សហភាពអឺរ៉ុប រួមមានឥណទានរបស់ធនាគារវិនិយោគអឺរ៉ុបសកល (EIB Global) បូករួមជំនួយឥតសំណង និងជំនួយបច្ចេកទេសរបស់សហភាពអឺរ៉ុបប្រមាណជិត ៨០លានដុល្លារ នឹងផ្តល់អត្ថប្រយោជន៍ដល់កសិករខ្នាតតូចចំនួន១០ម៉ឺននាក់ គ្រួសារមានដីធ្លីខ្នាតតូចចំនួន២៥.០០០ គ្រួសារ និងសហគ្រាសកសិកម្មចំនួន ៥០០ ដោយនឹងជួយ បង្កើនផលិតភាព និងការប្រកួតប្រជែងនៅកម្ពុជា។
យោងតាមការចុះផ្សាយដោយក្រសួងព័ត៌មានបានឱ្យដឹងថា កញ្ចប់វិនិយោគនេះត្រូវបានគេរំពឹងផងដែរថា នឹងជួយកែលម្អមន្ទីរពិសោធន៍ជាតិកសិកម្ម ពង្រីកហេដ្ឋារចនាសម្ព័ន្ធការងារកសិកម្មសំខាន់ៗ ដើម្បីលើកកម្ពស់សមត្ថភាពអនាម័យ និងភូតគាមអនាម័យរបស់កម្ពុជា ក៏ដូចជាគាំទ្រដល់ការសាងសង់ស្ពានមួយខ្សែនៅកោះខ្សាច់ទន្លា ដើម្បីធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូន និងការចូលទៅកាន់ទីផ្សារផងដែរ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងសម្រេចបាននាពេលនេះ គឺជាសក្ខីភាពមួយចំពោះការបង្កើនកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងរដ្ឋាភិបាលកម្ពុជា និងធនាគារវិនិយោគអឺរ៉ុប EIB សហភាពអឺរ៉ុប និង IFAD ក៏ដូចជាបង្ហាញអំពីការគាំទ្រដ៏ខ្លាំងក្លាពីសំណាក់ដៃគូអភិវឌ្ឍន៍សំខាន់ៗ ស្របពេលដែលកម្ពុជាមានគោលបំណងសម្រេចឱ្យបាននូវគោលដៅក្លាយខ្លួនជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ឯកឧត្តម អ៊ីហ្គូ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា “តាមរយៈកិច្ចសហការគ្នា យើងកំពុងជួយវិស័យនេះឱ្យកាន់តែមានលក្ខណៈបរិយាបន្ន និងភាពធន់ ដោយផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងអស់ និងជាពិសេសផ្ដល់អត្ថប្រយោជន៍ដល់ពលរដ្ឋនៅតាមសហគមន៍ជនបទ”៕