ឆាប់ធ្វើភ្លាម! រឿងសំខាន់ ១០នេះ យុវជនខ្មែរគ្រប់រូបគួរមាន ទើបជីវិតមានគុណតម្លៃ រស់នៅលែងស្រ្តេស
Kan DaraAUGUST 4 20251.1 K views

រស់នៅក្នុងសង្គមសម័យ 5G បើអ្នកគ្មានគ្រឹះរឹងមាំទេ ពិបាកឈរជើងណាស់ រីឯឱកាសច្បាស់រត់ចេញបន្តកន្ទុយគ្នា។ ម្ល៉ោះហើយថ្ងៃនេះ Business Cambodia សូមលើកបង្ហាញរឿងសំខាន់ៗទាំង១០ ដែលយុវជនខ្មែរគួរមាន ដើម្បីសម្រេចបាននូវបំណងប្រាថ្នា ជីវិតមានគុណតម្លៃខ្ពស់ និងរស់នៅបាត់ស្ត្រេស៖

១/. មានជំនាញគោលយ៉ាងតិចមួយ៖ មនុស្សម្នាក់ៗត្រូវមានជំនាញគោល ឬជំនាញស្នូល ឱ្យបានយ៉ាងតិចមួយ ហើយសម្រួចវាឱ្យមុត ឱ្យច្បាស់ រហូតចេះឆ្អិនក្លាយជាអ្នកជំនាញ។ គ្រប់ជំនាញទាំងអស់ មិនថាពេទ្យ អ្នកនិពន្ធ ជំនាញសរសេរ ជំនាញគណនេយ្យ ជំនាញវិភាគ ជំនាញហិរញ្ញវត្ថុ ឬជំនាញអ្វីផ្សេងទៀតក៏ដោយ សុទ្ធតែអាចបង្កើតចំណូលបាន ដូចក្នុងស្នាដៃច្បាប់ល្បើកថ្មី កវី ក្រមង៉ុយ បានចែងថា៖ «បើចង់ស្រាលខ្លួន រៀនសូត្រឱ្យមួន ឱ្យមាំឲ្យស្ទាត់ កុំចេះស្ទាក់ស្ទើរ ល្ងីល្ងើឥតបទ បើចេះប្រាកដ ប្រាក់រត់តាមហៅ»។

២/. មានជំនាញរង៖ ក្រៅពីជំនាញស្នូល មនុស្សគ្រប់រូបក៏គួរតែយកចិត្តទុកដាក់លើការបណ្ដុះជំនាញរងមួយចំនួនដូចជា ជំនាញនិយាយ ជំនាញទំនាក់ទំនង ជំនាញសរសេ ជំនាញទីផ្សារ ជំនាញលក់ ដែលជំនាញទាំងអស់នោះសុទ្ធតែសំខាន់ មិនថាអ្នកចង់ចេញរកស៊ី ឬចង់បានការងារល្អប្រាក់ខែខ្ពស់ទេ សុទ្ធតែត្រូវការពួកវា។

៣/. ចេះភាសាបរទេសយ៉ាងតិចមួយ៖ ភាសាបរទេសជាទឹកសន្សើម ស្រេចឱកាសរបស់អ្នកកាន់តែរីកធំ។ ក្នុងនោះលោកបណ្ឌិត គីម ហ៊ាង បានមានប្រសាសន៍ថា៖ «ភាសាដែលសំខាន់ជាងគេនៅក្នុងសេដ្ឋកិច្ចទីផ្សារសេរីនាពេលបច្ចុប្បន្ននេះ និងក្នុងរយៈពេល ៥០ឆ្នាំទៅមុខទៀតគឺ ភាសារអង់គ្លេស និងភាសាចិន»។ ប្រសិនបើអ្នកចេះភាសាលើសពីភាសាកំណើត នោះឱកាសការងារ និងអាទិភាពរបស់អ្នក មានភាគរយខ្ពស់ជាងអ្នកមិនចេះសោះ។

៤/. មានក្រេឌីតល្អ៖ បង្កើតក្រេឌីតខ្លួនឯងដោយការធ្វើតែរឿងល្អៗ និយាយម៉ាត់ណាម៉ាត់ហ្នឹងទឹកមាត់ស្តោះដល់ដីមិនលេបសម្តីវិញដាច់ខាត មានចិត្តចែករំលែក ចេះដាក់ខ្លួន ឱ្យតម្លៃអ្នកដទៃ ធ្វើការនៅស្ថាប័នល្អ និងរាប់អានមនុស្សល្អៗ។

៥/. មានចំណូលក្រៅពីប្រាក់ខែ៖ កុំរស់នៅងាប់ក្រឡា ពឹងតែប្រាក់ខែមួយមុខ ប៉ុន្តែត្រូវប្រឹងអភិវឌ្ឍន៍ចំណេះជំនាញ ឱ្យកាន់តែពូកែ ដើម្បីចាប់ឱកាសបង្កើតប្រភពចំណូលផ្សេងៗបន្ថែមទៀត។ អ្វីដែលអ្នកត្រូវមានគឺ ចំណូល៣ច្រកសំខាន់ៗ ទី១ ចំណូលប្រចាំថ្ងៃ ទី២ ចំណូលប្រចាំខែ និងទី៣ ចំណូលប្រចាំឆ្នាំ។

៦/. មានភាពជាអ្នកដឹកនាំខ្លួនឯង៖ ធ្វើជាមនុស្សកុំចាំគេដឹក រំលឹកគ្រប់ពេល ត្រូវធ្វើជាអ្នកកំណត់ និងអនុវត្តច្បាប់ឱ្យខ្លួនឯង ទើបជីវិតមួយនេះលែងរស់ពឹងផ្អែកលើបបូរមាត់អ្នកដទៃ។

៧/. មានវិន័យល្អ សីលធម៌ខ្ពស់៖ ទោះមនុស្សពូកែយ៉ាងណា បើខ្វាក់ចរិយា ខ្វះសីលធម៌ គ្មានអ្នកណាចង់និយាយជាមួយឡើយ ហើយបើមានសីលធម៌តែខ្វះវិន័យ ក៏ពិបាកនឹងរីកចម្រើនដែរ។ ដូច្នេះដើម្បីខ្លួនឯង ត្រូវតែយកចិត្តទុកដាក់ គោរពវិន័យ មិនថាវិន័យតូចឬធំ វិន័យផ្ទាល់ខ្លួន ឬវិន័យក្រុមហ៊ុន និងត្រូវរស់នៅប្រកាន់ក្រមសីលធម៌ខ្ពស់ កុំព្រោះតែបាយបីពេក នាំទុក្ខទោសភ័យដល់អ្នកដទៃឲ្យសោះ។

៨/. មានទម្លាប់ល្អ សុខភាពល្អ៖ ព្រះពុទ្ធត្រាស់សម្តែងថា សុខភាពគឺជាលេខ១ បញ្ញាប្រៀបដូចលេខ (០) សមិទ្ធផល (០) ទ្រព្យសម្បត្តិ (០) លាភសក្ការៈ (០)… ទោះមានលេខសូន្យប៉ុន្មានខ្ទង់ បើបាត់សុខភាពហើយ គ្រប់យ៉ាងគឺស្មើសូន្យ ដូចក្រមួនត្រូវថ្ងៃ អំបិលត្រូវទឹក។ សុខភាពល្អកើតឡើងពីទម្លាប់ ទម្លាប់គិតល្អសុខភាពផ្លូវចិត្តល្អ ទម្លាប់ហូបចុកល្អសុខភាពរៀងកាយក៏ល្អទៅតាមនោះដែរ។

៩/. មានផ្នត់គំនិតវិជ្ជមាន៖ «អ្នកជាអ្វីដែលអ្នកគិត» ដូច្នេះដើម្បីពង្រឹងខ្លួនឯង ជំហានដំបូងត្រូវពង្រឹងផ្នត់គំនិតសិន។ ឈប់គិតអវិជ្ជមាន រៀនពីបញ្ហា និងមើលរឿងផ្សេងៗក្នុងជ្រុងល្អៗ ទើបអ្នកអាចរីកចម្រើនបាន។

១០/. មានភាពរីករាយ៖ កើតទុក្ខក៏មួយថ្ងៃ សប្បាយចិត្តក៏មួយថ្ងៃ ហេតុអ្វីអ្នកមិនរស់នៅឲ្យរីករាយ? ចូរធ្វើជាមនុស្សមានភាពរីករាយនឹងអ្វីដែលខ្លួនកំពុងមាន ព្រមទទួលស្គាល់ការពិតនៃធម្មជាតិរបស់ជីវិត កុំស្មុគច្រើនពេក កុំរអ៊ូច្រើនពេក ជួបអ្វីដោះហ្នឹងទៅ ទើបជីវិតមិនសូវកើតទុក្ខ។

យ៉ាងណាមិញ បើយុវជនកម្ពុជាគ្រប់រូបមានរបស់សំខាន់ៗទាំង១០ ខាងលើជាប់ខ្លួន ហើយប្រកាន់ខ្ជាប់ឲ្យបានជាប់លាប់ អនុវត្តជាប្រចាំក្នុងសម័យកាលជឿនលឿននេះ នោះដើមឈើនៃក្តីស្រមៃនឹងរីកលាស់បញ្ចេញផ្លែផ្លាដូចរុក្ខានៅរដូវវស្សាមិនខាន៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇    https://t.me/BusinessCambodiaBookាា Large

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia