ក្នុងឱកាសបុណ្យដាក់បិណ្ឌនិងភ្ជុំបិណ្ឌចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ រដ្ឋបាលរាជធានីភ្នំពេញនឹងដំណើរការរថយន្តក្រុងជិះឥតគិតថ្លៃ សម្រាប់ពលរដ្ឋធ្វើដំណើរទៅលេងស្រុកកំណើតតាមបណ្តាខេត្ត និងតាមបណ្តាខេត្តត្រឡប់មករាជធានីភ្នំពេញវិញ។
តាមលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថាដើម្បីជួយសម្រួលដល់ការចំណាយប្រាក់របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសកម្មករ-និយោជិត ដែលទៅលេងស្រុកកំណើតជួបជុំគ្រួសារ រដ្ឋបាលនឹងប្រើប្រាស់រថយន្តក្រុងរបស់រដ្ឋ (City Bus) ចំនួន៦៥៣គ្រឿងដើម្បីបម្រើសេវាជូន ព្រមទាំងមានទឹកទទួលទានដោយឥតគិតថ្លៃផងដែរ។
ក្នុងនោះរថយន្ត១០០គ្រឿងសម្រាប់តម្រាយផ្លូវរត់ក្នុងរាជធានីភ្នំពេញ និងចំនួន៤៩៧គ្រឿងទៀត សម្រាប់ដឹកជញ្ជូនពលរដ្ឋទៅតាមគោលដៅខេត្ត និងតាមវេលាម៉ោង ដូចមានចែងក្នុងលិខិតខាងក្រោមនេះ៖
គួរជម្រាបផងដែរថាឆ្លៀតក្នុងឱកាសបុណ្យភ្ជុំទាននេះ រដ្ឋបាលរាជធានីភ្នំពេញសូមអំពាវនាវឱ្យម្ចាស់រថយន្តដឹកជញ្ជូនអ្នកដំណើរឯកជនទាំងអស់ សូមមេត្តារក្សាតម្លៃឱ្យនៅដដែលកុំតំឡើងថ្លៃ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការជួយសម្រួលនិងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ៕
អត្ថបទដោយ៖ ពីង ជូអេង