ចង់ចំណេញតាមដានផង ក្រោយចប់បុណ្យអុំទូកហាងឆេងមាសប្រែប្រួលខ្លាំងដោយសារកត្តាធំៗ៣នេះ
Toeuy HongNOVEMBER 29 20231.5 K views

 ក្រោយពីព្រះរាជ្យពិធីបុណ្យអុំទូកបានបញ្ចប់យើងសង្កេតឃើញថាតម្លៃហាងឆេងមាសចាប់ផ្ដើមប្រែប្រួលខ្លាំងគួរឲ្យកត់សម្គាល់។ ជាក់ស្ដែងនៅថ្ងៃនេះហាងឆេងមាសលើទីផ្សារអន្តរជាតិបានហក់ឡើងគំហុកពោលគឺឡើងថ្លៃប្រមាណជាង៣០ដុល្លារដល់២,០៤៧ដុល្លារក្នុងមួយអោន(ស្មើនឹង២,៤៦៦ដុល្លារក្នុងមួយតម្លឹង)។

បើយោងតាមការចុះផ្សាយរបស់ Bloomberg បានឲ្យដឹងថាមានកត្ដាធំៗ៣ដែលរុញតម្លៃហាងឆេងមាសឲ្យហក់ឡើងខ្ពស់បែបនេះហើយកត្តាទីមួយនោះគឺទីផ្សារបានគិតទៅលើអត្រាការប្រាក់ដុល្លារអាមរិក។ ត្រង់នេះមានន័យថាក្រុមអ្នកវិនិយោគគិតថាអត្រាការប្រាក់ដុល្លារបានឡើងដល់កំពូលដែលធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកអាចនឹងមិនបន្តដំឡើងទៀតទេ។

សញ្ញានៃការបញ្ឈប់ដំឡើងការប្រាក់ដុល្លារជាកត្តាធ្វើឲ្យមាសឡើងថ្លៃដោយសារតែប្រាក់ដុល្លារអាចនឹងធ្លាក់ថ្លៃដូច្នេះហើយក្រុមអ្នកវិនិយោគមួយចំនួនសម្រេចលក់ប្រាក់ដុល្លារហើយនាំគ្នាសម្រេចវិនិយោគទៅលើហាងឆេងមាសវិញម្ដង។

ចំណែកកត្តាទី២គឺមាសជាទ្រព្យមួយប្រភេទដែលត្រូវបានគេប្រើប្រាស់បានគ្រប់កាលៈទេសៈទាំងអស់ជាពិសេសអំឡុងពេលស្រុកទេសមាវិបត្តិ មាសគឺជាទ្រព្យសុវត្ថិភាពដែលត្រូវបានគេប្រើប្រាស់ក្នុងការធ្វើជំនួញដូរឬការដោះដូរជាមួយរបស់ផ្សេងៗទៀតជាច្រើន។ ដូច្នេះមិនថាអ្នកទៅដល់ទៅណានោះទេបើមានមាសជាប់ខ្លួនគឺអ្នកមិនដាច់ពោះស្លាប់ឡើយ។

រីឯងកត្តាទី៣គឺកត្តាបញ្ហាភូមិសាស្រ្តនយោបាយ។ ដូចយើងដឹងស្រាប់ហើយថាឆ្នាំ២០២៣នេះបញ្ហាសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែននៅតែមានហើយមិនតែប៉ុណ្ណោះក៏កើតមានបញ្ហាជម្លោះរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនទៀត។ ជាធម្មតាពេលកើតមានបញ្ហាសង្រ្គាមឬវិបត្តិសេដ្ឋកិច្ច មាសគឺទ្រព្យវិនិយោគមួយដែលគេតែងតែចាប់អារម្មណ៍ដូច្នេះហើយទើបនៅក្នុងស្ថានភាពបច្ចុប្បន្នមនុស្សនៅតែចាប់អារម្មណ៍លើមាសដែលធ្វើឲ្យមាសកាន់តែឡើងថ្លៃ។

ចំពោះហាងឆេងមាសនៅក្នុងស្រុកខ្មែរយើងវិញក៏ចាប់ផ្ដើមឡើងថ្លៃដូចហាងឆេងមាសអន្តរជាតិផងដែរ។ គិតត្រឹមថ្ងៃនេះហាងឆេងមាសក្នុងស្រុកឡើងដល់២៣៨ដុល្លារក្នុងមួយជី។ មកដល់ពេលនេះចំពោះបងប្អូនដែលបានទិញមាសកាលធ្លាក់ចុះនៅតម្លៃ២២១ដុល្លារក្នុងជីគឺពួកគាត់អាចលក់យកប្រាក់ចំណេញបានហើយ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia