ជ្រកក្រោមឈ្មោះជាស្ថាបនិក និងជានាយកប្រតិបត្តិក្នុងក្រុមហ៊ុនជាច្រើនដូចជា ក្រុមហ៊ុនអវកាស SpaceX, ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla,ក្រុមហ៊ុនស្រាវជ្រាវប្រព័ន្ធប្រសាទ Neuralink, ក៏ដូចជាក្រុមហ៊ុន OpenAI និងក្រុមហ៊ុន SolarCity ជាដើម លោក Elon Musk មានតួនាទីនិងទំនួលខុសត្រូវខ្ពស់ដែលត្រូវរ៉ាប់រង និងត្រូវការវត្តមានរបស់លោកក្នុងការដោះស្រាយបញ្ហាជាច្រើន។
ក្នុងបទសម្ភាសន៍មួយក្នុងវគ្គចុងក្រោយនៃកម្មវិធី “បទពិសោធន៍របស់ Joe Rogan” ឬ “The Joe Rogan Experience” កាលពីពេលកន្លងទៅនេះ លោក Elon Musk បានប្រាប់ទៅកាន់លោក Joe Rogan យ៉ាងដូច្នេះថា៖ «ខ្ញុំធ្វើការបានច្រើន។ ជាធម្មតាខ្ញុំបានចូលរួមប្រជុំនៅកន្លែងធ្វើការរហូតដល់ម៉ោង ១:០០ ឬ ២:០០ ព្រឹកឯណោះ។ ពេលខ្លះសូម្បីតែថ្ងៃសៅរ៍ និងថ្ងៃអាទិត្យក៏ដូចជាថ្ងៃទូទៅដែរ»។
គាត់បានបន្តទៀតថា៖ «ខ្ញុំទទួលបានការគេងប្រហែល ៦ម៉ោង។ ខ្ញុំព្យាយាមគេងតិចជាងមុន ប៉ុន្តែផលិតភាពសរុបថយចុះ។ ខ្ញុំមិនចង់ដេកច្រើនជាង៦ម៉ោងទេ»។ លោក Elon Musk បានបន្ថែមថា កាលពីមុនគាត់ធ្វើការរាប់រយម៉ោងក្នុងមួយសប្តាហ៍។ ពេលខ្លះក្នុងនាមជាមហាសេដ្ឋីមួយរូប បានផ្តេកផ្តួលខ្លួនដេកនៅលើកម្រាលក្រោមតុរបស់គាត់នៅក្រុមហ៊ុន Tesla ថែមទៀតផង។
បុរសខ្លាំងរូបនេះក៏បានលើកឡើងផងដែរថា៖ «មានពេលខ្លះ និងសប្តាហ៍ខ្លះខ្ញុំមិនបានរាប់ចំនួនម៉ោងសម្រាកជាក់លាក់ទេ ប៉ុន្តែខ្ញុំអាចដឹងថាមានរយៈពេលតែពីរទៅបីម៉ោងប៉ុណ្ណោះដែលខ្ញុំបានគេង ហើយខ្ញុំធ្វើការប្រាំពីថ្ងៃក្នុងមួយសប្តាហ៍»។ ជាមួយគ្នានេះ លោក Elon Musk បានប្រាប់ Axios ក្នុងឆ្នាំ២០១៨ ថា៖ «គ្មាននរណាម្នាក់អាចដាក់ពេលវេលាជាច្រើនម៉ោងនេះទៅក្នុងការងាររបស់អ្នកឡើយ។ អ្នកនឹងមានប្រាក់តិចតួចបំផុតនៅក្នុងហោប៉ៅ ឬកុងធានាគាររបស់អ្នក ប្រសិនបើអ្នកធ្វើការធម្មតាដូចមនុស្សទូទៅ ឬអ្នកធ្វើការតិចជាង ១២០ម៉ោងក្នុងមួយសប្តាហ៍»៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)