ក្រុមហ៊ុន Heineken បានប្រកាសបិទរោងចក្រស្រាបៀររបស់ខ្លួននៅក្នុងខេត្ត Quang Nam នៅប្រទេសវៀតណាម ដោយសារតែការធ្លាក់ចុះមិនធ្លាប់មានពីមុនមក។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Vietnam plus ។
ប្រភពដដែលបានបន្តឱ្យដឹងទៀតថា រោងចក្រនេះបានបើកដំណើរការតាំងពីឆ្នាំ២០០៧ មកម្លេះនៅប្រទេសវៀតណាមហើយរោងចក្រនេះជារោងចក្រដែលតូចបំផុតក្នុងចំណោមរោងចក្រដែលផលិតស្រា Heineken ទាំង៦នៅក្នុងប្រទេសវៀតណាម។
ប៉ុន្តែ បើទោះបីជាប្រឹងរកស៊ីយូរយ៉ាងណាក៏ដោយប៉ុន្តែពេលនេះរោងចក្រ Heineken បានប្រកាសបិទរោងចក្រនៅវៀតណាមហើយបន្ទាប់ពីប្រឈមមុខនឹងការធ្លាក់ចុះខ្លាំងហើយពេលនេះរោងចក្រមួយនេះ កំពុងតែស្វែងរកក្រុមហ៊ុនផ្សេងៗដែលមានគោលបំណងចង់ទិញយកបន្ត ពីព្រោះក្រុមហ៊ុនគឺគ្មានបំណងក្នុងបន្តដំណើរការនៅប្រទេសវៀតណាមទៀតឡើយ។
លើសពីនេះទៅទៀត បើទោះបីជាបិទរោងចក្រនៅក្នុងខេត្ត Quang Nam ក៏ដោយក៏ក្រុមហ៊ុនមិនបានឱ្យបុគ្គលិកបាត់បង់ការងារធ្វើដែរ ពោលគឺក្រុមហ៊ុននឹងផ្ទេរបុគ្គលិកទាំងអស់ទៅរោងចក្រផ្សេងៗដែលស្ថិតក្នុងប្រទេសវៀតណាម។
គួរបញ្ជាក់ថា ក្រុមហ៊ុន Heineken បានរកប្រាក់ចំណូលបានជាង ១.១ ពាន់លានដុល្លារក្នុងការវិនិយោគនៅក្នុងប្រទេសវៀតណាម ហើយរោងចក្រនេះបានផ្តល់ឱកាសការងារដោយផ្ទាល់ដល់មនុស្សជាង ៣ពាន់នាក់ ដែលរួមចំណែក ១.០៤ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស៕