ហាងឆេងមាសនៅលើទីផ្សារអន្តរជាតិនៅថ្ងៃសុក្រនេះ ចាប់ផ្ដើមបន្តធ្លាក់ថ្លៃថែមទៀតដោយធ្លាក់ថ្លៃចំនួន៤៤ដុល្លារមកត្រឹម៣២៨៩ដុល្លារក្នុងមួយអោនដែលស្មើនឹង៣៩៦២ដុល្លារក្នុងមួយតម្លឹង។ ចំណែកហាងឆេងមាសក្នុងស្រុកយើងធ្លាក់មកត្រឹម៣៩៦ដុល្លារក្នុងមួយជី។
តម្លៃហាងឆេងមាសបានបន្តធ្លាក់ថ្លៃក្រោយពីសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ារវាងប្រទេសអ៊ីស្រាលអែលនិងប្រទេសអ៊ីរ៉ង់បានឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់គ្នា។
លើសពីនេះមាសបានបន្តធ្លាក់ថ្លៃខណៈក្រុមអ្នកវិនិយោគជាច្រើនកំពុងរងចាំមើលទស្សនរបស់ធនាគារកណ្ដាលនៃសហរដ្ឋអាមេរិកទៅលើគោលនយោបាយទម្លាក់ការប្រាក់ដុល្លារអាមេរិកនៅអំឡុងខែក្កដាឆ្នាំ២០២៥នេះ។
គួរបញ្ជាក់ផងដែរថាអំឡុងពាក់កណ្ដាលឆ្នាំ២០២៥នេះ តម្រូវការមាសជាសកលមានការធ្លាក់ចុះក៏ជាមូលហេតុដែលធ្វើឲ្យតម្លៃហាងឆេងមាសបន្តធ្លាក់ថ្លៃបើទោះបីជាពេលនេះមានបញ្ហាភូមិសាស្រ្តនយោបាយហាក់មិនទាន់រសាត់បាត់ក៏ដោយ។ មិនតែប៉ុណ្ណោះអ្នកជំនាញក៏បានព្យាករថាមាសអាចនឹងចុះមកដល់២៥០០ដុល្លារក្នុងមួយអោននៅឆ្នាំក្រោយ៕