អ្នកឧកញ៉ា សុខ គង់ និង លោកជំទាវឧកញ៉ា គីម ឡេង ព្រមទាំងក្រុមគ្រួសារ បានចូលរួមតាមរយៈ លោកជំទាវ ឧកញ៉ា សុខ ចន្ថា នាយិកាប្រតិបត្តិ ក្រុមហ៊ុនបូកគោ ហ្វាម ឯ.ក (Bokor Farm Co., Ltd) សរុបជាទឹកប្រាក់ចំនួន ៣ម៉ឺនដុល្លារ ដែលរួមមាន ទឹកពិសាអាល់កាឡាំងបូកគោចំនួន ២០០០កេស ស្បៀងអាហារ សម្ភារៈប្រើប្រាស់ ព្រមទាំងថវិកាសម្រាប់ជូនដល់គ្រួសារវីរៈកងទ័ពដែលបានពលីជីវិត និងបងប្អូនប្រជាជនភៀសសឹកប្រមាណ ៧០០គ្រួសារ ដើម្បីជាការដឹងគុណ ក៏ដូចជាចូលរួមរំលែកនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋកម្ពុជា។
ក្រោមការដឹកនាំដោយផ្ទាល់ពីសំណាក់ លោកជំទាវឧកញ៉ា សុខ ចន្ថា ជំនួយទាំងអស់ដែលសរុបជាទឹកប្រាក់ប្រមាណ ៣ម៉ឺនដុល្លារ នឹងត្រូវបែងចែកយ៉ាងយកចិត្តទុកដាក់ ដើម្បីជាចំណែកជួយសម្រួលបន្ទុក របស់សមាជិកគ្រួសាររបស់វីរៈកងទ័ពដែលបានពលីជីវិតដើម្បីបូរណភាពទឹកដីទាំង ៦គ្រួសារ រួមទាំងបងប្អូនប្រជាពលរដ្ឋកំពុងភៀសសឹកប្រមាណ ៧០០គ្រួសារ នៅវត្តភ្នំថ្មកំបូល ស្រុកក្រសាំង ខេត្តឧត្តរមានជ័យ។
ជំនួយចេញពីបេះដូងខ្មែរ បើទោះបីជាមិនច្រើនហូរហៀរ តែមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងនោះក្រុមគ្រួសារវីរៈកងទ័ពពលី នឹងទទួលបាន ថវិកាចំនួន ៤,០០០,០០០រៀល ក្នុងមួយគ្រួសារ ព្រមទាំង អង្ករ ១៥០គីឡូ មី៤កេស ទឹកក្រូច ២កេស ទឹកពិសារអាល់កាឡាំងបូកគោ ១០កេស ព្រមទាំងទឹកត្រី/ទឹកស៊ីអ៊ីវ ២០យួរ។ ចំណែកឯបងប្អូនភៀសសឹក ទាំង៧០០គ្រួសារ ក្នុងមួយគ្រួសារ នឹងទទួលបាននូវ ថវិកា ៣០,០០០រៀល ទឹកពិសាអាល់កាឡាំងបូកគោ ១កេស និងកញ្ចប់គ្រឿងបរិភោគ មួយកញ្ចប់។
គួរជម្រាបផងដែរថា ក្នុងជម្លោះព្រំដែនរវាងកម្ពុជា-ថៃ បើទោះបីបច្ចុប្បន្នមានការអនុវត្តនូវ “បទឈប់បាញ់” ក៏ពិតមែន ប៉ុន្តែបងប្អូនជនភៀសសឹកមួយចំនួននៅតែមិនទាន់អាចត្រឡប់ទៅកាន់ទីលំនៅឋានដ៏កក់ក្ដៅរបស់ខ្លួនបានឡើយ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយព្រំដែន បានទទួលរងការខូចខាតជាខ្លាំង ព្រមទាំងអាចនៅមានសល់គ្រាប់បែកមិនទាន់ផ្ទុះផ្សេងៗ ដែលសល់ពីការបាញ់ប្រហារ ។ ហេតុនេះហើយទើបបានជាជំនួយពីសប្បុរសជន ពិតជាសំខាន់ ដើម្បីអាចជួយសម្រាលបន្ទុករស់នៅរបស់ពួកគាត់ ក៏ដូចជាបញ្ជាក់ថានៅមានបងប្អូនខ្មែរយើងជាច្រើនទៀតដែលស្ម័គ្រចិត្តនៅក្បែរ រំលែកទុក្ខសោក កំដរពួកគាត់រហូតស្រុកយើងទទួលបានសន្តិភាពពេញលេញឡើងវិញ៕