ទូកទៅកំពង់នៅ! ម្ចាស់ក្សត្រិយ៍អង់គ្លេស មានទ្រព្យ៥០០លាន$ ប៉ុន្តែមានទម្លាប់សន្សំសំចៃបែបនេះ
Toeuy HongSEPTEMBER 9 20221.1 K views

កាលពីនៅមានព្រះជន្ម ម្ចាស់ក្សត្រិយ៍ Elizabeth II មានទ្រព្យសម្បត្តិផ្ទាល់ខ្លួនប្រមាណជា ៥០០លានដុល្លារ។ បើទោះបីជាទ្រង់មានទ្រព្យច្រើនមហាសាលបែបនេះក៏ដោយ ក៏ក្សត្រិយ៍អង្គនេះនៅតែមិនចោលទម្លាប់សន្សំសំចៃរបស់ទ្រង់ឡើយ។

ខាងក្រោមនេះគឺជាទម្លាប់មួយចំនួនរបស់ម្ចាស់ក្សត្រិយ៍ ហើយវាអាចជារឿងដែលអ្នកនឹកស្មានមិនដល់ ឬសឹងតែមិនជឿក៏ថាបាន ប៉ុន្តែសូមបញ្ជាក់ថាវាជាការពិតរបស់ទ្រង់។

1

១. អាហារពេលព្រឹក

អ្នកប្រហែលជាគិតថា បើរស់នៅក្នុងរាជវាំងប្រាកដជាបានទទួលទានអាហារឆ្ងាញ់ៗល្អៗ មានអ្នកបម្រើឆ្វេងស្ដាំចាំរៀបចំជូនជាមិនខាន។ ក៏ប៉ុន្តែមិនមែនបែបហ្នឹងទាំងអស់ឡើយ ព្រោះថាម្ចាស់ក្សត្រិយ៍ Elizabeth II ជ្រើសរើសការសោយអាហារពេលព្រឹកសាមញ្ញៗ ដែលមិនចាំបាច់ត្រូវចំណាយលុយច្រើន។ ជាទូទៅអាហារពេលព្រឹករបស់ទ្រង់មានដូចជា គ្រាប់ធញ្ញជាតិ ឬទឹកដោះគោជាដើម។

2

២. រក្សាទុកសំបកកាដូ

ជាខ្សែរាជវង្សច្បាស់ណាស់គឺត្រូវតែមានកម្មវិធីច្រើន មានអ្នកស្គាល់ច្រើន ហើយក៏មានអ្នកជូនអំណោយច្រើនដូចគ្នា។ ទន្ទឹមនឹងនោះ ម្ចាស់ក្សត្រិយ៍រូបនេះ មិនដែលបោះសំបកកាដូ ឬអំណោយដែលគេថ្វាយទាំងអស់នោះចោលឡើយ ផ្ទុយទៅវិញទ្រង់តែងតែសន្សំរបស់ទាំងអស់នោះទុកសម្រាប់ប្រើប្រាស់នៅពេលក្រោយ។ តាមការពិតទៅទ្រង់មានទម្លាប់សន្សំបែបនេះតាំងពីវ័យកុមារ កាលនោះក្មេងម្ចាស់ក្សត្រិយ៍ក៏ចូលចិត្តសន្សំកៅស៊ូកងទុកសម្រាប់ប្រើចងរបស់របរដែរ។

8

៣. សម្លៀកបំពាក់

ស្ត្រីតែងតែមានឈុតប្រពៃណី ឬឈុតសម្រាប់ស្លៀកចូលរួមកម្មវិធីផ្សេងៗ ដែលជាទូទៅមនុស្សមួយចំនួនស្លៀកតែម្ដងអីគឺលែងស្លៀកហើយ ព្រោះខ្លាចគេថាម៉ូដដដែលៗ ទើបចេះតែទិញឬកាត់ម៉ូដថ្មីៗស្លៀកចូលរួមប្លែកគ្រប់កម្មវិធី។ ដោយឡែកចំពោះម្ចាស់ក្សត្រិយ៍វិញមិនគិតរឿងបែបនោះឡើង ទ្រង់តែងតែប្រើឈុតប្រពៃណី ឬឈុតសម្រាប់ចូលរួមកម្មវិធីធំៗ​ ចាប់ពី២ដងឡើងទៅ។ ទ្រង់មិនខ្វល់នឹងសម្ដីអ្នកដទៃគេថានោះទេ សំខាន់សម្លៀកបំពាក់ជារបស់ទ្រង់ ទ្រង់ចង់ប្រើប្រាស់មួយណាក៏បាន។

6

៤. របស់ប្រើប្រាស់

ម្ចាស់ក្សត្រយ៍ ប្រើរបស់បានយូរៗណាស់ ដូចជាកាបូបដៃមួយនោះទ្រង់ទិញតាំងពីឆ្នាំ១៩៤៧ ហើយប្រើរហូតដល់ខ្ទង់ឆ្នាំ២០២០ នៅមិនទាន់ចោលទេ។ មួយវិញទៀតទ្រង់ជ្រើសរើសការជួសជុលរបស់ប្រើជាជាងទិញថ្មី ម្ចាស់ក្សត្រិយ៍មានស្រោមដៃមួយគូ ពេលមួយវាខូចទ្រង់មិនទិញថ្មីឡើយ សុខចិត្តឱ្យគេជួសជុល ហើយក៏ប្រើប្រាស់បន្តទៀតធម្មតា។

7

៥. អគ្គិសនី

និយាយពីអំពូលភ្លើងវិញ មានមនុស្សមិនតិចទេដែលមានទម្លាប់បើកភ្លើងចោល ឬតែងតែភ្លេចបិទជាដើម។ ដោយឡែកចំពោះម្ចាស់ក្សត្រិយ៍ Elizabeth II វិញ ទ្រង់រស់នៅក្នុងរាជវាំង Buckingham ដែលមានអំពូលសរុបដល់ទៅប្រមាណជាង ៤ម៉ឺនគ្រាប់ ប៉ុន្តែទ្រង់មិនដែលភ្លេចប្រាប់ឱ្យអ្នកបម្រើដើរបិទភ្លើងអំពូលណាដែលមិនចាំបាច់ត្រូវប្រើប្រាស់។ លើសពីនេះ ទ្រង់ក៏តែងតែយាងជុំវិញរាជវាំង ដើម្បីពិនិត្យមើលនិងបិទអំពូលទាំងនោះ ដោយអង្គឯងផ្ទាល់តែម្ដងក៏មានដែរ។

9

គួរបញ្ជាក់ផងដែរថា កាលពីរសៀលថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ម្ចាស់ក្សត្រិយ៍ Elizabeth II ដែលជាព្រះមហាក្សត្រកាន់អំណាចយូរបំផុតរបស់អង់គ្លេសបានយាងសោយទិវង្គតហើយ។ ក៏ប៉ុន្តែប្រិយមិត្តអ្នកអានអាចយកទម្លាប់សន្សំសំចៃរបស់ទ្រង់ ធ្វើជាគម្រូនៅក្នុងការគ្រប់គ្រងលុយកាក់ទ្រព្យសម្បត្តិរបស់ខ្លួនឯង ហើយត្រូវដឹងថាគ្រប់អ្នកមានទាំងអស់សុទ្ធតែជឿជាក់ថា ការសន្សំសំចៃគឺជាប្រភពនៃទ្រព្យ ហើយក៏ជាគន្លឹះរក្សាភាពមានបានឱ្យគង់វង្សយូររង្វែងផងដែរ៕

អត្ថបទដោយ៖ សូ សុខលី

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia