ខេត្ដចំនួន ៧ រួមមាន៖ ខេត្ដកណ្តាល តាកែវ កំពង់ស្ពឺ ស្វាយរៀង កំពត កំពង់ឆ្នាំង និងខេត្ដកំពង់ធំ ទទួលបានគម្រោងវិនិយោគថ្មីចំនួន ១២ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ១២៨លានដុល្លារអាម៉េរិក និងអាចអាចបង្កើតការងារបានប្រមាណ ៤,៦ពាន់កន្លែង។ នេះបើតាមការឲ្យដឹងពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥។
តាមការបញ្ជាក់ពី CDC គម្រោងវិនិយោគទាំង ១២ ខាងលើនេះគឺមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន ១១គម្រោង និងក្នុងវិស័យទេសចរណ៍ចំនួន ១ គម្រោង។
ក្នុងនោះសម្រាប់វិស័យឧស្សាហកម្មរួមមាន៖ គម្រោងផលិតគ្រឿងសង្ហារិម និងសម្ភារៈបរិក្ខារប្រើប្រាស់ក្នុងផ្ទះគ្រប់ប្រភេទ, ផលិតសម្ភារៈប្រើប្រាស់ ដូចជាកំប៉ុងទឹក ប្រអប់ ចាន ស្លាបព្រា សម ចង្កឹះ ទុយោបឺត ជើងទ្រកំប៉ុង ក្រដាសជូតមាត់, ផលិតអំពូលភ្លើង សម្ភារៈលម្អក្នុងផ្ទះ និងគ្រឿងបន្ទាប់បន្សំអគ្គិសនីគ្រប់ប្រភេទ, ខារអំបោះ និងជ្រលក់ពណ៌, ផលិតផលិតផលធ្វើអំពីការកាវ, ផលិតបំពង់ទីបដែក, ផលិតបរិក្ខារអគ្គិសនីបំភ្លឺ និងគ្រឿងអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងផ្ទះ, ផលិតនុយសិប្បនិម្មិត និងសម្ភារៈស្ទូចត្រីគ្រប់ប្រភេទ, បង្កើតកសិដ្ឋានចិញ្ចឹម និងភ្ញាស់កូនមាន់ ទា, ផលិតខ្សែភ្លើង អំពូលភ្លើងលម្អ និងសម្ភារៈអគ្គិសនី, និងគម្រោងផលិតសម្ភារៈក្មេងលេង និងសត្វចិញ្ចឹម។
ដោយឡែកសម្រាប់នៅក្នុងវិស័យទេចរណ៍ ១ គម្រោងនោះវិញ គឺគម្រោងសាងសង់ និងធ្វើអាជីវកម្មសណ្ឋាគារផ្កាយ៥ ចំនួន២៨០បន្ទប់។
គួរជម្រាបផងដែរថា គម្រោងទាំង ១២ ខាងលើនេះ បច្ចុប្បន្នត្រូវបានគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ។ ដោយកិច្ចប្រជុំនេះគឺមានការអញ្ជើញចូលរួមក្រោមអធិបតីភាពឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការ វិនិយោគកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន ព្រមទាំងរដ្ឋបាលខេត្តពាក់ព័ន្ធ៕