គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដែលគិតមកដល់ពេលនេះគឺមានរយៈពេលជាង ៤ ខែមកហើយ។ ដូច្នេះតើគម្រោងផ្លូវទឹកប្រវត្ដិសាស្ដ្ររបស់កម្ពុជាមួយនេះ ដំណើរការដល់ណាហើយ?
បើតាមការបញ្ជាក់ពីឯកឧត្ដម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គិតមកដល់ពេលនេះក្រុមការងារបច្ចេកទេសអន្ដរក្រសួង បាននឹងកំពុងចុះកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្ដោយគម្រោងព្រែកជីកនេះ សម្រាប់កំណាត់ទី១ ដែលមានប្រវែងសរុប ២១ គីឡូម៉ែត្រ និងសម្រេចបានជាង ៦០ ភាគរយហើយ។
តាមការបញ្ជាក់នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដមបានសរសេរថា «រយៈពេល ៦ថ្ងៃ(គិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤) ក្រុមការងារបច្ចេកទេសអន្តរក្រសួង កំពុងបន្តកិច្ចខិតខំប្រឹងប្រែងបំពេញការងារយ៉ាងយកចិត្តទុកដាក់ ក្នុងការកំណត់និយាមកាក្រុមការងារបច្ចេកទេសសម្រេចការកំណត់និយាមកា និងបោះបង្គោលទាំងអស់សរុប៩៦ចំណុច នៃចំណុចដែលគ្រោង១៤២ ដែលស្មើនឹងជាង ៦៧% នៃតម្រាយផ្លូវទឹកកំណាត់ទី១ ដែលមានប្រវែង ២១ គីឡូម៉ែត្រ»។
គួរបញ្ចាក់ផងដែរថាព្រែកជីកហ្វូណនតេជោមានប្រវែងសរុប ១៨០ គីឡូម៉ែត្រ ចាប់ផ្ដើមពីចំណុចព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាម ព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និង បន្តរហូត ដល់ សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និង ខេត្ត កែប។
សម្រាប់ការសាងសង់ផ្លូវទឹកនេះមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) និងមានគន្លងនាវាចរណ៍ចំនួន ២គន្លង អាចចេញ-ចូល និងចៀសគ្នាបាន។
គម្រោងនេះចែកចេញជា ២ កំណាត់ ដោយក្នុងកំណាត់ទី១ មានប្រវែង២១ គីឡូម៉ែត្រ ចាប់ផ្ដើមពីព្រែកតាកែវនៃទន្លេមេគង្គ ទៅដល់ព្រែកពោធិ៍នៃទន្លេបាសាក់ និងកំណាត់ទី២ មានប្រវែង ១៥៩ គីឡូម៉ែត្រចាប់ផ្ដើមពីទន្លេបាសាក់ខេត្ដតាកែវ ទៅដល់សមុទ្រខេត្ដកែប។
បើតាមការសិក្សា និងវាយតម្លៃបឋមលើថវិកាប៉ាន់ប្រមាណគម្រោងនេះនឹងត្រូវប្រើប្រាស់ថវិកាប្រមាណ ១,៧ ពាន់លានដុល្លារអាមេរិក សម្រាប់សាងសង់និងស្តារផ្លូវទឹកដែលមានស្រាប់ប្រមាណ១៣៥គីឡូម៉ែត្រ និងជីកថ្មីប្រមាណ ៤៥គីឡូម៉ែត្រ ដែលត្រូវប្រើប្រាស់ពេលវេលាប្រមាណបួនឆ្នាំ៕
អត្ថបទ៖ លីណា