ថ្មីៗនេះក្រោយការឡើងកាន់តំណែងរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បទបញ្ញតិច្បាប់និងសេដ្ឋកិច្ចមួយចំនួនត្រូវបានចុះហត្ថលេខាអនុម័ត។ ក្នុងនោះការតំឡើងពន្ធបានក្លាយជាប្រធានបទជុំវិញការកើនឡើងកម្តៅលើបញ្ហាសង្រ្គាមពាណិជ្ជកម្ម ដែលអាចបង្កបញ្ហាជាសកល។
កាសែត The Guardian បានឱ្យដឹងថាយោងតាមការវិភាគទស្សនៈសេដ្ឋកិច្ចរបស់អ្នកជំនាញជាច្រើនរូបបានបញ្ជាក់ថាជារួមបញ្ហាធំៗ៣នឹងអាចកើតឡើងជាសកល បន្ទាប់ពីការប្រកាសសង្រ្គាមពាណិជ្ជកម្មរបស់ប្រទេសអាមេរិកនិងរដ្ឋអ្នកមានផ្សេងទៀត ៖
១. ការធ្លាក់ចុះសេដ្ឋកិច្ចសកល៖ នៅពេលដែលប្រទេសសេដ្ឋកិច្ចធំៗដាក់ពន្ធគយ និងការរឹតបន្តឹងពាណិជ្ជកម្ម បញ្ហាគឺផលនៃរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកល ធ្វើឱ្យមានការបង្កើនថ្លៃដើមផលិតកម្ម និងកាត់បន្ថយតម្រូវការអ្នកប្រើប្រាស់។
ប្រទេសដែលធ្លាប់ពឹងផ្អែកលើការនាំចេញអាចជួបប្រទះនឹងកំណើនយឺត ឬសូម្បីតែអាចឈានដល់វិបត្តិសេដ្ឋកិច្ច។ បន្ថែមពីនោះអាជីវកម្មដែលប្រឈមនឹងការចំណាយខ្ពស់ក៏អាចកាត់បន្ថយការងារ ជាកត្តារុញច្រើនឱ្យអត្រាមនុស្សអត់ការងារធ្វើកើនឡើង។
២. ការប្រែប្រួលទីផ្សារ និងភាពមិនច្បាស់លាស់នៃការវិនិយោគ៖ ផ្អែកលើការប្រែប្រួលសេដ្ឋកិច្ច តម្លៃរូបិយប័ណ្ណនឹងគ្មានស្ថេរភាព ដែលអាចប៉ះពាល់ដល់អតិផរណា ទាំងប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍។ ក្នុងនោះទីផ្សារភាគហ៊ុននឹងមានប្រតិកម្មអវិជ្ជមាន ហើយភាពមិនច្បាស់លាស់ ដោយវិនិយោគិនមួយចំនួនធំ អាចស្ទាក់ស្ទើរក្នុងការប្តេជ្ញាចិត្តរយៈពេលវែងធ្វើឱ្យការវិនិយោគសកល ដែលកត្តានេះនឹងបង្កឱ្យមានភាពយឺតយ៉ាវលើការបង្កើតថ្មី។
៣. ភាពតានតឹងផ្នែកនយោបាយ និងចំណងការទូត៖ សង្គ្រាមពាណិជ្ជកម្មធ្វើឱ្យទំនាក់ទំនងការទូតកាន់តែតានតឹងរវាងប្រទេសនានា ដែលនាំឱ្យមានវិធានការសងសឹកនឹងបង្កើតឱ្យមានបទបញ្ញតិថ្មីៗ។តាមរយៈនេះសម្ព័ន្ធមិត្តនិងដៃគូពាណិជ្ជកម្ម ជាច្រើនអាចនឹងត្រូវបង្ខំឱ្យចូលជាភាគី បង្កើតការបែកបាក់នៅក្នុងនយោបាយពិភពលោក។ លើសពីនេះជំនឿទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិ និងអង្គការនានាដូចនឹងថយឥទ្ធិពល។
គួរបញ្ជាក់ថាកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក បានចុះហត្ថលេខាជាផ្លូវការលើច្បាប់លដំឡើងពន្ធគយលើផលិតផលនាំចូលមកពីប្រទេសកាណាដា២៥% ម៉ិកស៊ិកកូ២៥% និងចិន១០% ដោយកាណាដាសម្រេចចាត់វិធានការដំឡើងពន្ធលើផលិតផលអាមេរិកវិញចាប់ពីថ្ងៃទី៤កុម្ភៈ២០២៥ទៅ ហើយម៉ិកស៊ិកកូគ្រោងធ្វើដូចកាណាដាដែរ។ ចំណែកចិនប្រកាសដាក់បណ្តឹងប្រឆាំងនឹងសហរដ្ឋអាមេរិកនៅអង្គការពាណិជ្ជកម្មពិភពលោក៕
អត្ថបទដោយ៖ ពីង ជូអេង