តំណែង CEO គឺជាក្រុមមនុស្សដែលគេចាត់ទុកថា អាចធ្វើការងារច្រើន ឆ្លាតវៃនិងពូកែសម្រេចចិត្ត ខណៈមនុស្សដែលនៅក្នុងតួនាទីនេះត្រូវចេះដឹកនាំខ្លួនឯង ដុសខាត់ខ្លួនឯង ទើបអាចដឹកនាំអ្នកដទៃឬស្ថាប័ន។
ហេតុនេះបើចង់ពូកែដូចCEO ត្រូវដុសខាត់ហ្វឹកហាត់ខួរក្បាលខ្លួនឯងឱ្យខ្លាំង ព្រោះខួរក្បាលរបស់យើងគឺដូចជាសាច់ដុំ ដែលត្រូវការលំហាត់ប្រាណដើម្បីឱ្យមានភាពមុតស្រួច ដុសក្អែលភាពកម្ជិលរបស់វា។
យ៉ាងណាមិញបើអ្នកហត់នឿយច្រើន ខួរក្បាលស្ពឹកស្រពន់ ពិបាកផ្តោតអារម្មណ៍ ធ្វើឱ្យមិនមានផលិតភាពការងារ អាចសាក៥វិធី បូកបញ្ចូលជាទម្លាប់ប្រចាំថ្ងៃដើម្បីហ្វឹកហាត់ខួរក្បាលឱ្យខ្លាំងអាចចងចាំបានល្អ មានសមត្ថភាពធ្វើការបានលឿន។
១. លេងហ្គេម៖ ការពិតការលេងហ្គេមគឺជាវិធីហ្វឹកហាត់ខួរក្បាលបែបបុរាណមួយ ដែលជំរុញឱ្យការគិត ច្នៃប្រឌិតនិងដោះស្រាយបញ្ហា។ ក្នុងនោះការលេងហ្កេមគឺមានជម្រើស ដូចជាលើឧបករណ៍អេឡិចត្រូនិច សម្ភារៈកុមារនិងការលេងជាមួយក្រុមមនុស្សដោយផ្ទាល់។ ដូច្នេះក្នុងករណីនេះ អ្នកអាចហ្វឹកហាត់ខួរក្បាលខ្លួនឯងបានតាមរយៈការលេងហ្គេម លើទូរស័ព្ទដៃជាឧបករណ៍អេឡិចត្រូនិច។
ឧទាហរណ៍អ្នកអាចហ្វឹកហាត់ខួរក្បាលនៅលើ App ដែលមានដូចជាលំហាត់ពង្រឹងភាពរវាសរវៃលើការស្តាប់ ការគិតនិងការសម្រេចចិត្តជាដើម វិធីនេះគឺងាយស្រួលសម្រាប់អ្នកក្នុងការបញ្ចូល ការហ្វឹកហាត់ខួរក្បាល ជាទម្លាប់ប្រចាំថ្ងៃបាន។
២. លំហាត់ដង្ហើម៖ ដង្ហើមជាបងប្អូនបង្កើតរបស់ខួរក្បាល នៅពេលវ័យកាន់តែចាស់ ដំណកដង្ហើមនឹងខ្លីជាងកាលពីនៅក្មេង ព្រោះកាតព្វកិច្ចពេញវ័យកើនឡើង។ ដូច្នេះការធ្វើលំហាត់ប្រាណដង្ហើមដែលជាផ្នែកមួយនៃសមាធិ គឺជាវិធីដ៏មានប្រសិទ្ធភាពមួយ ដែលអាចបង្កើនការចងចាំ និងស្ងប់សម្រាប់ខួរក្បាល។
អ្នកអាចធ្វើលំហាត់ដង្ហើម តាមរយៈការសម្រួលឥរិយាបថរបស់អ្នកមិនថាឈរ អង្គុយឬដេកឱ្យមានភាពធូរស្រាល ដកដង្ហើមតាមសម្រួល ហើយតមកទៀតត្រូវតាមដានខ្យល់ចេញចូលប្រកបដោយសមាធិ ខណៈវិធីនេះមិនពាក់ព័ន្ធនឹងលទ្ធិសាសនានោះទេ វានឹងជួយកាត់បន្ថយភាពតានតឹងក្នុងខួរក្បាល។ ដូច្នេះអ្នកអាចធ្វើបែបនេះពីរបីនាទី ជាទម្លាប់ប្រចាំថ្ងៃ ដើម្បីឱ្យខួរក្បាលរបស់អ្នកខ្លាំងលើជំនាញផ្តោត។
៣. អានឬសរសេរ៖ ការអានគឺជាវិធីដ៏អស្ចារ្យមួយដើម្បីធ្វើលំហាត់ប្រាណខួរក្បាល ឱ្យមុតស្រួចលើជំនាញ ដោះស្រាយបញ្ហា និងជំរុញទិន្នន័យនិងចំណេះដឹងនានាចូលទៅកាន់ធនាគារអង្គចងចាំរបស់អ្នក។
ស្របពេលការមើលបណ្តាញសង្គមមិនអាចឱ្យខួរក្បាលចងចាំបានល្អដូចការអាននោះទេ ព្រោះនៅពេលអ្នកអាន អ្នកត្រូវបានបង្ខំឱ្យស្រមៃតួអក្សរឱ្យចេញជាសាច់រឿងនិងរូបភាពនៅក្នុងខួរក្បាលរបស់អ្នក ដែលនេះជាការជំរុញឱ្យខួរក្បាលមានការច្នៃប្រឌិត។
ដូច្នេះមិនថាជា អត្ថបទខ្លី រឿងប្រលោមលោក ជីវប្រវត្តិបុគ្គល សៀវភៅជួយខ្លួនឯង ឬសៀវភៅវិទ្យាសាស្ត្រនោះទេ ចូរអានជាការហ្វឹកហាត់ខួរក្បាលសម្រាប់ផ្ទុកការចងចាំ ដែលអាចយកប្រើដោះស្រាយបញ្ហាបាននៅពេលណាមួយ។ ដូច្នេះចូរបង្កើតទម្លាប់អានឱ្យយ៉ាងតិចពីរបីទំព័រក្នុងមួយថ្ងៃ រួចសរសេរសង្ខេបយ៉ាងហោចណាស់៣បន្ទាត់ ពីអ្វីដែលអ្នកយល់អំពីការអាននោះខួរក្បាលរបស់អ្នកនឹងគិតលឿនជាងធម្មតា។
៤. រៀនភាសា៖ ភាសាមានតួនាទីសម្រាប់ ប្រាស្រ័យទាក់ទងជាមួយមនុស្សមកពីវប្បធម៌ និងប្រវត្តិផ្សេងៗគ្នា។ ការរៀនភាសាតម្រូវឱ្យអ្នកចងចាំពាក្យ ក្បួនវេយ្យាករណ៍ និងរចនាសម្ព័ន្ធប្រយោគ ខណៈភាសាក៏ជាប្រភេទនៃសិល្បៈដូចជាគំនូរឬតន្រ្តីផងដែរ។
ដូច្នេះការរៀនភាសាគឺជាវិធីដ៏ល្អមួយដែលអ្នកគួរបញ្ចូលក្នុងទម្លាប់ប្រចាំថ្ងៃ ដើម្បីរក្សាខួរក្បាលរបស់អ្នកឱ្យមុតស្រួច មានអារម្មណ៍ស្រស់ស្រាយដូចសិល្បៈនិងមានភាពសកម្មជាប្រចាំ។
៥. ធ្វើចលនា៖ ការធ្វើចលនាមិនសំដៅដល់ការហាត់ប្រាណលើកដុំដែកធ្ងន់ៗ ដើម្បីបានរាងឡូយនោះទេតែជាការបញ្ចេញចលនា កុំឱ្យខួរក្បាលខ្ជិលច្រអូស ធ្វើឱ្យកាយាមិនចង់ធ្វើការ ខួរក្បាលចាំមិនសូវលះ។
ដូច្នេះដើម្បីឱ្យខួរក្បាលមានថាមពលចងចាំ អារម្មណ៍ស្រស់ថ្លា អ្នកអាចធ្វើចលនារាងកាយជាទម្លាប់ប្រចាំថ្ងៃ ដូចជាការដើរច្រើនជំហាននិងរត់តិចៗ ហាត់យូហ្គា ឬការហាត់ប្រាណបែបខ្លាំងៗទេ ឱ្យតែមានចលនានិងអាចបញ្ចេញញើសគឺ សុខភាពខួរក្បាលរបស់អ្នកខ្លាំងហើយ។
ជាការពិតណាស់ខួរក្បាលរបស់មនុស្សគឺអាចសម្របខ្លួនបានមិនគួរឱ្យជឿ។ សកម្មភាពនិងទម្លាប់របស់យើងអាចផ្លាស់ប្តូររចនាសម្ព័ន្ធ និងមុខងារនៃខួរក្បាលរបស់យើង។ បើអ្នកកំពុងអនុវត្តលំហាត់ខួរក្បាលខាងលើនេះ វាមិនត្រឹមតែផ្លាស់ប្តូរសុខភាពថាមពលខួរក្បាលរបស់អ្នកប៉ុណ្ណោះទេ វាថែមទាំងជាការរៀបចំជីវិតឱ្យក្លាយជាបុគ្គលឆ្នើមដូច CEO ដែរ៕
អត្ថបទដោយ៖ ពីង ជូអេង