបងប្អូនគួរវិនិយោគមាសទុកជាប់ខ្លួនខ្លួះៗ។
១. ជាក្បួនសន្សំលុយ
ត្រូវចាំថាមនុស្សមានលុយជាប់ខ្លួនប៉ុន្មានចាយប៉ុណ្ណឹង ដូច្នេះការទិញមាសសន្សំទុកជាប្រចាំគឺជាយុទ្ធសាស្រ្តសន្សំលុយដែលធ្វើឲ្យអ្នកសល់លុយហើយទ្រព្យកាន់តែកើនឡើងជាលំដាប់។ ជាជាងលុយទុកលុយជាប់ខ្លួនច្រើនអាចនឹងធ្វើឲ្យអ្នករមាស់ដៃចេះតែចង់ចាយលើរឿងដែលមិនចាំបាច់ហើយជាលទ្ធផលលុយអ្នកនឹងអស់រលីង តែបើយកមកសន្សំជាមួយមាសអ្នកនឹងសល់លុយ។
២. បំបែកការវិនិយោគឲ្យច្រើនកន្លែង
គេថាកុំដាក់ពងមាន់តែកន្រ្តកតែមួយព្រោះបើធ្លាក់នឹងបែកពងមាន់ទាំងអស់ជាមិនខាន។ បើនិយាយពីការវិនិយោគក៏ដូចគ្នាដែរ បើអ្នកយកលុយទាំងអស់របស់អ្នកទៅវិនិយោគនៅកន្លែងតែមួយ អ្នកនឹងជួបហានិភ័យខាតបង់លុយច្រើន។
ដូច្នេះមាសគឺជាជម្រើសនៃការវិនិយោគមួយ ហើយជាជាងយកលុយទៅវិនិយោគនៅកន្លែងតែមួយ អ្នកអាចគិតគូយកមកវិនិយោគលើមាសខ្លះដើម្បីកាត់បន្ថយហានិភ័យ។ ជាក់ស្ដែងអំឡុងពេលនេះ អ្នកដែលស្រលាញ់ការវិនិយោគអចលនទ្រព្យហើយដាក់លុយលើអចលនទ្រព្យច្រើន ជាលទ្ធផលអចលនទ្រព្យគាំងធ្វើឲ្យពួកគាត់ជួបញ្ហាហិរញ្ញវត្ថុ។ យ៉ាងណាមិញបើពួកគាត់ដាក់នៅមាសខ្លះនោះពួកគាត់ងាយស្រួលក្នុងការបង្វែរសាច់លុយប្រើការបានលឿន។
៣. ដោះស្រាយបញ្ហាហិរញ្ញវត្ថុ
ចំណុចល្អមួយរបស់មាសគឺវាជាទ្រព្យដែលងាយបង្វែរលុយសាច់លុយសម្រាប់ប្រើការបានលឿនបំផុតបើធៀបនឹងទ្រព្យផ្សេងៗទៀត និយាយយ៉ាងខ្លីគឺងាយស្រួលទិញលក់ណាស់។ ដូច្នេះបើអ្នកមានមាសជាប់ខ្លួន អ្នកងាយនឹងបង្វែរជាលុយសម្រាប់ដោះស្រាយបញ្ហាបានលឿនក្នុងករណីអ្នកត្រូវការលុយបន្ទាន់។ ឧទាហរណ៍បើអ្នកជួបហេតុការណ៍អ្វីមួយត្រូវការលុយបន្ទាន់តែគ្មានលុយជាប់ខ្លួនសោះ តែអ្នកមានមាសនោះអ្នកអាចលក់មាសភ្លាមៗដើម្បីដោះស្រាយបញ្ហា។
៤. មិនស៊ាំញ៉ាំក្នុងការវិនិយោគ
ការវិនិយោគលើមាសគឺមិនស៊ាំញ៉ាំច្រើដូចការវិនិយោគផ្សេងៗនោះទេបើអ្នកវិនិយោគទិញមាសពិតប្រាកដ។ ក្នុងការវិនិយោគលើមាសមិនពិបាកនោះទេ ដូច្នេះហើយពលរដ្ឋខ្មែរយើង ជាពិសេស អ៊ំ ពូមីង យាយតា ចូលចិត្តទិញមាស។ សំខាន់អ្នកត្រូវទិញមាសពីហាងណាដែលអ្នកលក់ស្មោះត្រង់ មិនលក់កោរទៅគឺបានហើយ៕