ខេត្ដ ៤ នេះអាចនឹងទទួលបានគម្រោងថ្មីៗច្រើន ខណៈរដ្ឋបានដាក់ចេញកម្មវិធីជំរុញការវិនិយោគ
Bunthoeun KoemAPRIL 9 2025217 views

ខេត្ដក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្ដរតនៈគិរី អាចនឹងទទួលបានគម្រោងវិនិយោគថ្មីៗកាន់តែច្រើន ខណៈរាជរដ្ឋាភិបាលទើបនឹងបានដាក់កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន២០២៥-២០២៨ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥នេះ។

 

490431798 668702165962288 5434596904287761865 N

 

ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការកម្មវិធីខាងលើ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ​បានបញ្ជាក់ថា​ ការប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តនូវកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន គឺដាក់ទិសដៅអាទិភាព ដើម្បីទាក់ទាញវិនិយោគឯកជន ឆ្ពោះទៅទិសឦសាន ដែលត្រូវមានលក្ខណៈជាយុទ្ធសាស្ត្រ, ពោលគឺត្រូវកំណត់នូវលក្ខខណ្ឌ និងវិធានការលើកទឹកចិត្ត ដែលអាចឈានទៅពង្រីកមូលដ្ឋានសេដ្ឋកិច្ច ដែលមានស្រាប់ ក្នុងខេត្តនីមួយៗផង, ជំរុញឲ្យមានការតភ្ជាប់ខ្សែច្រវ៉ាក់ផលិតកម្ម ពីខេត្តមួយទៅខេត្ត មួយផង, និង អភិវឌ្ឍន៍វិស័យគន្លឹះ និងប្រភពថ្មីនៃកំណើនសេដ្ឋកិច្ចជាតិទាំងមូលផង, ស្របតាមបំណងប្រាថ្នា របស់រាជរដ្ឋាភិបាល ដូចត្រូវបានចង្អុលបង្ហាញក្នុង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។

 

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបន្ថែមថាដើម្បីលើកទឹកចិត្តដល់ការវិនិយោគ ក្រោម «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន» នេះ, រាជរដ្ឋាភិបាល នឹងផ្តល់ការគាំទ្រ តាមរយៈវិធានការសំខាន់ៗ ចំនួន ៣ ប្រភេទ, ក្នុងនោះ រួមមាន៖ ទី១). វិធានការផ្នែកពន្ធដារ និង ពន្ធគយ, ទី២). ការផ្តល់ហិរញ្ញប្បទាន ក្រោមអត្រា ការប្រាក់សមរម្យ, និង ទី៣). ការជួយកាត់បន្ថយថ្លៃដើមផលិតកម្ម, ការសម្រួល នីតិវិធី និង ការគាំទ្រសកម្មភាពវិនិយោគឯកជន។

 

សូមជម្រាបជូនថា ខេត្តទាំងបួននៅភូមិភាគឦសាន បានផ្តល់អំណោយផល ដល់វិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និង ទេសចរណ៍ ។ ដំណាំកសិកម្ម និង កសិ-ឧស្សាហកម្ម ក្នុងខេត្តទាំងបួន រួមមាន៖ កៅស៊ូ, ស្វាយចន្ទី, ដំឡូងមី, ម្រេច និង ចេកអំបូងលឿង ជាដើម, សុទ្ធសឹងជាកសិផលយុទ្ធសាស្ត្រ ប្រកបដោយសក្តានុពល, ទាំងសម្រាប់ទីផ្សារខាងក្រៅ និង ទីផ្សារក្នុងស្រុក ។

 

ជាក់ស្តែង ក្នុងឆ្នាំ ២០២៤, បរិមាណផលនៃប្រភេទដំណាំទាំងនេះ ក្នុងខេត្តទាំងបួន មានទំហំប្រមាណ ២០ ទៅ ៦០ ភាគរយ នៃបរិមាណផលសរុបទូទាំងប្រទេស។ តួលេខនេះ សបញ្ជាក់ច្បាស់ពីផលិតភាព និង ភាពអំណោយផលខ្ពស់ នៃស្ថានភាពដី, កត្តាភូមិសាស្ត្រ និង អាកាសធាតុ ក្នុងតំបន់ភូមិភាគឦសាន ចំពោះដំណាំទាំងអស់នេះ ។

 

ជាមួយគ្នានេះ ភាពសម្បូរបែប នៃសម្បត្តិធម្មជាតិ រួមមាន៖ អាកាសធាតុត្រជាក់, ខ្យល់បរិសុទ្ធ, ធនធានធម្មជាតិចម្រុះ, ព្រៃឈើ និង ដែនជម្រកសត្វព្រៃ ជាដើម បានធ្វើឱ្យខេត្តទាំងបួន ក្លាយជាតំបន់ដែល មានសក្តានុពលទេសចរណ៍ធម្មជាតិ និង អេកូទេសចរណ៍, ជាពិសេស ទេសចរណ៍ អត្តសញ្ញាណពិសេស (Unique Identity Tourism) ដែលសំដៅលើផលិតផល ទេសចរណ៍វប្បធម៌, ធម្មជាតិ និង ប្រវត្តិសាស្ត្រ ដែលមានលក្ខណៈពិសេសដោយឡែក សម្រាប់ខេត្ត និង តំបន់ភូមិភាគឦសាននៃប្រទេស តែប៉ុណ្ណោះ។

 

សូមបញ្ជាក់ជូនថា «កម្មវិធីពិសេសជំរុញ ការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាននៃ ព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨» ធ្វើឡើងតាម យុទ្ធសាស្ត្របញ្ចកោណ- ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា, ក្រោមការដឹកនាំរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បី កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និង ចីរភាព ដោយ កំណត់យកនូវ អាទិភាពគន្លឹះ ចំនួន ៥ គឺ៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និង បច្ចេកវិទ្យា, ជាពិសេស បច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់ផលិតភាពសេដ្ឋកិច្ចជាតិ និង ជំរុញបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និង សង្គមកម្ពុជា ដែលជាគ្រឹះ និងជាមធ្យោបាយដ៏សំខាន់ក្នុងការសម្រេចបាន នូវ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ។

 

ក្នុងនោះ បញ្ចកោណទី ២ បានគូសរំលេចពីសារៈសំខាន់នៃ «ការធ្វើពិពិធកម្មសេដ្ឋកិច្ច និង ការបង្កើនភាពប្រកួតប្រជែង», ហើយ មុំទី ១ បានផ្តោតការយកចិត្តទុកដាក់លើ «ការអភិវឌ្ឍវិស័យគន្លឹះ និង ប្រភពថ្មីនៃកំណើនសេដ្ឋកិច្ច» ដែលជាមូលដ្ឋានយុទ្ធសាស្ត្រ សម្រាប់ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃ ព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨», ដែលហៅកាត់ថា «កម្មវិធីពិសេស» ៕ 

 

E F3629 Ab a C35 46 Ee 829 B 2 D A8539

456484569 902334471918447 3832706968087159343 N 1024x768

456849902 828648215915920 718644218021680706 N 1024x576 (1)

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia