លោក Jeff Bezos បានដណ្តើមតំណែងជាអ្នកមានបំផុតនៅពិភពលោកវិញ មានទ្រព្យសម្បត្តិ ២០០ពាន់លានដុល្លារ វ៉ាដាច់លោក Elon Musk ដែលបានតាមពីក្រោយដែលមានទ្រព្យសម្បត្តិសុទ្ធ ១៩៨ ពាន់លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN កាលពីថ្ងៃទី ០៤ ខែមីនា ម្សិលមិញនេះ។
ប្រភពដដែលបានឱ្យដឹងថាភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះជាង ៧% កាលពីថ្ងៃចន្ទ សប្តាហ៍ទី១ នៃខែមីនា ឆ្នាំ២០២៤ ហើយលោក Elon Musk បានខាតទ្រព្យសម្បត្តិប្រមាណជាង ៣១ពាន់លានដុល្លារ ខណៈលោក Jeff Bezos អាចទាញចំណូលបាន២៣ពាន់លានដុល្លារក្នុងឆ្នាំ២០២៤នេះ ដែលធ្វើឱ្យស្ថាបនិក Amazon រូបនេះអាចដណ្តើមកៅអីជាមហាសេដ្ឋីលេខ១របស់គូប្រជែងបាន។
គួររំលឹកផងដែរថាលោក Elon Musk បានប្រទាញប្រទង់គ្នាក្នុងតំណែងជាមហាសេដ្ឋីពិភពលោក កាលពីខែឧសភា ឆ្នាំ ២០២៣ ជាមួយលោក Bernard Arnault មហាសេដ្ឋីបារាំង ដែលគ្រប់គ្រងក្រុមហ៊ុនធំជាងគេមួយរបស់ពិភពលោកគឺ LVMH (LVMHF) ដែលជាក្រុមហ៊ុនមេ របស់ម៉ាកប្រណីតៗដូចជា Louis Vuitton, Dior និង Celine ជាដើម។
យ៉ាងណាមិញមហាសេដ្ឋីទាំងបីគឺ Musk, Arnault និង Bezos បានប្រជែងគ្នាដណ្តើមតំណែងកំពូលអស់រយៈពេលជាច្រើនខែ។ ទីបំផុតលោក Arnault បានកាន់កាប់តំណែងនេះអស់រយៈពេលជាច្រើនខែ ខណៈដែលទ្រព្យសម្បត្តិរបស់គាត់បានកើនឡើងដោយសារតែការរីកដុះដាលនៃការលក់ទំនិញប្រណីតដែលជួយជំរុញតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន LVMH ។
ប៉ុន្តែតែគិតមកត្រឹមថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤នេះ លោក Jeff Bezos ម្ចាស់ក្រុមហ៊ុនយក្ស Amazon បានដណ្តើមតំណែងជាមហាសេដ្ឋីលេខ១លើលោកត្រឡប់មកវិញហើយបន្ទាប់ពីលោកបានបាត់បង់កៅអីនេះតាំងពីអំឡុងឆ្នាំ២០២១មក៕
អត្ថបទដោយ៖ ពីង ជូអេង