ភាពជោគជ័យ គឺទាមទារនូវធាតុផ្សំជាច្រើនប្រភេទរួមបញ្ចូលគ្នា ហើយភាពឆ្លាតវៃរបស់មនុស្សក៏រួមបញ្ចូលក្នុងនោះផងដែរ។ ប៉ុន្តែភាពឆ្លាតវៃរបស់មនុស្ស ដែលត្រូវបានគេនិយាយភាគច្រើនគឺ EQ ឬ IQ ហើយតើរវាងភាពឆ្លាតវៃទាំង២របស់មនុស្ស តើមួយណាដែលជួយដល់ភាពជោគជ័យរបស់មនុស្សច្រើនបំផុតនោះ? មុននឹងឈានដល់ការបង្ហាញ យើងគប្បីត្រូវស្វែងយល់ឱ្យច្បាស់ពីអ្វីជា EQ ហើយអ្វីជា IQ ជាមុនសិន។
EQ (Emotional Intelligence) ៖ គឺសម្ដៅទៅលើភាពឆ្លាតវៃខាងផ្លូវអារម្មណ៍របស់មនុស្ស។ មនុស្សដែលមាន EQ ខ្ពស់ គឺជាមនុស្សដែលយល់ច្បាស់អំពីអារម្មណ៍របស់ខ្លួនឯង ក៏ដូចជាអារម្មណ៍របស់មនុស្សជុំវិញខ្លួនផងដែរ។ ភាគច្រើនមនុស្សដែលមាន EQ ខ្ពស់គឺជាមេដឹកនាំដ៏ល្អម្នាក់ ដែលពួកគេអាចធ្វើការងារយ៉ាងចុះសម្រុងជាមួយនឹងមនុស្ស អាចដឹងពីតម្រូវការ និងអារម្មណ៍មនុស្សជុំវិញខ្លួនដែលអាចធ្វើឱ្យមេដឹកនាំម្នាក់នេះអាចធ្វើការលើកទឹកចិត្តដល់បុគ្គលិករបស់ខ្លួនយ៉ាងមានប្រសិទ្ធភាពបំផុត។
ដោយឡែក IQ (Intelligence Quotient) ៖ គឺជាពិន្ទុសរុបបានមកពីការធ្វើតេស្តស្តង់ដារជាច្រើនដែលត្រូវបានរចនាឡើងដើម្បីវាយតម្លៃបញ្ញាមនុស្សដែលទទួលបានដោយការបែងចែកពិន្ទុទាក់ទងនឹងអាយុ និងផ្លូវអារម្មណ៍របស់មនុស្សម្នាក់ដែលទទួលបានតាមរយៈការធ្វើតេស្តផ្ដោតទៅលើសមត្ថភាពនៃការចងចាំ ការយកចិត្តទុកដាក់ និងល្បឿននៃការសម្រេចចិត្ត។ ជាទូទៅ មនុស្សដែលមាន IQ ខ្ពស់ភាគច្រើនជាមនុស្សដែលពូកែខាងវិទ្យាសាស្ត្រឬគណិតសាស្ត្រជាដើម ហើយអាជីពដែលពួកគេធ្វើភាគច្រើនគឺទាក់ទងនឹងបច្ចេកទេសឬការងារទាក់ទងនឹងទិន្នន័យតួលេខជាដើម។
យោងតាមការសិក្សាស្រាវជ្រាវចំនួន ៤០ ដែលចេញផ្សាយដោយវេបសាយ inc.com ទៅលើម្ចាស់អាជីវកម្មសរុបចំនួន ៦៥០០០នាក់បានបង្ហាញថា ភាពឆ្លាតវៃផ្នែកផ្លូវអារម្មណ៍ ឬ EQ គឺមានសារសំខាន់ជាង IQ ហើយ EQ គឺអាចជួយដល់ភាពជោគជ័យរបស់សហគ្រិនច្រើនជាង IQ។
មូលហេតុដែលគេហ៊ានអះអាងបែបនេះ ដោយសារតែមនុស្សដែលមានEQ ខ្ពស់គឺងាយចុះសម្រុងក្នុងការធ្វើការងារជាក្រុម ជាជាងក្រុមមនុស្សដែលមាន IQ ខ្ពស់។ ជាឧទាហរណ៍សាមញ្ញងាយយល់ ការធ្វើការងារជាក្រុមរមែងអាចសម្រេចជោគជ័យធំជាងការបំពេញការងារតែម្នាក់ឯង។ បន្ថែមពីនោះមនុស្សដែលមាន EQ ខ្ពស់ ពួកគេមានជំនាញក្នុងការទំនាក់ទំនងខ្ពស់ សមត្ថភាពខ្ពស់ក្នុងការគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯង និងមានផ្នត់គំនិតវិជ្ជមានច្រើនដើម្បីប្រឈមជាមួយនឹងបញ្ហាប្រឈមលំបាកៗក្នុងការចាប់ផ្ដើមអាជីវកម្ម។ ជាក់ស្ដែងការរកស៊ីប្រឈមនឹងបញ្ហាច្រើន ប្រសិនបើគាត់មិនអាចមានភាពឆ្លាតវៃផ្នែកផ្លូវអារម្មណ៍ខ្ពស់ទេគាត់ងាយនឹងបោះបង់ ចុះចាញ់ខ្លាំងណាស់។
មួយវិញទៀត អ្នកជំនាញបានបង្ហាញថា EQ គឺមានភាពងាយស្រួលក្នុងការកសាងជាង IQ ដោយគ្រាន់តែគាត់ព្យាយាមហ្វឹកហាត់ដោយខ្លួនឯងឱ្យបានញឹកញាប់ និងមានស្មារតីភ្ញាក់រលឹកដឹងខ្លួនឯងជាប្រចាំ។ ប៉ុន្តែបើទោះបីជាEQ អាចជួយដល់ភាពជោគជ័យមួយផ្នែកធំរបស់សហគ្រិនយ៉ាងណាក៏ដោយ ប៉ុន្តែមិនមែនមានន័យថា IQ មិនមានសារៈសំខាន់នោះទេ ហើយនេះគ្រាន់តែគេចង់សិក្សាពីទំនាក់ទំនងរវាង EQ ឬIQតែប៉ុណ្ណោះ។ ផ្ទុយទៅវិញ ប្រសិនបើសហគ្រិនម្នាក់ជាមនុស្សដែលពូកែទាំង EQ និង IQ នោះគាត់នឹងទទួលបានភាពរីកចម្រើនកាន់តែលឿន និងកាន់តែធំថែមទៀតផង៕
អត្ថបទដោយ៖ ឡុង វឌ្ឍនៈ (ប្រធាននិពន្ធផ្នែកដឹកនាំ)
តេឡេក្រាម៖ 096 351 7713