លោក Elon Musk ស្ថាបនិកក្រុមហ៊ុនរុករកអវកាស SpaceX និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនរថយន្តអគ្គិសនីដ៏មានតម្លៃបំផុតរបស់ពិភពលោក Tesla បានសន្យាថានឹងធ្វើទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ីក្នុងខែវិច្ឆិកា បន្ទាប់ពីជួបជាមួយប្រធានាធិបតីរបស់ប្រទេសកាលពីថ្ងៃសៅរ៍។
រដ្ឋាភិបាលឥណ្ឌូនេស៊ីបាននឹងកំពុងទាក់ទាញ Elon Musk ឱ្យវិនិយោគនៅក្នុងប្រទេសនេះ និងចូលរួមក្នុងការរៀបចំដ៏ធំរបស់ខ្លួន ដើម្បីប្រើប្រាស់ទុនបម្រុងនីកែលដ៏ច្រើនរបស់ខ្លួន ដើម្បីអភិវឌ្ឍឧស្សាហកម្មអាគុយអគ្គិសនីលំដាប់ពិភពលោកផងដែរ។
កាលពីថ្ងៃសៅរ៍ ប្រធានាធិបតី Joko Widodo បានទៅលេងសេដ្ឋី Elon Musk នៅ Starbase កន្លែងផលិតគ្រាប់រ៉ុក្កែត កន្លែងសាកល្បង និងយានអវកាសរបស់ SpaceX នៅ Boca Chica រដ្ឋតិចសាស់ ហើយបានអញ្ជើញអ្នកបង្កើតទាំងនោះមកប្រទេសឥណ្ឌូនេស៊ីថែមទៀតផង។
យ៉ាងណាមិញ សម្រាប់សេដ្ឋី Elon Musk វិញ លោកបានសារភាពថា គាត់ចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះអនាគតនៃប្រទេសឥណ្ឌូនេស៊ី ដែលគាត់មើលឃើញថាមាន "សក្តានុពលដ៏អស្ចារ្យ" សម្រាប់ការសហការមួយចំនួនជាមួយ Tesla និង SpaceX ។
ឥណ្ឌូណេស៊ីក្នុងឆ្នាំ ២០២០ បានអនុញ្ញាតឱ្យក្រុមហ៊ុន SpaceX អាចអភិវឌ្ឍយានអវកាសនៅ តំបន់ត្រូពិច Biak នៅ West Papua និង Morotai ក្នុង Ambon គឺជាកន្លែងដែលមានសក្តានុពលពីរសម្រាប់បង្ហោះយានអវកាសចូលទៅក្នុងលំហ ព្រោះវាមានទីតាំងនៅជិតខ្សែអេក្វាទ័ររបស់ផែនដី។ ទីតាំងទាំងនេះអាចជួយឱ្យគ្រាប់រ៉ុក្កែតឈានដល់ល្បឿន និងផ្ទុកបន្ទុកបានធ្ងន់។
ជារួមមកវិញ ប្រទេសឥណ្ឌូនេស៊ី គឺត្រូវបានគេចាត់ទុកថាជាប្រទេសដែលទាក់ទាញបំផុតមួយ ក្នុងក្រសែភ្នែកសេដ្ឋីលេខ១ Elon Musk តាមរយៈសក្ដានុពលធំៗដូចជា ទុនបម្រុងនីកែលដ៏ច្រើន ដើម្បីអភិវឌ្ឍឧស្សាហកម្មអាគុយអគ្គិសនី ដែលល្អបំផុតសម្រាប់រថយន្តអគ្គីសនី Tesla របស់លោក ជាមួយនឹងការផ្ដល់នូវទីតាំងអំណោយផលទៅដល់ អាជីវកម្ម SpaceX សម្រាប់បង្ហោះយានអវកាសចូលទៅក្នុងលំហ៕