លោក Graham Cochrane ធ្លាប់បាត់បង់ការងារលែងមានចំណូល ហើយអាជីវកម្មក៏ជាប់គាំង ប៉ុន្តែគាត់បានយកចំណេះ ជំនាញដែលខ្លួនមានបង្កើតជាវីដេអូបង្ហោះទៅលើយូធូប រហូតល្បីល្បាញអាចស្ដារអាជីវកម្ម និងទាញចំណូលបានខ្ទង់ ១៦ម៉ឺនដុល្លារក្នុងមួយខែ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។
លោក Graham ជាម្ចាស់អាជីវកម្មឈ្មោះ The Recording Revolution ដែលធ្វើពាក់ព័ន្ធទៅនឹងផ្នែកតន្រ្តី។ គាត់រកស៊ីលើវិស័យមួយនេះ មិនសូវជាកាក់កបឡើយ ប៉ុន្តែក្រោយពេលផ្លាស់ប្ដូរវិធីសាស្រ្តតែបន្តិច គាត់បែរជាអាចទាញចំណូលបានយ៉ាងច្រើនសឹងមិនគួរឱ្យជឿ។ វិធីសាស្ត្រដែលគាត់ធ្វើគឺ ប្ដូរពីការបង្ហោះពីតន្ត្រី ឬបង្ហោះលក់ផលិតផលរបស់ខ្លួន មកជាការបង្ហោះពីចំណេះដឹងពាក់ព័ន្ធនឹងតន្ត្រីនៅលើ Cannel YouTube របស់គាត់វិញ។
គ្រាន់តែផ្លាស់ប្ដូរប្រធានបទតែបន្តិចសោះ គាត់ទាញបានអ្នកគាំទ្រយ៉ាងច្រើន និងមានអតិថិជនកាន់តែច្រើនជាងមុន អ្វីដែលសំខាន់គាត់អាចរកចំណូលបានមួយប្រភពថ្មីថែមទៀតគឺ បើកវគ្គបង្រៀនតាមអនឡាញ។ ជាលទ្ធផល វាពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់ ព្រោះថាចំណូលពីអាជីវកម្មបានត្រឹមតែ ៤ម៉ឺនដុល្លារក្នុងមួយខែ ប៉ុន្តែគាត់រកពីវគ្គសិក្សាតាមអនឡាញបានរហូតដល់ទៅជាង ១២ម៉ឺនដុល្លារឯណោះ។
គាត់ក៏បានគូសបញ្ជាក់ផងដែរថា "មិនថាអ្នកជួបបញ្ហាអ្វី ឬធ្លាក់ចុះដល់កម្រិតណាឡើយ អ្នកប្រាកដជាអាចងើបឡើងវិញបាន ដរាបណាមានចំណេះដឹងនិងជំនាញពិតប្រាកដ គ្រាន់តែរកវិធីប្រើវាឱ្យត្រូវទៅ សំណាងច្បាស់ជានៅខាងអ្នកមិនខានឡើយ"។
អត្ថបទដោយ៖ សូ សុខលី