មហាសេដ្ឋីទ្រព្យ៦ពាន់លា.ន$ ប្រាប់អាថ៌កំបាំង៤ អ្នកមានចូលចិត្តធ្វើ ខណៈអ្នកក្រតែងមើលរំលង
Toeuy HongJULY 4 20241.3 K views

មនុស្សភាគច្រើនសុទ្ធតែដឹងថាដើម្បីក្លាយជាអ្នកមាន និងមានជីវភាពធូរធារ គេត្រូវខិតខំបង្កើតប្រាក់ចំណូលឱ្យបានច្រើន។ ប៉ុន្តែជាក់ស្ដែងវាមានអាថ៌កំបាំងនៅពីក្រោយនោះបន្ថែមទៀត ដែលអ្នកមានភាគច្រើនសុទ្ធតែបានដឹង ឯអ្នកក្រវិញតែងតែមើលរំលង។

បើតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC មហាសេដ្ឋីអចលនទ្រព្យ លោក Grant Cardone បានបង្ហើបអំពី ច្បាប់លុយសម្ងាត់ចំនួន៤ ដែលអាចផ្លាសប្ដូរគាត់ពីមនុស្សធម្មតាឱ្យក្លាយជាមហាសេដ្ឋីទ្រព្យ ៥ពាន់លានដុល្លារ។ ច្បាប់លុយសម្ងាត់ទាំងនោះរួមមាន៖

១​. ចង់ទិញទ្រព្យធំ ត្រូវសន្សំឱ្យបាន​ ២ដងនៃតម្លៃវាសិន

ជាធម្មតាមនុស្សយើងត្រូវការទិញរបស់ខ្លះ ដើម្បីឱ្យជារង្វាន់ដល់ខ្លួនឯង ដែលខំធ្វើការរកលុយរាល់ថ្ងៃ។ ចំពោះលោក Cardone ក៏ដូចគ្នា ប៉ុន្តែគាត់លើកឡើងថា ដើម្បីទិញរបស់ថ្លៃៗឱ្យខ្លួនឯង រាប់បញ្ចូលទាំង នាឡិកាដៃ ផ្ទះ ឡាន អ្វីអស់ហ្នឹង ខ្ញុំត្រូវសន្សំលុយឱ្យបាន ២ដងនៃតម្លៃរបស់វាសិន។ ការធ្វើបែបនេះ អាចធានាបានថាគាត់មិនចាយលុយលើសលើអ្វីមួយ ហើយវាក៏ផ្ដល់ពេលឱ្យគាត់បានគិតពិចារណាថា តើគាត់ពិតជាត្រូវការវាដែរទេ?

២. កុំទិញអ្វីដែលអ្នកអាចជួលបាន

ស្របពេលដែលលោក Cardone ខំរកប្រាក់ដើម្បីកសាងទ្រព្យសម្បត្តិ​ គាត់តាំងចិត្តថានឹងចំណាយលុយតែលើរបស់ណាដែលអាចទាញចំណូលឱ្យបាន ដូចជាអលនទ្រព្យជាដើម។ គាត់មិនចាយលុយលើរបស់ណាដែលអាចជួលបានឡើយ ដូចជាបង់រំលោះផ្ទះ ឬឡានជាដើម ព្រោះការធ្វើជាម្ចាស់កម្មសិទ្ធលើរបស់ទាំងអស់នោះ គឺតម្រូវឱ្យគាត់ត្រូវចំណាយលុយច្រើន ទាំងលើការបង់ប្រចាំខែ បង់ពន្ធ និងថ្លៃសេវាជួសជុល​ថែទាំជាដើម។

៣. កុំចាយលុយផ្គាប់ភ្នែកសង្គម

បុរសម្នាក់នេះបានកំណត់គោលដៅថា ត្រូវសាងទ្រព្យសម្បត្តិសម្រាប់កូនចៅជំនាន់ក្រោយ ដូច្នេះការគិតរកវិធីបង្កើនលុយគឺសំខាន់ជាង ការអង្គុយគិតថាគួរទិញអ្វីដែលទើបចេញថ្មី។ ហេតុនេះហើយទោះបីជាគាត់មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការចំណាយលើរបស់ល្អប៉ុនណាឡើយ ក៏គាត់នៅតែជ្រើសរើសការសន្សំសំចៃ ចាយតែលើអ្វីដែលបង្កើនទ្រព្យ មិនចាយដើម្បីផ្គាប់ភ្នែកមិត្តភក្តិនោះទេ។

៤. ចាយតែចំណូលអកម្ម

លោក Cardone បានបញ្ជាក់ថា ប្រសិនបើគាត់អាចរកចំណូលបាន​ ១០ម៉ឺនដុល្លារក្នុងមួយឆ្នាំពីការងារពេញម៉ោង និង ២ម៉ឺនដុល្លារពីចំណូលអកម្ម គាត់នឹងដកមកចាយតែ ២ម៉ឺនដុល្លារដែលបានពីចំណូលអកម្មមកចាយតែប៉ុណ្ណោះ លុយដែលបានពីការងារត្រូវទម្លាក់ចូលទៅក្នុងការវិនិយោគដើម្បីបង្កើនចំណូលអកម្មបន្ថែមទៀត។  

មហាសេដ្ឋីរូបនេះបានគូសបញ្ជាក់ផងដែរថា ច្បាប់ទាំងអស់នេះទាមទារឱ្យមានវិន័យច្រើនណាស់ ម្ដងម្កាលខ្ញុំក៏ឆ្ងល់ថាហេតុអ្វីបានខ្ញុំខំធ្វើការខ្លាំង បែរជាមិនអាចចាយលុយដែលរកមកបានដោយសេរីទៅវិញ។ ប៉ុន្តែជាលទ្ធផលជាក់ស្ដែង ដោយសារតែគោរពតាមច្បាប់ទាំងនេះរស់រយៈពេលជាង២០ឆ្នាំ គាត់អាចឆ្លងផុតវិបត្តិសេដ្ឋកិច្ចធំៗ និងជំងឺរាតត្បាតសកល ហើយអាចរក្សាទ្រព្យសម្បត្តិឱ្យនៅឈរក្នុងលំដាប់មហាសេដ្ឋីពិភពលោកបានយ៉ាងល្អ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia