ជិះទៅណាក៏ឃើញ!! ស្ថានីយ៍ប្រេងឥន្ធនៈយីហោ Tela ដុះស្ទើរគ្រប់កន្លុកកន្លៀតរះព្រៀតពេញស្រុកខ្មែរ ក្រោយឈរជើងរកស៊ីរឹងមាំអស់រយៈពេល២៥ឆ្នាំ ដាំកេរ្តិ៍ឈ្មោះ និងទំនុកចិត្តពីអតិថិជនគ្រប់ស្រទាប់មជ្ឈដ្ឋាន។ ចុះតើនរណាជាមេធំកាច់ចង្កូតនាវាជំនួញមួយនេះ?
ក្រុមហ៊ុន កម្ពុជា តេលា ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៩៣ ជាក្រុមហ៊ុនអាហរ័ណនីហរ័ណ ដែលមានឈ្មោះថា កាឌីម៉ិច (Kadimex) ស្ថិតក្រោមការដឹកនាំដ៏រឹងមាំរបស់លោកឧកញ៉ា ឈុន អូន ជាស្ថាបនិក និងជាប្រធាននាយកប្រតិបត្តិ។ ពីរឆ្នាំក្រោយមកក្រុមហ៊ុននេះបានសម្រេចប្តូរឈ្មោះទៅជាក្រុមហ៊ុន កម្ពុជា តេលា វិញក្នុងឆ្នាំ១៩៩៥ ដោយផ្តោតសំខាន់លើអាជីវកម្មស្នូលរបស់ខ្លួន គឺការចែកចាយប្រេងឥន្ធនៈដើម្បីបំពេញតម្រូវការក្នុងស្រុកដែលកំពុងកើនឡើងយ៉ាងគំហុក។ ក្នុងឆ្នាំ១៩៩៦ ក្រុមហ៊ុនមានស្ថានីយស្តុកប្រេងដំបូងរបស់ខ្លួនលើទឹកដីរាជធានីភ្នំពេញ។
តាំងនាមជានាយកប្រតិបត្តិរបស់ កម្ពុជា តេលា ដែលមានបទពិសោធន៍ឈរជើងរកស៊ីចាស់វស្សាក្នុងវិស័យប្រេងឥន្ធនៈ លោកឧកញ៉ា ឈុន អូន បានលើកឡើងយ៉ាងដូច្នេះថា៖ «ការបង្កើត និងដំណើរការអាជីវកម្មដែលមានទំហំធំធេងនេះ គឺជាការប្រគួតប្រជែងមួយដ៏ធំ។ វាតម្រូវឱ្យមានយុទ្ធសាស្រ្តអាជីវកម្ម ប្រកបដោយភាពទាន់ពេលវេលា និងមានភាពច្បាស់លាស់ និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការជំរុញការអនុវត្ត និងភាពរីកចម្រើនលូតលាស់ប្រកបដោយចីរភាព»។ លោកបានបន្តទៀតថា៖ «ក្នុងរយៈពេលពីរទសវត្សចុងក្រោយនេះ ក្រុមហ៊ុនរបស់យើង បានធ្វើការដោយមិនខ្លាចនឿយហត់ ដើម្បីបំពេញ និងគោរពតាមស្តង់ដារអន្តរជាតិ ដោយបានបំពាក់ និងធ្វើឱ្យប្រសើរឡើងនូវសម្ភារៈបច្ចេកទេស ផលិតផល និងសេវាអតិថិជន ព្រមទាំងការកសាងសមត្ថភាពធនធានមនុស្សរបស់យើង»។
គួរជម្រាបផងដែរថា បច្ចុប្បន្នក្រុមហ៊ុន កម្ពុជា តេលា មានស្ថានីយផ្ដល់សេវាកម្មចំនួន ១.៨៩៩ ស្ថានីយ ដែលមានទីតាំងជាយុទ្ធសាស្រ្តនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះស្ថានីយផ្ដល់សេវាកម្ម តេលា ជាង ១.៨០០ ត្រូវបានគ្រប់គ្រង និងដំណើរការដោយអតិថិជនប្រចាំរបស់តេលា តាមរយៈការទិញអាជ្ញាប័ណ្ណពាណិជ្ជកម្ម។ លើសពីនេះ ដោយមានការគាំទ្រដ៏មុះមុតរបស់មហាជន កម្ពុជា តេលា មានភាពរីកចម្រើនលូតលាស់ក្លាយជាងអ្នកចែកចាយ និងអ្នកផ្គត់ផ្គង់ប្រេងឥន្ធនៈ ធំជាងគេរបស់ប្រទេសកម្ពុជា ដោយបានចូលរួមចំណែក បង្កើតការងារ និងរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦