អ្នកណាៗក៏ដឹងថា ជនជាតិចិនគឺប៉ុនប្រសព្វមែនទែន ក្នុងការទុកដាក់លុយកាក់ណាស់ ពិសេសគឺការរកស៊ីនេះតែម្ដង ។ ជាជនជាតិចិនពូកែសន្សំសំចៃ ធ្វើជំនួញ និងប្រើក្បួនយុទ្ធសាស្រ្ត ព្រមទាំងប្រើប្រាស់ហុងស៊ុយសម្រាប់ធ្វើអាជីវកម្មយ៉ាងជោគជ័យ។ ទោះបីជា ជនជាតិនេះមិនពូកែរកស៊ីជាងគេលើលោកក៏ដោយ តែគំនិតនិងក្បួនរកស៊ីរបស់ពួកគេមិនចាញ់ជាតិសាសន៍ដទៃនោះទេ ហើយក្បួនទាំងនេះបានផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់អ្នករកស៊ី ជំនាន់ថ្មី។
ថ្ងៃនេះចាបក្រហម នឹងលើកយកក្បួនរកស៊ី ៤យ៉ាង ដែលជនជាតិចិនបង្រៀនតកូនតចៅ ឲ្យក្លាយជាអ្នកមាន មិនត្រឹមតែប៉ុណ្ណោះគឺអារកស៊ីតកូនតចៅតែម្ដង៖
១. ចេះដួល ចេះក្រោក
បើទោះបីជាជនជាតិចិនមានការតាំងចិត្តយ៉ាងមុតមាំយ៉ាងណាក៏ដោយ តែរឿងតែមួយគត់ដែលពួកគេតែងតែប្រកាន់ភ្ចាប់ជានិច្ចនោះ គឺការទទួលស្គាល់ភាពបរាជ័យ។ ពោលគឺមិនភ្លេចខ្លួនពេលទទួលបានជោគជ័យខ្លាំង ហើយក៏មិនដែលបោះបង់ពេលជួបបរាជ័យ ផងដែរ។
២. រៀនសូត្រឲ្យបានច្រើន
ក្មេងនៅក្នុងប្រទេសចិនភាគច្រើនត្រូវបានបញ្ជូនឲ្យចូលសាលាចិនតាំងតែពីក្មេងរហូតដល់ថ្នាក់បឋម ហើយធ្វើការផ្លាស់ប្តូរសាលាពេលគេរៀនថ្នាក់មធ្យមសិក្សា និងថ្នាក់ឧត្តមសិក្សា ព្រមទាំងបញ្ជូនពួកគេឲ្យទៅរៀននៅក្រៅប្រទេសជាដើម។ ធ្វើបែបនេះ ជនជាតិចិនយល់ឃើញថាកូនៗរបស់ពួកគេ នឹងមានជំនឿចិត្តខ្ពស់ក្នុងការប្រាស្រ័យទាក់ទង់ជាមួយមនុស្សជុំវិញខ្លួន ព្រោះថានៅពេលផ្លាស់ប្តូរសាលាម្តងៗពួកគេនឹងបានជួបមនុស្សថ្មីៗជានិច្ច។
៣. សន្សំលុយបន្តិចៗម្តង ចាំបណ្តាក់ទុនតាមក្រោយ
ប្រជាជនចិនភាគច្រើន ពួកគេព្យាយាមហាមចិត្តខ្លួនឯង ខំសន្សំលុយឱ្យបានច្រើន ទើបបណ្តាក់ទុនធ្វើអ្វីមួយ ហើយបើចង់រកស៊ីពួកគេមានលុយនៅក្នុងដៃល្មម។ ជាពិសេស ការមានលុយដើម្បីចាប់ផ្តើមរកស៊ីដោយខ្លួនឯងវាមិនសូវមានហានិភ័យខ្ពស់ពេលជួបបរាជ័យ ដូចការខ្ចីលុយអ្នកដទៃដើម្បីមករកស៊ីឡើយ។
៤. មិនមើលងាយលុយ សូម្បី១កាក់មួយសែន
បើជនជាតិចិន ជាអ្នកមានស្តុកស្តម្ភបានឃើញលុយមួយរៀលជ្រុះនៅលើឥដ្ឋ គេនឹងរើសយកមកទុកជាក់ជាមិនខាន ហើយប្រសិនបើកូនរបស់គេធ្វើឲ្យជ្រុះបាយមួយគ្រាប់នៅលើកម្រាល គេនឹងឲ្យកូនរបស់គេរើសយកមកញ៉ាំវិញភ្លាម ធ្វើបែបនេះមិនមែនព្រោះតែកំណាញ់ហួសហេតុនោះទេ តែគេមិនចង់ឲ្យកូនរបស់គេមើលងាយលុយមួយកាក់មួយសែនឡើយ។ ក៏ប៉ុន្តែ គេក៏មិនបានបង្រៀនកូនរបស់ពួកគេឲ្យមើលតែលុយតែមួយមុខនោះដែរ ៕