១ជីវិតគួរឃើញយ៉ាងតិចម្តង! «បាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត»អាចនឹងមានចាប់ពីថ្ងៃនេះ
Kan DaraMARCH 20 20231.3 K views

យោងតាមគេហទំព័រផ្លូវការរបស់ក្រសួងទេសចរណ៍បានចេញសេចក្តីជូនដំណឹងពី «បាតុភូតធម្មជាតិព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត» ឬហៅថា EQUINOX ដែលនឹងកើតឡើងចន្លោះថ្ងៃទី២០ ឬ២១ ឬ២២ ឬ២៣ ខែមីនា ឆ្នាំ២០២៣នេះ ដែលជាទស្សនីយភាពដ៏ពិសេសមួយសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិគួរទៅទស្សនា។

ក្នុងនោះក្រសួងក៏បានបញ្ជាក់ថា នៅឆ្នាំ២០២៣បាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្តនេះអាចនឹងកើតឡើងនៅចន្លោះ ថ្ងៃទី២០ដល់ថ្ងៃទី២៣ ខែមីនា ចាប់ពីម៉ោង៥៖៣០នាទីព្រឹក ដល់ម៉ោង៧៖០០នាទីព្រឹក ដែលជារៀងរាល់ឆ្នាំតែងមានភ្ញៀវទេសចរជាតិនិងអន្តរជាតិរាប់ម៉ឺននាក់បានចូលរួមទស្សនា និងផ្តិតយករូបភាពព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។

គួរជម្រាបថា បាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត (EQUINOX) តែងកើតឡើងជារៀងរាល់ឆ្នាំចំនួន២លើក ពោលគឺនៅខែមីនាម្ដង និងខែកញ្ញាម្ដងទៀត ដែលព្រឹត្តិការណ៍ដ៏អស្ចារ្យនេះគឺស្តែងឲ្យឃើញពីអច្ឆរិយភាពនៃប្រាសាទអង្គរវត្ត ដែលបុព្វបុរសខ្មែរបានកសាងឡើងដោយមានការគិតគូរអំពីស្ថាបត្យកម្ម និងការផ្សារភ្ជាប់ជាមួយនឹងធម្មជាតិរវាងផែនដី និងព្រះអាទិត្យយ៉ាងច្បាស់លាស់គួរស្ញប់ស្ញែងជាទីបំផុត។

ជាចុងក្រោយក្រសួងទេសចរណ៍បានអំពាវនាវដល់គ្រប់សមាគមទេសចរណ៍ ស្ថាប័នពាក់ព័ន្ធ អ្នកសារព័ត៌មាន ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទូទៅចូលរួមផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ដៃគូពាក់ព័ន្ធ និងទៅទស្សនា ផ្តិតយករូបភាពព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ដែលជាផ្នែកមួយនៃយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» ក្រោមពាក្យស្លោក «គ្រប់ថ្ងៃគឺជាអច្ឆរិយភាព»៕

អត្ថបទដោយ៖​ ពី​ង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia