នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នេះគឺជាថ្ងៃដែលលោក Donald Trump ឡើងកាន់តំណែងជាប្រធានាធិបតីទី ៤៧ របស់សហរដ្ឋអាមេរិក និងជាលើកទី២ របស់ខ្លួននៅក្នុងនាមជាមេដឹកនាំប្រទេសមហាអំណាចទី១ របស់ពិភពលោកផងដែរ។ អ្វីដែលចាប់អារម្មណ៍នៅក្នុងកម្មវិធីស្បថចូលកាន់តំណែងជាប្រធានាធិបតីនេះ គេក៏ឃើញមានវត្ដមានរបស់មហាសេដ្ឋី និងជាម្ចាស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗលំដាប់ពិភពលោកចំនួន ៤ ក៏បានចូលរួមផងដែរ។
យោងតាមវីដេអូ របស់សារព័ត៌មាន Inside Edition មេធំនៃក្រុមហ៊ុនបច្ចេកដែលបានចូលរួមក្នុងកម្មវិធីនេះរួមមាន៖ លោក Elon Musk ម្ចាស់ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនី Tesla និងក្រុមហ៊ុនអវកាស SpaceX ខណៈដែលលោកត្រូវបានតែងតាំងឲ្យដឹកនាំក្រសួងប្រសិទ្ធិភាពការងាររបស់រដ្ឋាភិបាល។ លោក Mark Zuckerburg ស្ថាបនិកក្រុមហ៊ុន Meta ដែលជាមេធំនៃបណ្ដាញសង្គម Facebook ក៏បានចូលរួមជាមួយភរិយារបស់ខ្លួនផងដែរ។
ក្រៅពីនោះគេក៏ឃើញមានវត្ដមានលោក Jeff Bezos ស្ថាបនិក និងជាប្រធាននាយកប្រតិបត្ដិក្រុមហ៊ុន Amazon និងលោក Tim Cook នាយកប្រតិបត្ដិក្រុមហ៊ុន Apple ក៏បានអញ្ជើញចូលរួមដូចគ្នា។
សូមរំលឹកផងដែរថា លោក Donald Trump បានឡើងកាន់តំណែងជាប្រធានាធិបតីសហករដ្ឋអាមេរិកទី៤៧ នេះ បន្ទាប់ពីលោកបានយកឈ្នះការបោះឆ្នោតជាមួយគូប្រជែងគឺលោកស្រី Kamala Harris កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ និងមានការគាំទ្រជាង ២៧០ សំឡេងនៃអង្គរបោះឆ្នោត៕