(កំពត)៖ ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) បានបើកសម្ពោធដាក់ឱ្យដំណើរការ សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (ខេត្តកំពត) ជាសាខាទី២៣ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ដើម្បីនាំយកសេវាហិរញ្ញវត្ថុសម្បូរបែបឱ្យកាន់តែខិតជិតអតិថិជន។
ពិធីសម្ពោធនេះត្រូវបានប្រព្រឹត្តទៅនៅក្រុងកំពត ក្រោមអធិបតីភាពឯកឧត្តម ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងនៃគណៈអភិបាលខេត្តកំពត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត លោក លឹម ភូម៉ារី នាយកសាខាធនាគារជាតិ នៃកម្ពុជា ខេត្តកំពតតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិ នៃកម្ពុជា ឯកឧត្តម ហ្គី អានវ៉ានិថ ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ FTB លោក ឌិត សុចល ប្រធាននាយកប្រតិបត្តិ ធនាគារ FTB ព្រមទាំងវត្តមានរបស់និងក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ បុគ្គលិករបស់ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា និងអតិថិជនជាភ្ញៀវកិត្តិយសជាច្រើន។
សាខាថ្មីនេះ បើកដំណើរចាប់ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ (ម៉ោង ៨ព្រឹក ដល់ម៉ោង ៤រសៀល) និងព្រឹកថ្ងៃសៅរ៍ (ម៉ោង ៨ព្រឹក ដល់ម៉ោង ១១:៣០ព្រឹក) និងមានទីតាំងស្ថិតនៅជិតផ្សារសាមគ្គី លើផ្លូវលេខ៧១២ កែង៧០១ ក្រុងកំពត ខេត្តកំពត។ ជាមួយទីកន្លែងប្រកបដោយផាសុកភាព និងទីធ្លាចំណតធំទូលាយ អតិថិជននឹងទទួលបានសេវាហិរញ្ញវត្ថុសម្បូរបែប រួមមាន សេវាប្រាក់បញ្ញើ សេវាឥណទាន សេវាទូទាត់ផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាធនាគារចល័ត និងអនឡាញ សេវាហិរញ្ញប្បទានពាណិជ្ជកម្ម សេវាបង់ភាគទានជូន ប.ស.ស. សេវាបង់ពន្ធគ្រប់ប្រភេទជូនអគ្គនាយកដ្ឋានពន្ធដារ បង់ពន្ធជូនអគ្គនាយកដ្ឋានពន្ធគយ និងរដ្ឋាករកម្ពុជាជាដើម។
នៅក្នុងពិធីសម្ពោធសាខាខេត្តកំពត របស់ធនាគារ FTB ឯកឧត្ដម ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងនៃនៃគណៈអភិបាលខេត្តកំពត បានលើកឡើងថា៖ “ប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ជាក់ស្តែង ធនាគារ FTB បានបើកសម្ពោធសាខាថ្មីនាព្រឹកនេះ ក៏ដោយសារតែប្រទេសជាតិមានស្ថិរភាពនយោបាយ ក្រោមដំបូលសន្តិភាព និងការដឹកនាំប្រកបដោយគតិបណ្ឌិត និងទស្សនវិស័យវែងឆ្ងាយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។”
លោក លឹម ភូម៉ារី នាយកសាខាធនាគារជាតិ នៃកម្ពុជា ខេត្តកំពតបានថ្លែងថា៖ “ជាច្រើនឆ្នាំមកនេះ វិស័យធនាគារ និងហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណ និងចក្ខុវិស័យវែងឆ្ងាយរបស់លោកជំទាវបណ្ឌិតអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា វិស័យនេះបានដើរតួយ៉ាងសំខាន់ក្នុងការជួយជំរុញ និងទ្រទ្រង់សេដ្ឋកិច្ច និងពាណិជ្ជកម្ម។” លោកបានបន្ថែមទៀតថា៖ “ការបើកសាខាថ្មីរបស់ធនាគារ FTB ក្នុងក្រុងកំពតនាថ្ងៃនេះ នឹងជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការទទួលបាននូវដំណោះស្រាយសេវាហិរញ្ញវត្ថុចាំ បាច់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ និងជួយជំរុញសកម្មភាពអាជីវកម្មរបស់ពួកគាត់ឱ្យកាន់តែរីកចម្រើន និងរុងរឿង។”
ថ្លែងក្នុងពិធីសម្ពោធសាខាខេត្តកំពត ឯកឧត្តម ហ្គី អានវ៉ានិថ ប្រធានក្រុមប្រឹក្សាភិបាលធនាគារ FTB បានបង្ហាញសេចក្ដីសោមនស្សរីករាយក្រៃលែង និងមានប្រសាសន៍ថា៖“ការដាក់ឱ្យដំណើរការសាខាខេត្តកំពត គឺជាការបោះជំហានយ៉ាងរឹងមាំនៅក្នុងទីផ្សារ ដែលធនាគារ FTB មានតួនាទីក្នុងការផ្តល់នូវសេវាហិរញ្ញវត្ថុប្រកបដោយគុណភាព ប្រសិទ្ធភាពខ្ពស់ និងឱ្យកាន់តែខិតជិត អតិថិជន ដើម្បីឱ្យពួកគាត់មានជីវភាព និងអាជីវកម្មកាន់តែរីកចម្រើន។” ឯកឧត្តម បន្តលើកឡើងថា៖ “ក្រុមប្រឹក្សាភិបាល និងគណៈប្រតិបត្តិ នឹងបន្តពង្រឹងអភិបាលកិច្ច និងគុណភាពសេវាកម្មដើម្បីផ្តល់ទំនុកចិត្តមួយកម្រិតបន្ថែមទៀតជូនអតិថិជន និងទីផ្សាររបស់យើង។”
លោក ឌិត សុចល ប្រធាននាយកប្រតិបត្តិ ធនាគារ FTB បានមានប្រសាសន៍ថា៖ “វត្តមានសាខាថ្មីរបស់ធនាគារ FTB នឹងផ្ដល់នូវផលិតផលថ្មី និងល្អប្រសើរជូនដល់អតិថិជន និងជាពិសេសសម្រាប់ទីផ្សារខេត្តកំពត។ គិតត្រឹមខែធ្នូ ឆ្នាំ២០២៤ ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា មានទ្រព្យសកម្មសរុបជាង ២.២ពាន់លានដុល្លារអាមេរិក។ ផ្អែកលើមូលដ្ឋានគ្រឹះ និងប្រវត្តិអាជីវកម្មដ៏រឹងមាំ ធនាគារFTB នឹងបន្តជួយគាំទ្រអតិថិជនឱ្យកាន់តែរីកចម្រើន និងមានវិបុលភាពបន្ថែមទៀត ក្រោមចក្ខុវិស័យរយៈពេលវែងរបស់ខ្លួន ដើម្បីក្លាយជាធនាគារពាណិជ្ជ ដែលទទួលបានការពេញចិត្តជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។”
តាមរយៈពិធីសម្ពោធនេះផងដែរ ធនាគារ FTB ក៏មានជាពិធីកាត់ខ្សែបូ ដើម្បីជាការអបអរសាទរ និងជាសក្ខីភាពក្នុងការដាក់ដំណើរការជាផ្លូវការនូវសាខាក្រុមហ៊ុនក្នុងស្រុក ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (ខេត្តកំពត) ។
សម្រាប់ព័ត៌មានលម្អិតទីតាំង ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា សាខាខេត្តកំពត៖ maps.app.goo.gl/KES4qaawMVZFxBvi9