ក្រសួងទេសចរណ៍ និងធនាគារ វីង សហការធ្វើឱ្យសេវាសាធារណៈពាក់ព័ន្ធនឹងវិស័យទេសចរណ៍កាន់តែទំនើបតាមបច្ចេកវិទ្យាឌីជីថល
Toeuy HongMARCH 18 202544 views

ក្រសួងទេសចរណ៍កម្ពុជា បានចាប់ដៃគូជាផ្លូវការជាមួយធនាគារ វីង (ខេមបូឌា) ម.ក ដើម្បីផ្តល់ដំណោះស្រាយទូទាត់តាមប្រព័ន្ធឌីជីថលដ៏ទំនើប និងងាយស្រួល ទៅដល់ម្ចាស់អាជីវកម្មដែល​ត្រូវការស្នើសុំ​អាជ្ញាបណ្ណបើកអាជីវកម្មនានាពាក់ព័ន្ធនឹងវិស័យទេសចរណ៍។ កិច្ចសហការនេះធ្វើឡើងតាមរយៈការចុះអនុស្សរណៈនៃការយោគយល់មួយដែល​ត្រូវបាន​រៀបចំឡើង​កាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២៥ នៅការិយាល័យក្រសួងទេសចរណ៍ ដែលនេះ​ជាជំហានដ៏សំខាន់មួយ​ក្នុងការធ្វើឱ្យការងាររដ្ឋបាលក្នុងវិស័យទេសចរណ៍កាន់តែទំនើប។

Wing5

ពិធីចុះហត្ថលេខានេះត្រូវ​បាន​រៀបចំឡើងក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប រួមជាមួយវត្តមាននៃការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាច្រើនទៀត។

Wing3

ឯកឧត្តម សុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា៖ “កិច្ចសហការថ្មីនេះគឺជាជំហានមួយទៀតរបស់​ក្រសួង​ក្នុងកិច្ច​ខិតខំប្រឹងប្រែងពង្រឹងសេវាសាធារណៈពាក់ព័ន្ធនឹងវិស័យទេសចរណ៍ឱ្យបានកាន់តែប្រសើរឡើង។ យើងខ្ញុំប្តេជ្ញាចិត្ត​បន្តខិតខំប្រឹងប្រែងជំរុញវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែរីកចម្រើនតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត និងផ្តល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់ទៅដល់ភាគីពាក់ព័ន្ធទាំងអស់។”

ក្រសួងទេសចរណ៍ និងធនាគារ វីង បានសហការដើម្បីជំរុញបរិវត្តកម្មឌីជីថលនៅក្នុងវិស័យទេសចរណ៍តាំងពីយូរណាស់មកហើយ។ ហើយកិច្ចសហការនៅថ្ងៃនេះ ត្រូវបាន​ធ្វើឡើង​បន្ថែម​ពី​លើ​កិច្ច​សហការដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៦ ដោយអនុញ្ញាតឱ្យអ្នកប្រើប្រាស់គេហទំព័រក្រសួងទេសចរណ៍ (https://www.cambodiatourismindustry.org/) អាចទូទាត់កម្រៃសេវាយ៉ាងងាយស្រួលតាមរយៈ​ធនាគារ វីង។

ក្នុងឱកាសនោះ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានសម្តែងការសាទរចំពោះពិធីចុះហត្ថលេខាលើភាពជាដៃគូដ៏មានសារៈសំខាន់នេះ។ អ្នកឧកញ៉ា គិត ម៉េង មានប្រសាសន៍ថា​៖ “ខ្ញុំមានការជឿជាក់យ៉ាងមុតមាំថាកិច្ចសហការនៅថ្ងៃនេះ នឹងបង្កើនកិច្ចសហប្រតិបត្តការ រវាង ធនាគារ វីង និងក្រសួងទេសចរណ៍ឱ្យកាន់តែរឹងមាំ និងធ្វើការរួមគ្នាកាន់តែជិតស្និតថែមទៀត។ ភាពជាដៃគូនេះ មិនគ្រាន់តែលើកកម្ពស់នៃការធ្វើទំនើបកម្មលើការទូទាត់ប៉ុណ្ណោះទេ យើងនឹងពង្រីកកិច្ចសហការថ្មីៗ ដើម្បីផ្តល់សេវាកម្ម ក៏ដូចជាជំរុញវិស័យទេសចរណ៍ឱ្យកាន់តែមានសម្ទុះខ្លាំងក្លាថែមទៀត ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ជាពិសេសក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាក្នុងអាណត្តិទី៧ ហើយទាំងអស់នេះគឺជាមរតកគ្រឹះមួយដែលឈានទៅរកសន្តិភាព និងការអភិវឌ្ឍ ជាពិសេសយើងមិនអាចបំភ្លេចបានឡើយនូវគុណបំណាច់ដ៏ខ្ពង់ខ្ពស់របស់អតីតនាយករដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន ដែលលោកបានខិតខំជំរុញ និងអភិវឌ្ឍ ដែលនាំមកនូវស្ថិរភាពនយោបាយ ការបង្រួបបង្រួមជាតិ សន្តិភាព និងឯកភាពជាតិរបស់យើងទាំងស្រុង។”

Wing6

កិច្ចព្រមព្រៀងថ្មីនេះនឹងជួយលើកកម្ពស់វិស័យទេសចរណ៍ឱ្យ​បានប្រសើរមួយកម្រិតទៀត ដោយអនុញ្ញាតឱ្យសាធារណជនទូទាត់កម្រៃសេវាជា​ច្រើនប្រភេទដែលពាក់ព័ន្ធវិស័យទេសចរណ៍តាមគណនីធនាគារ វីង ប្រព័ន្ធទូទាត់KHQRដែលអនុញ្ញាត​ឱ្យ​អ្នកប្រើគណនីធនាគារផ្សេងដែល​ជា​សមាជិកនៃប្រព័ន្ធបាគង​ក៏អាចទូទាត់ជាមួយធនាគារ វីង ឬក៏សាធារណជនអាចទូទាត់កម្រៃសេវាទាំងនោះដោយផ្ទាល់នៅតាមការិយាល័យធនាគារ វីងទាំង ២៣ទីតាំង និងភ្នាក់ងារធនាគារ វីងទាំង ១១.០០០ កន្លែនៅទូទាំងប្រទេសកម្ពុជាបានយ៉ាងងាយស្រួលបំផុត។​  

លោក Dmytro Kolechko អគ្គនាយកធនាគារ វីង បានថ្លែងអំណរគុណចំពោះក្រសួងទេសចរណ៍ដែលតែងតែផ្តល់ទំនុកចិត្តលើសេវាទូទាត់​តាម​ប្រព័ន្ធ​ឌីជីថលរបស់ធនាគារ វីង តាំងពី​ដើម​រហូតមក។ លោក Dmytro Kolechko បានលើកឡើងថា៖ “យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​ក្រសួងទេសចរណ៍ដែល​ផ្តល់នូវទំនុកចិត្តដល់ធនាគារ វីង តាមរយៈ​ការរួមចំណែកគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់មួយ​នេះ។​ យើង​រួមគ្នាឆ្ពោះ​ទៅកាន់​​ជំនាន់ថ្មី​នៃ​បរិវត្តកម្មឌីជីថល​ជាមួយគ្នា​ ហើយ​​រួមគ្នា​កសាងអនាគតដ៏ត្រចះត្រចង់សម្រាប់វិស័យទេសចរណ៍របស់កម្ពុជា និងលើសពីនេះទៅទៀត។​”

Wing4

កិច្ចសហការនេះត្រូវបានធ្វើឡើងដោយផ្អែកលើភាពជោគជ័យនៃប្រព័ន្ធអាជ្ញាបណ្ណទេសចរណ៍អនឡាញ(OTLS) ដែលត្រូវបាន​ដាក់​ឱ្យដំណើរដោយក្រសួងទេសចរណ៍។ ប្រព័ន្ធ OTLS នេះបានធ្វើទំនើបកម្មដល់ការស្នើសុំសេវាទេសចរណ៍ជាច្រើន​ដូចជា៖ សំណើសុំអាជ្ញាបណ្ណអាជីវកម្មទេសចរណ៍ថ្មី, ការបន្តនិងការធ្វើវិសោធនកម្មអាជ្ញាបណ្ណទេសចរណ៍ទាំងអស់,  សំណើសុំចំណាត់ថ្នាក់សណ្ឋាគារ និង រមណីយដ្ឋាន,  និង​សេវាទូទាត់ប្រាក់តាមប្រព័ន្ធអនឡាញ។

Wing

ដំណោះស្រាយដ៏មានភាពច្នៃប្រឌិតនេះជួយលុបបំបាត់ការធ្វើដំណើរទៅក្រសួងដោយផ្ទាល់ កាត់បន្ថយការចំណាយពេលវេលា ជាពិសេសសម្រាប់អាជីវករនៅតំបន់ឆ្ងាយៗ។ ដោយសេវា​ទូទាត់តាម​ប្រព័ន្ធ​ឌីជីថល​អាចប្រើបាន ២៤ ម៉ោងក្នុងមួយសប្តាហ៍ ​ការទូទាត់កម្រៃសេវាអាចធ្វើបានគ្រប់ពេល គ្រប់ទីកន្លែង ងាយស្រួល និងលឿនរហ័ស។

Wing2

តាមរយៈការរួមបញ្ចូលសេវាបង់ប្រាក់តាមប្រព័ន្ធឌីជីថលរបស់ធនាគារ វីង នាពេលនេះ ក្រសួងទេសចរណ៍កំពុងឈានទៅមុខមួយជំហានទៀត ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងជួយជំរុញវិស័យទេសចរណ៍កម្ពុជាឱ្យរីកចម្រើន៕

Wing1

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia