ការគិតបង្កើតឱ្យចេញជាសកម្មភាព ហើយសកម្មភាពដដែលៗបង្កើតបានជាទម្លាប់ បន្ទាប់មកទម្លាប់ដដែលៗបង្កើតបានជាអត្តចរិត។ អត្តចរិតល្អបង្កឱ្យជីវិតរីកចម្រើន ប៉ុន្តែអត្តចរិតមិនល្អបង្កឱ្យជីវិតមិនរីកចម្រើនទៅមុខ ហើយពេលខ្លះធ្វើឱ្យជីវិតអត្តរាយផងក៏មាន។ ខាងក្រោមនេះគឺជាអត្តចរិតរបស់មនុស្ស ៤ប្រភេទ ដែលទោះបីជាពួកគេទៅដល់ទីណាក៏មិនអាចទទួលជោគជ័យនៅក្នុងកន្លែងធ្វើការងារនោះដែរ។
ពាក្យចាស់តែងតែនិយាយថា ត្រីកំភ្លាញ តែងតែស្លាប់ដោយសារមាត់ ឬនិយាយមួយបែបទៀតគឺអណ្ដាតជាអាទិ៍កន្លង បានសុខទុក្ខផងក៏ព្រោះអណ្ដាត។ ពាក្យសម្ដីមនុស្សពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជួយឱ្យជីវិតមនុស្សរីកចម្រើន ឬក៏អន្តរាយ។ មនុស្សដែលចូលចិត្តនិយាយពីចំនុចមិនល្អរបស់មិត្តរួមការងារ ឬនិយាយដើមមេ មិនយូរនោះទេ គេនឹងទទួលរងនូវការស្អប់ពីមនុស្សជុំវិញខ្លួន។ នៅពេលដែលមនុស្សនិយាយដើមគេយូរៗវានឹងបង្កទៅជាជម្លោះ ហើយវានឹងធ្វើឱ្យប៉ះពាល់ដល់ការងាររបស់គេផងដែរ។
២. ត្អូញត្អែច្រើន
មនុស្សដែលគ្មានភាពអត់ធ្មត់ខ្ពស់ និងចូលចិត្តនិយាយត្អូញត្អែរច្រើននោះ ជីវិត និងការងាររបស់ពួកគេនឹងមិនរីកចម្រើននោះទេ។ ប្រសិនបើគ្រាន់តែដាក់ការងារដ៏តូចណាមួយឱ្យធ្វើ ហើយមិនទាន់ទាំងបានធ្វើអ្វីផងចាប់ផ្ដើមរអ៊ូត្អូញត្អែរហើយនោះ គ្មាននរណាម្នាក់ហ៊ានដាក់ការងារធំឱ្យធ្វើនោះទេ។ ដូចនេះហើយគេនឹងនៅតែជាកូនចៅរបស់គេរហូតតទៅ។
៣. មិនរៀនសូត្រអ្វីដែលថ្មីៗ
ប្រសិនបើបុគ្គលម្នាក់មិនបន្តការរៀនសូត្រអ្វីដែលថ្មីៗជាប្រចាំទេនោះ នៅពេលមួយគេនឹងក្លាយជាមនុស្សដែលហួសសម័យ ហើយបុគ្គលម្នាក់នោះនឹងត្រូវគេបំភ្លេចចោល។ ចំណេះដឹងដែលគេមានថ្ងៃនេះ ប្រហែលជាមិនអាចប្រើបាននៅថ្ងៃស្អែកនោះទេ ព្រោះចំណេះដឹងថ្ងៃនេះ វាអាចនឹងហួសសម័យនៅថ្ងៃស្អែក។ ហេតុដូចនេះហើយបានជាមនុស្សត្រូវតែបន្តការរៀនសូត្រជាប្រចាំ។
៤. ខ្ជិលច្រអូស
ប្រសិនបើអ្នកយកភាពខ្ជិលច្រអូសដាក់មុខ និងមិនខិតខំប្រឹងប្រែងធ្វើការងារឱ្យអស់ពីសមត្ថភាព និងចូលចិត្តពន្យាពេលនោះ គឺអ្នកក៏នឹងមិនអាចបង្កើតនូវសមិទ្ធផលអ្វីធំដុំនៅកន្លែងធ្វើការងារដែរ។ អ្នកត្រូវខិតខំបំពេញការងារឱ្យអស់ពីសមត្ថភាព និងត្រូវមើលលទ្ធផលជាជាងមើលលើម៉ោងធ្វើការ នោះទើបជាកត្តាដែលអាចជួយជំរុញឱ្យអ្នកកាន់តែជោគជ័យក្នុងអាជីពការងារ។
ជារួមមកវិញ ប្រសិនបើអ្នកចង់ក្លាយជាមនុស្សដែលមានភាពរីកចម្រើន ទទួលបានការគោរពស្រលាញ់ពីមិត្តរួមការងារ អ្នកត្រូវតែទម្លាក់ចោលនូវចំណុចអវិជ្ជមានទាំង៣ខាងលើឱយអស់ ហើយត្រូវខិតខំព្យាយាមសិក្សារៀនសូត្រអ្វីដែលថ្មីៗ និងរៀនពីវិធីទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនដោយការគោរពស្រលាញ់៕
អត្ថបទដោយ៖ ឡុង វឌ្ឍនៈ (ប្រធាននិពន្ធផ្នែកដឹកនាំ)
តេឡេក្រាម៖ 0963517713