ក្រុមហ៊ុន Forever 21 ដែលយីហោលក់សម្លៀកបំពាក់ដ៏ធំនិងល្បីរបស់អាមេរិកបានបង្ខំចិត្តដាក់ពាក្យការពារក្ស័យធនជាលើកទី២នៅពីថ្ងៃអាទិត្យសប្ដាហ៍មុនបន្ទាប់ពីក្រុមហ៊ុនបរាជ័យក្នុងការស្វែងរកក្រុមហ៊ុនដែលអាចទិញក្រុមហ៊ុននេះទៅកាន់កាប់បន្ត។
បើយោងតាមការចុះផ្សាយរបស់ CNBC បានឲ្យដឹងថា Forever 21 ដែលជាក្រុមហ៊ុនលក់រាយផ្នែកសំលៀកបំពាក់នឹងបញ្ឈប់ប្រតិបត្តិការរបស់ខ្លួនទាំងអស់នៅសហរដ្ឋអាមេរិកហើយក៏ចាប់ផ្ដើមរំលាយនូវទ្រព្យសម្បត្តិរបស់ខ្លួនដើម្បីលក់ចេញឡៃឡុងជាង៣៥០ទីតាំងនៅសហរដ្ឋអាមេរិក។
យ៉ាងណាមិញក្រុមហ៊ុនកំពុងតែស្វះស្វែងរកអ្នកទិញដើម្បីជាការសង្រ្គោះដង្ហើមចុងក្រោយ។ តាមពិតទៅក្រុមហ៊ុនបានព្យាយាមស្វែងរកអ្នកទិញជាច្រើនខែមកហើយដោយក្នុងនោះក្រុមហ៊ុនបានទាក់ទងទៅកាន់អ្នកដេញថ្លៃទិញដែលមានសក្ដានុពលប្រមាណជាង២០០ក្រុមហ៊ុនផងដែរប៉ុន្ដែជាអកុសលមិនទាន់មានកិច្ចព្រមព្រៀងណាមួយច្បាស់លាស់លើការទិញយកForever 21 ឡើយ។
ចំពោះការបរាជ័យនៃការក្ស័យធននេះ ក្រុមហ៊ុន Forever 21 បានស្ដីបន្ទោសចំៗទៅលើក្រុមហ៊ុនចិនគឺក្រុមហ៊ុនShein និងTemu ដែលជាគូរប្រជែងនៅក្នុងទឹកដីអាមេរិក។ ត្រង់នេះដែរ Forever 21 ថាក្រុមហ៊ុនចិន ជាពិសេស Shein និងTemu អាចនាំចូលទំនិញចូលមកលក់នៅទឹកដីអាមេរិកក្នុងតម្លៃធូរថ្លៃដែលធ្វើឲ្យខ្លួនពិបាកក្នុងការប្រកួតប្រជែងរហូតដល់មិនអាចឈប់ជើងជាប់នៅលើទីផ្សារ។
គួរបញ្ជាក់ផងដែរថាForever 21 ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨៤នៅក្នុងទីក្រុង Los Angeles សហរដ្ឋអាមេរិក។ នៅក្នុងពាក្យដាក់ការពារក្ស័យធនជាលើកចុងក្រោយនេះ Forever 21 មានទ្រព្យសរុបចន្លោះពី១០០លានដុល្លារទៅ៥០០លានដុល្លារខណៈបំណុលមានចំនួន១ពាន់លានដុល្លារ៕