កុំចាយឡូកឡំគ្នាតទៅទៀត! ហោប៉ៅលុយ៣ អ្នកគួរមាន បើមិនចង់រស់នៅតឹងទ្រូងព្រោះលុយ
Toeuy HongJULY 7 2025392 views

តាមពិតទៅមនុស្សជាច្រើនរកលុយបានច្រើននៅតែជួបបញ្ហាលុយកាក់ដោយសារតែពួកគាត់មិនបានចាត់ចែង ជាពិសេសមិនបានបែងចែកកញ្ចប់លុយសម្រាប់ចាយវាយប្រចាំដែលធ្វើឲ្យការចំណាយរបស់ពួកគាត់មិនមានប្រសិទ្ធភាពហើយអាចឈានដល់ជំពាក់បំណុលគេទៀតផង។

 ទាក់ទងនឹងការបែងចែកកញ្ចប់លុយនេះដែរ លោក កុក ថា ប្រធានក្រុមសន្សំប្រាប់មិត្តជួយមិត្តបានបង្ហើបនូវហោប៉ៅដាក់លុយ៣ច្រក ដែលបងប្អូនគួរមានដើម្បីគ្រប់គ្រងលុយឲ្យមានប្រសិទ្ធភាព ចៀសវាងបញ្ហាលុយកាក់ក្នុងការរស់នៅ។

. កុងសន្សំ

បុរសវ័យ៣០ប្លាយរូបនេះបានបង្ហើបថាសម្រាប់ការបែងចែកកុង៣ដាច់ដោយឡែកនេះ ពេលបងប្អូនបើកប្រាក់ខែមកភ្លាមអ្វីដែលត្រូវធ្វើមុនគេគឺដក១០% នៃចំណូលសរុបទៅដាក់ក្នុងកុងសន្សំ

ឧទាហរណ៍បើបងប្អូនមានប្រាក់ខែ៥០០ដុល្លារ ពេលបើកប្រាក់ខែមកត្រូវដក១០%​ស្មើនឹង៥០ដុល្លារចូលទៅកុងសន្សំ។ ត្រង់នេះលោកថាមិនលើកទុកចិត្តឲ្យបងប្អូនដាក់ប្រាក់សន្សំក្នុងកូនជ្រូកនោះទេ តែលើកទឹកចិត្តឲ្យដាក់សន្សំនៅគ្រឹះស្ថានហិញ្ញវត្ថុស្របច្បាប់ហើយជាគ្រឹះស្ថានដែលបងប្អូនជឿទុកចិត្តបំផុត។ សំខាន់លុយដែលសន្សំនេះកុំដកចាយផ្ដេសផ្ដាសពោលគឺសន្សំដឹងថាសន្សំហាមប៉ះពាល់វាដាច់ខាត។

 បើយើងយកលុយមកដាក់ក្នុងគណនីសន្សំហើយបង្កើតលក្ខខណ្ឌងាយស្រួលក្នុងការប្រើប្រាស់លុយពេកនោះសន្សំមិនសល់ទេ។ ដូច្នេះលោកណែនាំថាគួរដាក់លុយសន្សំនៅគណនីដែលមិនងាយដកចាយស្រួលៗ ឬក៏អាចសន្សំជាមួយក្រុមសន្សំដែលអ្នកជឿទុកចិត្ត ព្រោះជាធម្មតាក្នុងក្រុមសន្សំខ្លះរយៈពេលមួយឆ្នាំទើបគេអនុញ្ញាតឲ្យដកបានអ៊ីចឹងជាផ្លូវមួយក្នុងការហាមអ្នកមិនឲ្យនឹកឃើញតែចេះតែដកស្រួលៗពេកឡើយ។

. កុងកាតព្វកិច្ច

កុងកាតព្វកិច្ច គឺជាកុងសម្រាប់ដាក់កញ្ចប់លុយលើចំណាយចាំបាច់មានដូចជា អាហារ ការស្នាក់នៅ ទឹកភ្លើង ការធ្វើដំណើរ បង់ធនាគារ ការសិក្សា ពោលគឺជាចំណាយចាំបាច់ប្រចាំខែដែលបងប្អូនមិនអាចខ្វះបានក្នុងជីវិតរស់នៅ យើងមានកាតព្វកិច្ចដែលជាចំណាយចាំបាច់ខុសៗគ្នា សំខាន់បងប្អូនអាចកត់ត្រានូវចំណាយចាំបាច់ថាតើក្នុងមួយខែបងប្អូនមានចំណាយចាំបាច់អ្វីខ្លះហើយកក្នុងចំណាយចាំបាច់នីមួយៗត្រូវចំណាយប៉ុន្មាន។

កុងកាតព្វកិច្ចគឺអាចមានលុយចូលនិងមានលុយចេញ។ អ៊ីចឹងប្រាក់ខែរបស់អ្នកអាចឲ្យវាចូលក្នុងគណនីនេះទៅ។ ដូច្នេះបើអ្នកបើកប្រាក់ខែពីស្ថានប័ន ពីក្រុមហ៊ុនឬពីអង្គការ អាចចាត់ចែងដាក់ក្នុងកុងនេះ ដើម្បីប្រើប្រាស់ក្នុងគោលបំណងអ្វីដែលជាកាតព្វកិច្ចនិងចាំបាច់។ ឧទាហរណ៍បង់ថ្លៃផ្ទះជួល បង់ថ្លៃសាលារៀន ដើរផ្សារទិញម្ហូប បង់ថ្លៃទឹកភ្លើង និងបង់ធនាគារជាដើម។ ពោលគឺកុងកាតព្វកិច្ចនេះគឺប្រើប្រាស់ទាំងលុយចេញទាំងលុយចូល។

 ៣. កុងចាយវាយ

កុងចាយវាគឺជាការចំណាយលើការលំហែ ការកម្សាន្ត ការដើរលេង ហូបចុក ផឹកស៊ី និងការចំណាយលើរបស់របរផ្សេងៗដែលអ្នកចង់បាន។ មនុស្សតែងតែត្រូវការពេលលំហែ ជាក់ស្ដែងយុវជនប្រជាពលរដ្ឋជាពិសេសអ្នកធ្វើការបុរសៗពេលខ្លះចុងសប្ដាហ៍ ឬថ្ងៃសម្រាកបុណ្យទាន ចូលចិត្តដើរលេង ដើរកម្សាន្តហូបចុក ផឹកស៊ី។ ចំណែកស្រ្ដីៗវិញទិញនេះទិញនោះ គ្រឿងសំអាង ផលិតផលថែរក្សាសម្រស់។ ដូច្នេះកុងមួយនេះអ្នកអាចកំណត់ជាកុងសម្រាប់ដាក់លុយចំណាយលើការលំហែឬទិញរបស់របរដែលអ្នកចង់បាន។

អ្នកអាចកំណត់ខ្លួនឯង បើមានប្រាក់ខែ៥០០ដុរល្លារ អ្នកគួរមានកញ្ចប់លុយប៉ុន្មានសម្រាប់ដើរលេង ហូបចុកនៅខាងក្រៅជាមួយមិត្តភក្ដិក្រុមការងារ ទិញរបស់របរអ្វីដែលឲ្យធ្វើឲ្យខ្លួនឯងសប្បាយចិត្តឬបង្កើតទំនាក់ទងជាមួយចិត្តភក្ដិ។ ឧទាហរណ៍ប្រាក់ខែ៥០០ដុល្លារ អ្នកអាចចាត់ចែង៥០ដុល្លារសម្រាប់ដាក់ចូលក្នុងកុងចាយវាយ។ អ៊ីចឹងបើយើងកំណត់ហើយក្នុងមួយខែ ពេលចាយយើងត្រូវពិនិត្យមើលសប្ដាហ៍ទីមួយនៃខែនេះអ្នកចាយអស់ប៉ុន្មាន ហើយនៅសល់ប៉ុន្មានទៀត។ បើជិតចុងខែមើលទៅអស់លុយហើយ អ្នកមិនគួរដកពីគណនីសន្សំយកមកចាយលើការកម្សាន្តឡើយ។

 ចំពោះកញ្ចប់ទាំង៣ មានកញ្ចប់សន្សំ កញ្ចប់កាតព្វកិច្ច​និង កញ្ចប់ចាយវាយ បើសិនបើក្នុងការរស់នៅបងប្អូនខ្វះលុយឬខើចលុយនោះកញ្ចប់ចាវាយគឺជាអាទិភាពទីមួយដែលបងប្អូនត្រូវកាត់បន្ថយចំណាយ ព្រោះកញ្ចប់ចាយវាយនេះគឺជាចាយចំណាយមិនចាំបាច់នោះទេ ដូច្នេះបើជួបញ្ហាខ្វះខាតនិងខើចលុយត្រូវកាត់បន្ថយចំណាយក្នុងកញ្ចប់ចាយវាយនេះមុនគេ។ ឧទាហរណ៍មួយខែបងប្អូនទៅជួបជុំមិត្តភក្ដិញ៉ាំអីនៅខាងក្រៅ៤ដងអាចកាត់បន្ថយមកត្រឹម២ដងក្នុងមួយខែឬក៏ប្ដូរបរិយាកាសជួបជុំដែលអាចកាត់បន្ថយចំណាយបានដូចជាជួបជុំនៅផ្ទះជាជាងទៅហាងប្រេនៗដែលធ្វើឲ្យយើងត្រូវចំណាយលុយច្រើន៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia