Evergrande ក្រុមហ៊ុនអចលនទ្រព្យធំទី២របស់ចិន អាចនឹងឈានដល់ការរំលាយខណៈសងបំណុលលែងរួច
Toeuy HongJANUARY 29 2024305 views

 ក្រុមហ៊ុន Evergrande Group ដែលធ្លាប់ជាក្រុមហ៊ុនអភវិឌ្ឍនអចលនទ្រព្យធំបំផុតទី២នៅក្នុងប្រទេសចិនពេលនេះត្រូវបានតុលាការនៅក្នុងទីក្រុងហុងកុងបញ្ជាឲ្យរំលាយចោលបន្ទាប់ពីក្រុមហ៊ុនអចលនទ្រព្យមួយនេះជួបបញ្ហាបំណុលហើយសងបំណុលគេលែងរួចតាំងពីឆ្នាំ២០២១។

 

បើយោងតាមការចុះផ្សាយរបស់ CNN បានឲ្យដឹងថានៅថ្ងៃច័ន្ទនេះតុលាការនៅក្នុងទីក្រុងហុងកុងបានបញ្ជាឲ្យរំលាយចោលនូវក្រុមហ៊ុន Evergrande Group។ ការបញ្ជាឲ្យរំលាយក្រុមហ៊ុន Evergrande Grpup ដោយតុលាការហុងហុងបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Evergrandeនិងម្ចាស់បំណុលមិនអាចឈានដល់កិច្ចព្រមព្រៀងក្នុងការធ្វើកំណែទម្រង់បំណុលដែលក្រុមហ៊ុនកំពុងមាន។ តុលាការនឹងបើកសវនាការនៅក្នុងរសៀលថ្ងៃនេះបន្ថែមទៀតដើម្បីអនុវត្តដំណើការនៃការរំលាយក្រុមហ៊ុននេះ។

 

 តាមពិតទៅ Evergrande Group ត្រូវបានគេមើលឃើញយ៉ាងទំហំទូលាយថាជាក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សរបស់ចិនដែលបានជាប់បំណុលរាប់ពាន់លានដុល្លារចាប់តាំងពីឆ្នាំ២០២១ហើយក៏បង្ហាញឲ្យឃើញថាទីផ្សារអចលនទ្រព្យនៅក្នុងទេសចិនកំពុងស្ថិតនៅក្នុងវិបត្ត។ គិតត្រឹមពាក់កណ្ដាលឆ្នាំ២០២៣កន្លងទៅនេះEvergrande Group ជំពាក់បំណុលគេសរុបចំនួន៣២៨ពាន់លានដុល្លារ។

 

ក្រោយពីតុលាការទីក្រុងហុងកុងបានប្រកាសពីការបញ្ជាឲ្យរំលាយក្រុមហ៊ុន ភាគហ៊ុនរបស់ក្រុមហ៊ុន Evergrande នៅលើផ្សារហ៊ុនបានធ្លាក់ថ្លៃចំនួន២០%ក្នុងរយៈពេលមួយថ្ងៃហើយភាគហ៊ុនក៏ត្រូវបានគេផ្អាកមិនឲ្យធ្វើការជួញដូរជាបណ្ដោះអាសន្ន។

 

លោក Shiu Shawn នាយកប្រតិបត្តិរបស់ក្រុមហ៊ុនEvergrande បានឲ្យដឹងថាការបញ្ជាឲ្យរំលាយក្រុមហ៊ុននេះមិនធ្វើឲ្យប៉ះពាល់ទៅលើគម្រោងសាងសង់ផ្ទះឡើយពោលគឺគម្រោងសាងសង់ផ្ទះនៅតែដំណើរការធម្មតាដដែលបើទោះបីជាមានការបញ្ជាឲ្យរំលាយក៏ដោយ។

 

គួរបញ្ជាក់ផងដែរថាក្រុមហ៊ុនEvergrande Group បានឈានដល់ការប្រកាសឲ្យរំលាយពីតុលាការហុងកុងក្រោយពីក្រុមហ៊ុននេះមិនអាចធ្វើកំណែទម្រង់លើបញ្ហាបំណុលខណៈបំណុលមានដល់ទៅជាង៣០០ពាន់លានដុល្លារហើយបំណុលភាគច្រើនគឺជាមូលបត្របំណុល៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia