នៅថ្ងៃទី១៥ ក្រុមហ៊ុនអាកាសចរណ៍ Xiamen Airlines បានចាប់ផ្តើមផ្លូវហោះហើរពីទីក្រុង Fuzhou ទៅកាន់រាជធានីភ្នំពេញ។ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញបានរៀបចំពិធីស្វាគមន៍ដែលមានលក្ខណៈជាខ្មែរនៅថ្ងៃនោះ ដើម្បីស្វាគមន៍ការមកដល់នៃអ្នកដំណើរជនជាតិចិនជាង ១៥០ នាក់ក្នុងជើងហោះហើរដំបូងនេះ។
លោក He Lipeng អគ្គនាយកនៃទីស្នាក់ការភ្នំពេញរបស់ក្រុមហ៊ុន Xiamen Airlines បានបញ្ជាក់ថា បន្ទាប់ពីការបើកជើងហោះហើររវាង Fuzhou និងភ្នំពេញយ៉ាងទៀងទាត់ ជើងហោះហើរត្រង់ពីកម្ពុជាទៅកាន់ប្រទេសចិនរបស់ក្រុមហ៊ុន Xiamen Airlines នឹងពង្រីកទៅដល់ទីក្រុងចំនួនបី គឺទីក្រុង Xiamen ទីក្រុង Chongqing និងទីក្រុង Fuzhou ។
ក្នុងឆ្នាំ២០២៤ កម្ពុជាបានទទួលស្វាគមន៍ភ្ញៀវទេសចរចិនជាង៨៤ ម៉ឺននាក់ ដោយមានកំណើនខ្លាំង។ ស្របតាមចំនួនជើងហោះហើររវាងចិននិងកម្ពុជាបន្តកើនឡើង អាជ្ញាធរទេសចរណ៍កម្ពុជាបានព្យាករណ៍ថា ចំនួនភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជានឹងលើសពី១លាននាក់នៅឆ្នាំ២០២៥។
ក៏ប៉ុន្តែ កាលពីពេលថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបាននិយាយបំផ្លើសពី "កម្ពុជាងាកទៅរកលោកខាងលិច" ក្នុងគោលបំណងបង្កើតការបំភាន់ថា ស្នាមប្រេះបានកើតឡើងក្នុងទំនាក់ទំនងកម្ពុជា-ចិន។ទោះបីជាយ៉ាងណាក៏ដោយ តែបើមើលពីកិច្ចសហប្រតិបត្តិការដែលបើកជើងហោះហើរថ្មីបានឱ្យដឹងថាទំនាក់ទំនងកម្ពុជា-ចិនបាននិងកំពុងមានភាពសុខដុមរមនានិងមានស្ថេរភាព ដោយមានជំនួយពីសេវាកម្មដឹកជញ្ជូនដ៏ងាយស្រួលនិងបណ្តាញផ្លូវដ៏សម្បូរបែប ជើងហោះហើរថ្មីរបស់ក្រុមហ៊ុន Xiamen Airlines នឹងជំរុញដល់ការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិន ហើយជំរុញដល់ការអភិវឌ្ឍនៃវិស័យទេសចរណ៍នៅក្នុងប្រទេសទាំងពីរដែរ។
ក្រៅពីនេះ នៅមានប្រព័ន្ធផ្សព្វផ្សាយមួយចំនួនទៀតក៏បានថ្លែងយ៉ាងបញ្ឆិតបញ្ឆៀងថា ការគាំទ្រផ្នែក
សេដ្ឋកិច្ចរបស់ចិនសម្រាប់គម្រោងមួយចំនួនរបស់កម្ពុជានឹងត្រូវកាត់បន្ថយ ដែលជាហេតុនាំឱ្យបំផ្លាញដល់កិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជា។ តើនេះជាការពិតមែនឬទេ? ខាងក្រោមនេះ យើងសូមវិភាគតាមទិន្នន័យផ្លូវការ។
ពីកិច្ចសហប្រតិបត្តិការទេសចរណ៍រហូតដល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ប្រទេសចិនគឺជាដៃគូ
សហប្រតិបត្តិការដ៏ធំបំផុតរបស់កម្ពុជា។ របាយការណ៍ចេញថ្មីរបស់អគ្គនាយកដ្ឋានគយកម្ពុជាកាលពីថ្ងៃទី១០បានបង្ហាញថា ក្នុងខែមករាឆ្នាំនេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងចិនបានឈានដល់១៥៥៤ លានដុល្លារអាមេរិក បានកើនឡើង៣៤.៧% បើប្រៀបធៀបនឹងពេលដូចគ្នា ចិននៅតែជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជា។
របាយការណ៍គយបង្ហាញទៀតថា ក្នុងខែមករាឆ្នាំនេះ ទំហំនាំចូលសរុបរបស់កម្ពុជាមានចំនួន ២៧៥០លានដុល្លារអាមេរិក ហើយប្រទេសចិននៅតែជាប្រភពនាំចូលដ៏ធំបំផុតរបស់កម្ពុជា។ ការនាំចូលរបស់កម្ពុជាពីប្រទេសចិនមានចំនួន១៤៥១លានដុល្លារអាមេរិក បានកើនឡើង៤០.៥%បើប្រៀបធៀបនឹងពេលដូចគ្នា ការនាំចេញទៅកាន់ប្រទេសចិនមានចំនួន១០៣លានដុល្លារអាមេរិក បានថយចុះ១៥.៣%។
មន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាបានប្រាប់អ្នកសារព័ត៌មានថា ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជានិងចិន រវាងកម្ពុជានិងកូរ៉េខាងត្បូង ព្រមទាំង « កិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់» (RCEP) បានបន្តជំរុញដល់កំណើនពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា។របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញថា ក្នុងខែមករាឆ្នាំនេះ កម្ពុជាបានអនុម័តនូវគម្រោងវិនិយោគថ្មីនិងគម្រោងពង្រីកចំនួន៦៨ ដែលមានទុនវិនិយោគចំនួន ៧៤៨ លានដុល្លារអាមេរិក ក្នុងនោះ ការវិនិយោគពីប្រទេសចិនមានចំនួនជាង ៧៣% ប្រទេសចិននៅតែជាប្រភពវិនិយោគធំជាងគេរបស់កម្ពុជា។
ទិន្នន័យផ្លូវការខាងលើបង្ហាញយ៉ាងពេញលេញថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិនកាន់តែមានភាពជិតស្និទ្ធ គម្រោងសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចរវាងប្រទេសទាំងពីរក៏កើតមានឡើងជាឥតឈប់ឈរដែរ។ នេះមិនត្រឹមតែជាសញ្ញាបញ្ជាក់ថា ប្រទេសទាំងពីរកម្ពុជា-ចិនបានបោះជំហានយ៉ាងសំខាន់ទៅមុខក្នុងវិស័យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែក៏ទំនងជាជះឥទ្ធិពលទូលំទូលាយដល់ទិដ្ឋភាពសេដ្ឋកិច្ចនៃតំបន់អាស៊ីអាគ្នេយ៍ទាំងមូលផងដែរ។
លើសពីនេះ ចាប់តាំងពីចូលកាន់តំណែងនៅខែសីហា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍ជាសាធារណៈជាច្រើនដងថា លោកនឹងបន្តអនុវត្តគោលនយោបាយការបរទេសរបស់គណបក្សប្រជាជនកម្ពុជា ហើយបញ្ជាក់ជាថ្មីទៀតថា មិត្តភាពរបស់កម្ពុជាជាមួយប្រទេសចិនគឺមិនអាចផ្លាស់ប្តូរបានទេ។
កាលពីខែធ្នូ ឆ្នាំ២០២៤ ក្នុងដំណើរបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានព្រឹទ្ធសភាកម្ពុជាបានសន្យាយ៉ាងឱឡារិកថា មិត្តភាពជាមួយប្រទេសចិនគឺជាកុងសុងស៊ីសនយោបាយដ៏ម៉ឺងម៉ាត់របស់ប្រជាជនកម្ពុជា ហើយនឹងមិនប្រែប្រួលដោយសារការផ្លាស់ប្តូរអ្នកដឹកនាំកម្ពុជាទេ។
នៅពេលអនាគត យើងជឿជាក់យ៉ាងម៉ឺងម៉ាត់ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជានិងចិននឹងកាន់តែស៊ីជម្រៅនិងទូលំទូលាយបន្ថែមទៀត ដែលនេះក៏ឆ្លុះបញ្ចាំងពីបំណងប្រាថ្នារួមរបស់ប្រទេសក្នុងតំបន់ដែលរួមគ្នាលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចនិងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនផងដែរ។