ចាប់កំណើតនៅឆ្នាំ ១៩៧២ នៅលើទឹកដីអាហ្វ្រិកខាងត្បូង និងមានបងប្អូន៣នាក់ លោក Kimbal Musk បានក្លាយជាសេដ្ឋីទ្រព្យ ៧០០លានដុល្លារ បើទោះបីជាលោកមិនសូវមានអ្នកស្គាល់ដូចបងប្រុស Elon Muskក៏ដោយ។ ថ្ងៃនេះដែរ យើងនឹងស្វែងយល់ពីមុខជំនួញធំៗទាំង៣ របស់លោក ដែលធ្វើឱ្យលោកអាចសល់ទ្រព្យ ៧០០លានដុល្លារ។
សម្រាប់លោក ត្រូវបានគេស្គាល់ថាជាម្ចាស់ភោជនីយដ្ឋានដ៏ល្បីមួយឈ្មោះថា The Kitchen ដែលជាភោជនីយដ្ឋានមានភាពល្បីល្បាញបំផុតមួយនៅលើទឹកដីអាមេរិក។ មូលហេតុដែលលោកចាប់ផ្ដើមអាជីវកម្មនេះ ដោយសារតែលោកជាមនុស្សដែលស្រលាញ់ចូលចិត្តអាហារ ហើយលោកបាននិយាយថា ម្ហូបអាហារវាជាជម្រើសអាជីពតែមួយគត់ដែលខ្ញុំនឹងជ្រើសរើស។
ចំពោះមុខជំនួញធំទី២របស់លោក គឺការវិនិយោគទៅក្នុងក្រុមហ៊ុន Tesla របស់បងប្រុសខ្លួន ដែលលោកកាន់កាប់ភាគហ៊ុន ៥៩៩,៧៤០ ហ៊ុន។ ហើយក្រោយមក លោកបានសម្រេចចិត្តប្រកាសលក់ភាគហ៊ុនរបស់ខ្លួនចំនួន ៨៨៥០០ហ៊ុន ក្នុងតម្លៃ១២៣០ដុល្លារក្នុងមួយហ៊ុន ដែលទទួលបានប្រាក់សរុប ១០៩លានដុល្លារអាមេរិក។ ក្រៅពីវិនិយោគចូលក្នុងក្រុមហ៊ុន Tesla លោកក៏ជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុននេះតាំងពីឆ្នាំ ២០០៤ រហូតមកទល់នឹងពេលនេះផងដែរ។
ចំពោះអាជីវកម្មទី៣របស់លោកគឺ Big Green ដែលជាប្រភេទអាជីវកម្មសង្គមទាក់ទងនឹងការអប់រំដែលមិនបានផ្ដោតលើការរកប្រាក់ចំណេញនោះទេ។ Big Green បានផ្ដោតលើការផ្ដល់សេវាកម្មអប់រំ គឺដើម្បីបង្ហាញកុមារនូវទម្លាប់ដែលមានសុខភាពល្អជាងមុន និងកាត់បន្ថយអត្រានៃជំងឺរ៉ាំរ៉ៃដូចជាជំងឺទឹកនោមផ្អែម និងជំងឺធាត់ ដោយផ្តល់នូវបទពិសោធន៍នៃការដាំបន្លែ និងផ្លែឈើដោយផ្ទាល់ដៃ។
ជាការចែករំលែកបទពិសោធន៍នៃការធ្វើអាជីវកម្ម លោកមានប្រសាសន៍ថា៖ “កុំរង់ចាំយូរ ព្រោះនៅខណៈពេលឥឡូវនេះហើយ ជាពេលដ៏ល្អបំផុតដែលមនុស្សគួរតែចាប់ផ្ដើមធ្វើជាសហគ្រិន ហើយពេលវេលាចាប់ផ្ដើមដ៏ល្អបំផុតគឺនៅពេលឥឡូវនេះ។ សម្រាប់អ្នកដែលស្ថិតក្នុងដំណាក់កាលដំបូងក្នុងការបង្កើតក្រុមហ៊ុន និងផលិតផលរបស់ខ្លួន លោក Musk បាននិយាយថា វាមិនអីទេក្នុងការជួបភាពបរាជ័យ ឬបរាជ័យជាញឹកញាប់។ ត្រូវបង្កើតផលិតផលដ៏អស្ចារ្យដែលអ្នកងប់ងុលជាមួយវា និងរុញវាឱ្យទៅដល់ដៃអតិថិជនឱ្យកាន់តែលឿន បន្ទាប់មកត្រូវព្យាយាមកែតម្រូវបន្ថែម រហូតវាអាចក្លាយជាផលិតផលដ៏អស្ចារ្យ៕
ចូលរួមក្នុងក្រុមចែករំលែកពិសេស ឥតគិតថ្លៃ សូមចុចទីនេះ https://t.me/LongVathanak777