ត្រឹមរយៈពេល ៨ខែឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅជាង ៦០ម៉ឺនតោន ទៅកាន់ប្រទេសវៀតណាម ដែលគិតជាទឹកប្រាក់ប្រមាណ ៨២០លានដុល្លារ មានការថយចុះ ១៥,៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ មូលហេតុដែលនាំឱ្យការនាំចេញស្វាយចន្ទីធ្លាក់ចុះនេះ ដោយការប្រែប្រួលអាកាសធាតុ និងមួយទៀត កសិករបានកាប់ដើមស្វាយចន្ទីចោលមួយចំនួន និងកត្តាមួយទៀត ការប្រកួតទិញពីសហគ្រាសក្នុងស្រុក សម្រាប់ស្តុកទុកច្នៃ ដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ។ នេះបើយោងតាមទិន្នន័យពីសមាគមស្វាយចន្ទីកម្ពុជា។
តាមទិន្នន័យដដែលនេះ បានឱ្យដឹងទៀតថា ថ្វីបើបរិមាណការលក់ហាក់មានការថយចុះបន្តិចមែន ប៉ុន្តែចំពោះតម្លៃគ្រាប់ស្វាយចន្ទីវិញហាក់មានភាពល្អប្រសើរបន្តិច ដោយបច្ចុប្បន្ននេះតម្លៃគ្រាប់ស្វាយចន្ទីអាចលក់បានក្នុងតម្លៃចន្លោះពី ៧០០០រៀលទៅ ៧៥០០រយរៀលក្នុងមួយគីឡូក្រាម ឬប្រមាណ ១៩០០ដុល្លារក្នុងមួយតោន។
គួរបញ្ជាក់ផងដែរថា យោងតាមទិន្នន័យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ផលិតកម្មស្វាយចន្ទីឆ្នាំ២០២២ មានផ្ទៃដីដាំដុះ ៤៣៥,៧៣៣ ហិកតា ផ្ទៃដីប្រមូលផលមាន ៣៣០,៨៦១ហិកតា បរិមាណទិន្នផលមាន ៥០៨,២៨៣តោន ហើយការនាំចេញគ្រាប់ស្វាយចន្ទីឆៅបាន ៤៧១,៥២០តោន និងការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃបាន ១,៥៥៧តោន៕