លោក Elon Musk ត្រូវបានគេស្គាល់ថាជាកំពូលមនុស្ស ចូលចិត្តគិតអ្វីខុសពីគេ ធ្វើការលំបាកៗ រហូតទទួលរហ័សនាមថាជា “អេលាន” ថែមទៀតផង ព្រោះតែសមិទ្ធផលការងារដ៏អស្ចារ្យ ជាពិសេសផែនការនាំមនុស្សពីភពផែនដីទៅរស់នៅលើភពក្រហម (ភពព្រះអង្គារ៍)។ ប៉ុន្តែតើអ្នកដឹងទេ សហគ្រិនឆ្នើមម្នាក់នេះ ធ្លាប់ជួបរឿងដ៏ពិបាកសម្រេចចិត្តបំផុតមួយ បើដើរខុសតែមួយជំហានគ្រប់យ៉ាងដែលមាននៅពេលនេះនឹងស្មើសូន្យមិនខាន។
នៅក្នុងបទសម្ភាន៍មួយកាលពីពេលកន្លងទៅ ស្ថាបនិកក្រុមហ៊ុន Tesla និង SpaceX រូបនេះបានថ្លែងយ៉ាងដូច្នេះថា៖ «ជម្រើសដ៏លំបាកបំផុតមួយដែលខ្ញុំធ្លាប់ជួបប្រទះក្នុងជីវិតគឺនៅឆ្នាំ ២០០៨។ ពេលនោះ ខ្ញុំនៅសល់លុយប្រហែល ៣លានដុល្លារប៉ុណ្ណោះ ខណៈសេដ្ឋកិច្ចក្រុមហ៊ុនកំពុងដាំក្បាលចុះខ្លាំង។ ខ្ញុំមានជម្រើសពីរ។ ខ្ញុំអាចដាក់លុយទាំងអស់លើក្រុមហ៊ុនមួយ ហើយបន្ទាប់មកក្រុមហ៊ុនផ្សេងទៀតច្បាស់ជាស្លាប់។ ហើយប្រសិនបើខ្ញុំបំបែកលុយនោះជាពីរ កម្រិតនៃការស្លាប់របស់ក្រុមហ៊ុនទាំងពីរមានខ្ពស់ណាស់»។
ស្ថិតក្នុងស្ថានភាពដ៏តានតឹងនេះ លោក Elon Musk បានលើកឡើងបន្តទៀតថា៖ «ពេលដែលអ្នកយកឈាម ញើស និងទឹកភ្នែករបស់អ្នកទៅបង្កើតអ្វីមួយ ឬកសាងអ្វីមួយ វាដូចជាកូនក្មេងអីចឹង។ តើខ្ញុំគួរទុកឲ្យក្រុមហ៊ុនមួយណាស្លាប់? ទេ! ខ្ញុំមិនអាចធ្វើដូច្នេះទេ។ ខ្ញុំបានបែងចែកលុយរវាងក្រុមហ៊ុនទាំងពីរ អរគុណព្រះជាម្ចាស់! ជាសំណាងល្អពួកយើងអាចឆ្លងកាត់ពេលវេលាដ៏អាក្រក់នេះបាន»។
យ៉ាងណាមិញ បើទោះបីបច្ចុប្បន្នលុយចាយ១០ជាតិទៀតក៏លែងអស់ ប៉ុន្តែបុរសមាឌធំ ខ្ពស់ សម្បុរស រូបនេះ មិនប្រាថ្នាផ្ទះវីឡា ដូចមនុស្សដ៏ច្រើនឯទៀតឡើយ ព្រោះចាប់តាំងពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០២១ ផ្ទះទាំងអស់របស់លោក បានលក់ចេញម្ដងមួយៗគ្មានស្ដាយស្រណោះទេ។ ក្នុងឆ្នាំ២០២២ លោកអស់សូម្បីតែផ្ទះដែលធ្លាប់ជួលក្នុងតម្លៃ ៥ម៉ឺនដុល្លារ ដោយងាកមកនៅផ្ទះមិត្តភក្ដិរបស់លោកជំនួសវិញ ខណៈក្នុងឆ្នាំ២០២៣នេះលោកកាន់កាប់ទ្រព្យសម្បត្តិសុទ្ធប្រមាណ ២៥០ពាន់លានដុល្លារនិងជាប់ឈ្មោះជាមហាសេដ្ឋីមានជាងគេបំផុតទីពីរលើលោក។ នេះបើយោងតាមការចុះផ្សាយរបស់ Business Insider៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦