ចិនគឺជាទីផ្សារផលិតរថយន្តអគ្គិសនីដ៏ធំមួយរបស់ក្រុមហ៊ុន Tesla ប៉ុន្តែដោយសារតែបញ្ហាកូវីដ១៩ បានធ្វើឱ្យប៉ះពាល់មួយផ្នែកដល់ខ្សែសង្វាក់ផលិតកម្មរថយន្តអគ្គិសនីរបស់ខ្លួន នោះប្រទេសចិនផងដែរ។
អស់រយៈពេល៣ឆ្នាំហើយ ដែលសេដ្ឋី Elon Musk មិនបានហោះទៅជាន់ទឹកដីប្រទេសចិនទាល់តែសោះ។ ប៉ុន្តែកាលពីពេលថ្មីៗនេះ គេបានឃើញសេដ្ឋី Elon Musk បានធ្វើដំណើរដោយយន្តហោះឯកជន ទៅជាន់ទឹកដីប្រទេសចិនជាថ្មីម្ដងទៀត និងហោះត្រឡប់មកអាមេរិកវិញភ្លាមៗតែម្ដង បន្ទាប់ពីចប់ភារកិច្ចរបស់ខ្លួន។
បើយោងតាមអ្វីដែលសារព័ត៌មាន CNBC បានបញ្ជាក់គឺសេដ្ឋី Elon Musk បានធ្វើរឿងធំៗចំនួន៤យ៉ាងផងដែរ ពេលធ្វើដំណើរទៅដល់ចិនរួមមាន៖
១. ជួបសម្ដែងការគួរសម និងពិភាក្សាជាមួយនឹងមន្ត្រីជាន់ខ្ពស់របស់ចិន ពោលគឺ Musk បានជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន Qin Gang លើ"ការអភិវឌ្ឍយានជំនិះប្រើថាមពលថ្មី និងយានជំនិះដែលមានបណ្តាញឆ្លាតវៃ"។ បន្ថែមពីនោះលោក Qin Gang ក៏បានបង្ហាញពីសក្ដានុពលរបស់ Shanghai Gigafactory ហើយMusk បានសរសើរភាពជោគជ័យរបស់ Shanghai Gigafactory ហើយបាននិយាយថាគាត់សង្ឃឹមថា នឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការក្នុងទីក្រុងនេះក្នុងវិស័យផ្សេងៗទៀត។
២. លោក Musk បានជួបជាមួយឧបនាយករដ្ឋមន្ត្រីចិន លោក Ding Xuexiang ដែលជាមន្ត្រីកំពូលមួយរូបរបស់ប្រទេសនេះ ហើយត្រូវបានគេស្គាល់ថាជាអ្នកស្មោះត្រង់បំផុតមួយជាមួយនឹងមេដឹកនាំចិនលោក Xi Jinping ។ ថ្វីត្បិតតែប្រភពមិនបានបញ្ជាក់លម្អិតអំពីកិច្ចពិភាក្សានោះ ប៉ុន្តែកិច្ចជំនួបនេះបង្ហាញពីទំនាក់ទំនងជិតស្និទ្ធរបស់លោក Musk ជាមួយអ្នកនយោបាយកំពូលរបស់ចិន ដែលអាចជាសញ្ញាវិជ្ជមានមួយ សម្រួលដល់ការធ្វើអាជីវកម្មរបស់លោកផងដែរ។
៣. Musk ជួបជាមួយប្រធានក្រុមហ៊ុនផលិតអាគុយ EV ដ៏ធំបំផុតរបស់ពិភពលោក CATL ដែលជាក្រុមហ៊ុនអាគុយរថយន្តអគ្គិសនីដ៏ធំបំផុតរបស់ពិភពលោក និងអ្នកផ្គត់ផ្គង់ Tesla នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ នៅក្នុងខែមីនា Bloomberg បានរាយការណ៍ថាក្រុមហ៊ុន Tesla កំពុងស្វែងរកការកសាងរោងចក្រថាមពលថ្មនៅសហរដ្ឋអាមេរិកក្នុងភាពជាដៃគូជាមួយ CATL។ នេះសបញ្ជាក់ឱ្យឃើញថា Musk កំពុងស្វែងរកដៃគូសហការដើម្បីពង្រីកមុខជំនួញខ្លួនឱ្យកាន់តែរីកចម្រើនទៅមុខកាន់តែខ្លាំង។
៤. Musk បានទៅពិនិត្យមើលរោងចក្រ Shanghai Gigafactory របស់ក្រុមហ៊ុន Tesla កាលពីថ្ងៃព្រហស្បតិ៍ ហើយមហាសេដ្ឋីរូបនេះបានថ្លែងសុន្ទរកថាទៅកាន់បុគ្គលិក ហើយសរសើរពួកគេ។ Musk បានប្រាប់បុគ្គលិកថា "វាពិតជាគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំងពីរបៀបដែលអ្នកអាចជម្នះការលំបាកជាច្រើន និងបញ្ហាប្រឈមជាច្រើន"។ “ខ្ញុំប្រាប់មនុស្សជុំវិញពិភពលោកថា រថយន្តដែលយើងផលិតនៅទីនេះ មិនត្រឹមតែជាការផលិតប្រកបដោយប្រសិទ្ធភាពបំផុតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានគុណភាពខ្ពស់បំផុតផងដែរ”។ គួរបញ្ជាក់ថារោងចក្រសៀងហៃគឺ ជាមូលដ្ឋានគ្រឹះមួយ ក្នុងការពង្រីកក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ Tesla ទៅកាន់ប្រទេសចិន។
គួរជម្រាបថា ក្រោយពេលដែលបញ្ចប់ភារកិច្ច លោកក៏បានហោះចេញពីទីក្រុងសៀងហៃ ឆ្ពោះទៅកាន់ ទីក្រុង Austin រដ្ឋតិចសាស់វិញភ្លាមៗផងដែរ៕