កម្ពុជាជោគជ័យក្នុងការនាំចេញអង្ករទៅកាន់ទីផ្សារអារ៉ាប់រួម ខណៈជើងនាំចេញលើកទីមួយមានចំនួន ៥០០តោន នៃចំនួន ៦០,០០០តោន នៃការបញ្ជាទិញសរុប ដែលគិតជាទឹកប្រាក់ស្មើនឹង ៥៤ លានដុល្លារអាមេរិក។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងពាណិជ្ជកម្ម។
តាមប្រភពដដែលខាងលើនេះ បានឱ្យដឹងផងដែរថា ចំពោះក្រុមហ៊ុនដែលទទួលបានការវាយតម្លៃខ្ពស់សម្រាប់ការនាំចេញគឺ ក្រុមហ៊ុន វ័នរ៉ូដ គ្រុប ដែលបានទទួលជោគជ័យក្នុងការបញ្ជាទិញ និងនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារប្រទេសអេមីរ៉ាតអារ៉ាប់រួម និងការដឹកជញ្ជូនលើកទី១ ចំនួន ៥០០ តោន ដោយការបញ្ជាទិញក្នុងកម្រិតចំនួន ៦០០០០ តោន ។
ថ្លែងក្នុងឱកាសនោះ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានសម្ដែងនូវការអបអរសាទរចំពោះការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារប្រទេសអេមីរ៉ាតអារ៉ាប់រួមនិងបានបន្តខិតខំយ៉ាងសកម្មក្នុងការបន្តជំរុញ និងគាំទ្រយ៉ាងពេញទំហឹងដល់ការនាំចេញកសិផលក្នុងស្រុក បង្កើតឱកាសការងារកាន់តែច្រើនសម្រាប់កសិករ និងអ្នកផលិត ព្រមទាំងលើកកម្ពស់ការប្រកួតប្រជែងជាលក្ខណៈអន្តរជាតិនូវកសិផលរបស់កម្ពុជា។
គួរបញ្ជាក់ផងដែរថា ក្រៅពីទីផ្សារអារ៉ាប់រួម អង្ករកម្ពុជាក៏ទទួលបានការបញ្ជាទិញនិងចាប់អារម្មណ៍ជាបន្តបន្ទាប់ពីបណ្តាលប្រទេសធំៗផ្សេងទៀតដូចជា ៖ ប្រទេសទីម័រលេស្តេ ឥណ្ឌូនេស៊ី ហុងកុង និង ប្រទេសហ្វីលីពីន ជាដើម៕