កាលពីដើមខែធ្នូឆ្នាំ២០២៣ហាងឆងមាសលើទីផ្សារអន្តរជាតិបានហក់ឡើងខ្ពស់បំផុតដល់២,១០០ដុល្លារក្នុងមួយអោន(ស្មើនឹង២,៥៣០ដុល្លារក្នុងមួយតម្លឹង) តែគិតត្រឹមព្រឹកនេះហាងឆេងមាសលើទីផ្សារអន្តរជាតិបានចាប់ផ្ដើមធ្លាក់ចុះគំហុកមកត្រឹម២,០០៧ដុល្លារក្នុងមួយអោន។
បើយោងតាមការចុះផ្សាយរបស់វេបសាយKitco ដែលជាវេបសាយវិភាគទីផ្សារមាសបានឲ្យដឹងថាហាងឆេងមាសបានធ្លាក់ថ្លៃគំហុកដោយសារតែរបាយការណ៍ពីស្ថានភាពសេដ្ឋកិច្ចរបស់អាមេរិក។ ជាក់ស្ដែងទិន្នន័យលក់រាយអាមេរិកមានការកើនឡើង។ លើសពីនេះការរំពឹងថាធនាគារកណ្ដាលអាមេរិកនឹងទម្លាក់ការប្រាក់ក៏ជាកត្តាដែលធ្វើឲ្យមាសហាងឆេងមាសធ្លាក់ថ្លៃផងដែរ។
ចំណែកហាងឆេងមាសក្នុងស្រុកយើងក៏ចាប់ផ្ដើមធ្លាក់ថ្លៃបន្តិចផងដែរ។ គិតត្រឹមថ្ងៃនេះ បើយោងតាមហាងឆេងមាសរបស់ហាង ចែ ពៅ លក់គ្រឿងអលង្កាបានឲ្យដឹងថាហាងឆេងមាសនៅថ្ងៃនេះបានធ្លាក់ថ្លៃចំនួន២ដុល្លារមកត្រឹម២៤០ដុល្លារក្នុងមួយជី។
ខាងក្រោមនេះគឺជាហេតុផលល្អៗដែលអ្នកគួរគិតគូវិនិយោគកើមាសនៅឆ្នាំ២០២៤។
១. មាសជារបស់ប្រឆាំងនឹងអតិផរណា
ចាប់តាំងពីដើមឆ្នាំ២០២២ពេលដែលសង្រ្គាមវាងរុស្ស៊ីនិងអ៊ុយក្រែនចាប់ផ្ដើមមកបានបង្អាក់ដល់សង្វាក់ផលិតកម្មរបស់ពិភពលោកដែលធ្វើឲ្យទំនិញកាន់តែខ្វះខាតដូច្នេះទំនិញកាន់តែឡើងថ្លៃបង្កជាការកើនឡើងនៃអតិផរណា។ អតិផរណាគឺមានន័យថាទំនិញនិងសេវាកម្មលើទីផ្សារឡើងថ្លៃហើយលុយចុះថោកពោលគឺលុយកាន់តែបាត់បង់តម្លៃ។
ដូច្នេះពេលអតិផរណាកើនឡើង អ្នកទុកលុយជាប់ខ្លួនច្រើនពេកនោះលុយអ្នកនឹងកាន់តែបាត់បង់តម្លៃ។ ក្នុងករណីនេះ អ្នកអាចយកលុយទៅវិនិយោគលើទ្រព្យដែលអាចកើនតម្លៃដើម្បីប្រឆាំនឹងការកើនឡើងអតិផរណា។ ក្នុងនោះដែរមាសគឺត្រូវបានគេចាត់ទុកជារបស់មួយដែលអាចប្រឆាំងនឹងអតិផរណាព្រោះមាសជាទ្រព្យសុវត្ថិភាពនិងជារបស់ដែលអាចរក្សាតម្លៃជាពិសេសពេលស្រុកទេសនិងពិភពលោកមានវិបត្តិមាសតែងតែត្រូវប៉ាន់ជាងគេ។
២. ងាយស្រួលលក់
នេះអាចជាហេតុផលសំខាន់មួយដែលអ៊ំ ពូមីង និយាយតាចូលចិត្តទិញមាសទុក។ ជាការពិតណាស់នៅក្នុងការរស់នៅយើងតែងតែជួបហេតុការណ៍ផ្សេងៗដែលមិនអាចដឹងមុនហើយហេតុការណ៍ទាំងនោះសុទ្ធតែត្រូវការលុយបន្ទាប់ដូចជាគ្រោះថ្នាក់ផ្សេងៗត្រូវទៅពេទ្យ បាត់បង់ការងារ និងធ្លាក់ខ្លួនឈឺជាច្រើន។
ក្នុងករណីត្រូវការលុយបន្ទាន់តែក្នុងខ្លួនគ្មានលុយ តែបើអ្នកមានមាសទុកនោះគឺអ្នកអាចលក់មាសចេញបានភ្លាមដើម្បីយកលុយមកដោះស្រាយបញ្ហាបានភ្លាមៗ។ ដូច្នេះមាសគឺជារបស់មួយអ្នកគួរវិនិយោគព្រោះវាជាទ្រព្យមួយដែលងាយស្រួលបង្វែរជាសាច់លុយបានលឿនបំផុតជាការវិនិយោគផ្សេងៗទៀត។
៣. ធ្វើពិពិធកម្មវិនិយោគ
ពាក្យ” ធ្វើពិពិធកម្មវិនិយោគ” គឺមានន័យថាយកលុយទៅវិនិយោគឲ្យច្រើនកន្លែងក្នុងវិស័យខុសៗគ្នាដើម្បីកាត់បន្ថយហានិភ័យក្នុងការវិនិយោគ។ ជាក់ស្ដែងអំឡុងពេលនេះខណៈសេដ្ឋកិច្ចមិនល្អ អ្នកដែលផ្ដោតលើតែការវិនិយោគលើអចលនទ្រព្យកំពុងមានបញ្ហាពោលគឺពេលខ្វះខាតលុយមកប្រើប្រាស់ ចង់លក់អចលនទ្រព្យក៏លក់មិនចេញព្រោះទីផ្សារអចលនទ្រព្យគាំង។ ដូច្នេះដើម្បីការពារហានិភ័យនិងកាត់បន្ថយហានិភ័យ អ្នកគួរវិនិយោគឲ្យច្រើនកន្លែង។ ឧទាហរណ៍ទោះជាងអ្នកចូលចិត្តវិនិយោគអចលនទ្រព្យក៏គួរយកលុយមួយផ្នែកមកវិនិយោគលើផ្សារហ៊ុន និងហាងឆេងមាសជាដើម។ ការធ្វើបែបនេះអាចកាត់បន្ថយហានិភ័យបានមួយចំនួន តែបើអ្នកយកលុយទាំងអស់ទៅវិនិយោគលើកន្លែងតែមួយនោះហានិភ័យមានខ្ពស់៕