សុទ្ធតែល្បីៗ! ក្រោយទទួលបានរោងចក្រ Toyota ពេលនេះកម្ពុជាមានរោងចក្រដំឡើងឡាន ៨ ទីតាំងហើយ
Bunthoeun KoemSEPTEMBER 9 202219.3 K views

កាលពីពេលថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទើបតែបានអនុម័តគម្រោងបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្ដថ្មីមួយទៀតទៅឲ្យក្រុមហ៊ុន Toyota ដើម្បីធ្វើការដំឡើង និងចែកចាយលក់នៅក្នុងទីផ្សារកម្ពុជា។ យ៉ាងណាវត្ដមានយីហោរថយន្ដដ៏ល្បីល្បាញរបស់ជប៉ុននេះ ក៏រុញឲ្យកម្ពុជាមានរោងចក្រដំឡើងរថយន្ដកើនឡើងដល់ ៨ ទីតាំងផងដែរ។ ដោយក្នុងនោះរួមមាន៖

១. ក្រុមហ៊ុន Hyundai

រោចក្រដំឡើងរថយន្ដម៉ាកល្បីរបស់កូរ៉េនេះ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០១១ ដែលមានទីតាំងតំបន់សេដ្ឋកិច្ចពិសេសក្នុងទឹកដីខេត្តកោះកុង។ រោងចក្រនេះជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន KH Motors និងក្រុមហ៊ុនលីយ៉ុងផាត់ (ខេមបូឌា)។ ហើយរោងចក្រនេះអាចផ្គុំដំឡើងរថយន្តបានចំនួន ៣ ០០០គ្រឿងក្នុងមួយឆ្នាំ ជាប្រភេទ SUV ជារថយន្តតួខ្ពស់ៗ, រថយន្តច្រើនបាំង (ឡានទួរីស៍) និងប្រភេទកូនឡានតូចៗនៅឆ្នាំ ២០១៧ ។

២. ក្រុមហ៊ុន International VCV Industry៖

កាលពីថ្ងៃទី ២៨ មិនាឆ្នាំ ២០១៨ ក្រុមហ៊ុនមួយនេះទទួលវិញ្ញាបនបត្រ័ចុះបញ្ជីជាស្ថាពរ លើគម្រោងបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្ត។ រោងចក្រនេះមានបោះទុនជាទឹកប្រាក់ប្រមាណ ៤. ០៧លានដុល្លារអាមេរិក អាចបង្កើតការងារបានចំនួន ៨២០ កន្លែង មានទីតាំងស្ថិតនៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម (អតីតភូមទឹកថ្លា សង្កាត់ទឹកថ្លា) ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

៣. ក្រុមហ៊ុន Daehan 

ក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសកូរ៉េ បានចាប់ផ្ដើមបើករោងចក្រដំឡើងរថយន្ត នៅក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី ៩ ឧសភា ២០១៨។ ក្នុងមួយឆ្នាំរោងចក្រអាចដំឡើងរថយន្តខ្ទង់ ២០០០០ គ្រឿង ដែលមានរថយន្តតូចគ្រួសា រថយន្តដឹកភ្ញៀវ រថយន្តដឹកឥវ៉ាន់ និងរថយន្តដឹកកម្មករ ជាដើម សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។

32253336 1696581300390360 1131451534324793344 N

៤. ក្រុមហ៊ុន R M A AUTOMOTIVE (CAMBODIA) CO., LTD

គម្រោងបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្ត ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥ ភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានទុនវិនិយោគចំនួន ២១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៤១កន្លែង។ រោងចក្រនេះដំឡើងរថយន្ដម៉ាក Ford ដោយក្នុងឆ្នាំទី១ គឺមានផលិតរថយន្ដពីម៉ូឌែលគឺ Ford Ranger និង Ford Everest។ ដោយរោងចក្រនេះត្រូវក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។

៥. ក្រុមហ៊ុន EM AUTOMOBILE CO., LTD

ក្រុមហ៊ុននេះត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តឲ្យបង្កើតរោងចក្រផ្គុំដំឡើងគ្រឿងចក្រ រថយន្តសណ្តោង និងរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ដំណាល់គ្នាជាមួយក្រុមហ៊ុន RMA ផងដែរ។ ហើយរោងចក្រនេះមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤៨ ភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង មានទុនវិនិយោគចំនួន ១៦,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥១៥កន្លែង។

303307339 504738448318419 2858165665416869223 N

៦. ក្រុមហ៊ុន K (CAMBODIA) CO., LTD

នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តឲ្យក្រុមនេះបង្កើតរោងចក្រផ្គុំដំឡើងរថយន្ត អ៊ីស៊ូហ្ស៊ុ (ISUZU) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៧,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៦៦កន្លែង។

៧. ក្រុមហ៊ុន GTV MOTOR CO., LTD

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តឲ្យក្រុមមួយនេះបង្កើតរោងចក្រដំឡើងរថយន្ត ដែលមានទីតាំងវិនិយោគស្ថិតនៅអគារលេខ ៦ A និង ៦ B ផ្លូវជាតិលេ៣ ភូមិអង្រ្គង ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ១៥,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៣៨កន្លែង។

៨. ក្រុមហ៊ុន “Toyota Tsusho Manufacturing (Cambodia) Co., Ltd

នេះជាក្រុមហ៊ុ​នចុងក្រោយ ដែលត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តឲ្យបង្កើតរោងចក្រផ្គុំ និងតំឡើងរថយន្តម៉ាកតូយ៉ូតា ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ, រាជធានីភ្នំពេញ, មានទុនវិនិយោគចំនួន ៣៦,៧លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ១៥០នាក់៕

អត្ថបទ៖ កឹម ប៊ុនធឿន

Facilities Ogp 001

1202

288906105 388059153352357 861058445394845228 N

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia