កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ សហរដ្ឋអាមេរិកបានសម្រេចកំណត់ការយកពន្ធលើទំនិញនាំចូលរបស់កម្ពុជាត្រឹម ១៩ ភាគរយ (ពោលគឺថយចុះ ៣០% ប្រៀបធៀបជាមួយអត្រាពន្ធពីដំបូង ៤៩%)។ ដូច្នេះតើការយកពន្ធនាំចូលទំនិញពីកម្ពុជាទៅលក់នៅសហរដ្ឋអាមេរិកត្រឹមទំហំប៉ុណ្ណេះ នឹងជះឥទ្ធិពលបែបណាខ្លះដល់សេដ្ឋកិច្ចកម្ពុជា?
តាមការលើកឡើងពីអ្នកឧកញ៉ា សំ សុខនឿន ប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN Group ការទម្លាក់អត្រាពន្ធរបស់សហរដ្ឋអាមេរិកមកនៅត្រឹម ១៩% នេះគឺជារឿងល្អមែនទែនសម្រាប់ប្រជាពលរដ្ឋខ្មែរ និងសេដ្ឋកិច្ចរបស់កម្ពុជា។ ព្រោះការយកពន្ធក្នុងតម្លៃទាបបែបនេះ នឹងធ្វើឲ្យកម្ពុជាទទួលបានការវិនិយោគបន្ថែមពីអ្នកវិនិយោគកាន់តែច្រើនថែមទៀត ដែលវានឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជួយអភិវឌ្ឍសេដ្ឋកិច្ច។
ថែ្លងប្រាប់ Business Cambodia អ្នកឧកញ៉ាបានមានប្រសាសន៍ដូច្នេះថា ការទម្លាក់អត្រាពន្ធមកនៅត្រឹម ១៩% នេះគឺជាអត្រាមួយដ៏ល្អដើម្បីទាក់ទាញអ្នកវិនិយោគផ្នែកឧស្សាហកម្ម រោងចក្រ និងសហគ្រាសផ្សេងៗ ដើម្បីធ្វើការវិនិយោគបន្ថែមទៀតមកកាន់ប្រទេសកម្ពុជា។ មិនត្រឹមតែការវិនិយោគថ្មីនោះទេ ប៉ុន្ដែយើងក៏អាចទាក់ទាញរោងចក្រ សហគ្រាសធំៗជាច្រើនពីប្រទេសដទៃ ដូចជាចិនអាចនឹងធ្វើការផ្លាស់ប្ដូរទីតាំងមកដាក់នៅកម្ពុជា ឬក៏បន្ថែមសាខានៅក្នុងប្រទេសកម្ពុជាផងដែរ។
អ្នកឧកញ៉ាបន្ដថា អំឡុងពេលនេះ ខ្ញុំជឿថានៅតាមបណ្ដាប្រទេសជិតខាងមួយចំនួន ក៏នឹងមានរោងចក្រសហគ្រាសធ្វើការប្ដូរទីតាំងមកដាក់នៅកម្ពុជាដូចគ្នាដែរ បើទោះបីជាប្រទេសខ្លះបានអត្រាពន្ធ ១៩% ដូចកម្ពុជាក្ដី។ ព្រោះដោយសារលក្ខខណ្ឌប្រទេសយើងមានភាពងាយស្រួលជាង ហើយរាជរដ្ឋាភិបាលមានការស្វាគមន៍ និងមានការលើកទឹកចិត្ដផ្នែកពន្ធផ្សេងៗជាច្រើនសម្រាប់អ្នកវិនិយោគដែលចូលមកបណ្ដាក់ទុនធ្វើរោងចក្រសហគ្រាសនៅប្រទេសកម្ពុជា។ អ៊ីចឹងអត្រាពន្ធទាបនេះ នឹងធ្វើឲ្យទាក់ទាញអ្នកវិនិយោគជាច្រើនទៀតចូលមកប្រទេសកម្ពុជា ហើយនឹងធ្វើឲ្យសេដ្ឋកិច្ចកាន់តែប្រសើរឡើង។
អ្នកឧកញ៉ារូបនេះបន្ថែមថា កាលណាយើងទទួលបានការវិនិយោគច្រើនពីប្រទេសដទៃ នោះយើងនឹងសម្បូរនូវសួនឧស្សាហកម្ម រោងចក្រ សហគ្រាស នោះប្រជាពលរដ្ឋនឹងសម្បូរការងារធ្វើ ប្រាក់ចំណូលកើនឡើង។ នៅពេលដែលសហគ្រាស ឬសួនឧស្សាកម្មធំៗ ចូលមកច្រើន នោះតម្រូវការដីធ្លីសម្រាប់សាងសង់រោងចក្រ និងសួនឧស្សាហកម្មនឹងមានតម្រូវការខ្ពស់ ដូច្នេះដីធ្លីអាចនឹងងើបឡើងវិញដែរនាពេលអនាគតខាងមុខ។ មួយទៀតនៅពេលសេដ្ឋកិច្ចយើងកើនឡើង នោះពលរដ្ឋនឹងមានចំណូលច្រើន ហើយពួកគាត់នឹងធ្វើការទិញលំនៅឋាន ដីធ្លី ការិយាល័យ ឬក៏តម្រូវផ្សេងទៀត អ៊ីចឹងអាចនឹងធ្វើឲ្យវិស័យអចលនទ្រព្យនឹងមានការកើនឡើង។
យ៉ាងណាអ្នកឧកញ៉ា សំ សុខនឿន បានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ វិស័យអចលនទ្រព្យនៅកម្ពុជា នៅមិនទាន់មានភាពល្អប្រសើរដូចមុនឆ្នាំ២០១៩ នៅឡើយនោះទេ បើទោះបីបច្ចុប្បន្នមានតម្រូវការល្អទៅលើដីកសិកម្ម ដីសួនឧស្សាហកម្មក៏ដោយ។
គួរជម្រាបផងដែរថា តាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅឆ្នាំ២០២៤ កម្ពុជា-អាមេរិក សម្រេចបានទំហំពាណិជ្ជកម្ម ១០.១៨ពាន់លានដុល្លារ កើនឡើង១១.២% ក្នុងនោះ កម្ពុជានាំចេញទៅអាមេរិកក្នុងតម្លៃ ៩.៩ពាន់លានដុល្លារ (ទីផ្សារនាំចេញធំជាងគេ) កើនឡើង ១១.៤% ខណៈអាមេរិកនាំចូលកម្ពុជាវិញ ក្នុងតម្លៃ ២៦៤.១៤លានដុល្លារ៕