បច្ចុប្បន្ននេះមានជំនាញជាច្រើនដែលយើងអាចរៀនដោយឯករាជ្យ រាប់ចាប់ពីជំនាញជីវិតជាក់ស្តែង រហូតដល់ផ្នែកឯកទេសជាច្រើនទៀត។ ឧទាហរណ៍ដូចជាការសរសេរកូដ និងសូម្បីតែការរៀនភាសាថ្មី។
ក្នុងនោះក៏មានជំនាញសម្រាប់ប្រើប្រាស់ប្រចាំដែលយើងអាចរៀនបានដោយខ្លួនឯង ហើយអាចច្នៃចេញជាអាជីវកម្មបានទៀតដូចជាការចម្អិនអាហារ ធ្វើនំ ធ្វើសម្ភារៈកៃច្នៃដោយដៃ បង្កើតសម្ភារៈថ្មីៗជាដើម។
ដូច្នេះថ្ងៃនេះចាបក្រហមសូមណែនាំឆាណែលយូធូបទាំង៣នេះ ដែលមានបង្រៀនជំនាញដុតនំ និងធ្វើសម្ភារៈផ្សេងៗ ឬយើងអាចរៀនច្នៃលក់បង្កើតចំណូលក៏បាន៖
១. British Girl Bakes៖ ដូចយើងបានដឹងហើយថាបច្ចុប្បន្ននេះនំដែលជាបង្អែមមានការពេញនិយមណាស់ នៅតាមហាងកាហ្វេ ឬកម្មវិធីផ្សេងៗ។ ហេតុនេះក៏រៀនធ្វើនំប្លែកៗថ្មីៗក៏ជាជំនាញល្អមួយ ដែលយើងអាចរៀនសម្រាប់ចេះផ្ទាល់ខ្លូនក៏បាន សម្រាប់ធ្វើអាជីវកម្មក៏បាន។ ខណៈឆាណែលខាងលើនេះជាការបង្រៀនធ្វើនំរបស់ជនជាតិអង់គ្លេស ដែលជាជាតិសាសន៍មួយពូកែធ្វើបង្អែមនិងខេកប្លែកតាមវប្បធម៌របស់គេ។
២. Craft Factory៖ ការផលិតឬកៃច្នៃសម្ភារៈដោយដៃគឺជាគំនិតច្នៃប្រឌិត ដែលតម្រូវឱ្យយើងតាមដាន និងស្រាវជ្រាវច្រើន ដើម្បីច្បិចយកគំនិត។ ហេតុនេះឆាណែលខាងលើនេះគឺអាចជួយលោកអ្នកបានក្នុងការស្វែងរកគំនិតច្នៃប្រឌិត ប្លែកៗនិងសប្បាយៗ តាមសម្ភារៈច្រមុះដែលយើងមាន ដូចជាសូនរូបនិងការតុបតែងផ្ទះជាដើម។
៣. Craft Biz Studio៖ តាមរយៈឆាណែលនេះអ្នកទស្សនានឹងឃើញគន្លឹះ និងគំនិតដើម្បីជួយអ្នកបង្កើតអាជីវកម្ម ចេញពីរបស់ធ្វើដោយដៃ ដើម្បីរកប្រាក់ចំណូលបាន។ ឆាណែលនេះជាជម្រុកគំនិតសិប្បកម្មដែលចែករំលែកគំនិតអាជីវកម្មច្នៃប្រឌិតច្រមុះ និងផលិតផលដើម្បីលក់ដូចជាគ្រឿងតុបតែងខ្លួន គ្រឿងសាប៊ូឬដេរក្រណាត់ ចាក់ផ្កាជាដើម។
ជាទូទៅនៅសម័យបច្ចេកវិទ្យានេះមានជំនាញជាច្រើនដែលយើងអាចរៀនដោយខ្លួនឯងបាន ពីលើអ៊ីនធឺណេត ដោយគ្រាន់តែចុចពីរបីឃ្លីក និងដាក់ចិត្តដាក់កាយមានគោលដៅនិងវិន័យផ្តោតរៀន សម្រាប់ជាចំណេះមូលដ្ឋាន។ ប៉ុន្តែដើម្បីឱ្យកាន់តែច្បាស់ ស៊ីជម្រៅលើជំនាញណាមួយ នោះគឺគេលើកទឹកចិត្តឱ្យយើងរៀនមានគ្រូ មានក្បួនខ្នាតត្រឹមត្រូវ ទើបជំនាញកាន់តែមុតស្រួច៕
អត្ថបទដោយ៖ ពីង ជូអេង