ឆ្លៀតពីការបង្រៀននិស្សិតជំនាញកែច្នៃអាហារនៅសកលវិទ្យាល័យជាតិបាត់ដំបងនឹងជាអ្នកស្រាវជ្រាវលើជំនាញកែច្នៃអាហារស្រាប់ លោកលីម សីហា បានចាយទុនជាង២ពាន់ដុល្លារ ដើម្បីផលិតគ្រឿងទេសចេញជាភេសជ្ជៈជួយទៅដល់សុខភាពមនុស្ស និងត្រៀមវាយលុកទីផ្សារនិងចង់ទៅដាក់លក់ក្នុងម៉ាតធំៗនៅក្រុងភ្នំពេញនិងបណ្តាខេត្តមួយចំនួនហើយ។
ថ្លែងក្នុងបទសម្ភាសន៍ជាមួយ Business Cambodia លោកលីម សីហា ជាសហស្ថាបនិក Thupbo Agrifood បាននិយាយថា បច្ចុប្បន្ននេះគឺលោកមានលក់ផលិតផលដូចជាម្រេចខ្ចីសម្ងួត ម្សៅភេសជ្ជៈខ្ញី ម្សៅភេសជ្ជៈរមៀត ម្សៅខ្ញីនិងម្សៅរមៀត ម្សៅខ្ញី និងម្សៅរមៀត ពោលផលិតផលទាំងនេះសុទ្ធតែជួយទៅដល់សុខភាពមនុស្សផងដែរ។
ក្រឡេកមកមើលការចាប់ផ្តើមអាជីវកម្មនេះបន្តិច លោកសីហា បានបង្ហើបថា របរនេះគឺលោកចំណាយដើមទុនប្រមាណជាង២ពាន់ដុល្លារ ដោយលោកបានធ្វើការស្រាវជ្រាវបន្ថែមតាំងពីឆ្នាំមុនមកម្លេះ ហើយពេលនេះលោកទើបតែបានសាកល្បងវាយលុកទីផ្សារចូលប្រហែល ៤ខែ ៥ខែ ប៉ុណ្ណោះ តែបើគិតចំពោះការលក់ដាច់ខ្លាំងជាងគេនោះគឺនៅខេត្តសៀមរាប ព្រោះតែផលិតផលនេះពេញនិយមខ្លាំងមែនទែនសម្រាប់ជនបរទេស។
ចំពោះម្រេចខ្ចី ត្រូវបានយកមកពីលើភ្នំគូលែន ក្នុងខេត្តសៀមរាប ដាំដុះដោយសមាគមកសិករ ដែលទទួលផលពីគម្រោងរបស់អង្គការអាហ្គ្រីស៊ុត ចំពោះម្រេចនេះវិញមិនមែនលោកចេះតែផលិតឡើយ ពោលគឺមានអត្ថប្រយោជន៍ដូចជា៖ ម្រេចខ្ចី គឺជាជម្រើសដ៏សាកសមសម្រាប់អ្នកមិនចូលចិត្តម្ទេស ម្រេចខ្ចី ផ្ទុកនូវសារធាតុសូដ្យូមក្នុងកម្រិតមធ្យម ដែលល្អសម្រាប់ប្រព័ន្ធរបត់ឈាម ម្រេចខ្ចី ផ្ទុកដោយសារធាតុ ផាយផឺរីន (Piperine) ដែលបង្កើនសមត្ថភាពរំលាយអាហាររបស់ក្រពះ សំបូរទៅដោយវីតាមីន C និង A ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយកាត់បន្ថយរ៉ាឌីកាល់សេរី ជួយអោយកោសិកាមានសុខភាពល្អ និងធ្វើអោយក្មេងជាងវ័យ សំបូរដោយសារធាតុសរសៃ ជួយគ្រប់គ្រង និងរក្សាតុល្យភាបទម្ងន់នៃរាងកាយរបស់អ្នកបានល្អ។
សូមជម្រាបថា សូមបងប្អូនទាំងអស់គ្នាកុំភ្លេចចូលរួមគាំទ្រផលិតផលខ្មែរ ជាពិសេសនោះផលិតផលដែលមានលក់ចេញពីក្រុមហ៊ុន Thupbo Agrifood ម្រេចខ្ចីសម្ងួត ម្សៅភេសជ្ជៈខ្ញី ម្សៅភេសជ្ជៈរមៀត ម្សៅខ្ញីនិងម្សៅរមៀត ម្សៅខ្ញី និងម្សៅរមៀត គឺសុទ្ធសឹងតែជួនទៅដល់សុខភាព។ ដូច្នេះលោក លោកស្រីអាចធ្វើការកម្មង់ទិញតាមរយៈលេខ៖ ០៨៦ ៧៧៧ ០០៥៕
អត្ថបទ៖ ធី ស្រីល័ក្ខ