មកដល់បច្នុប្បន្ននេះ មានបុគ្គលល្បីជាច្រើនដែលជោគជ័យលើវិស័យ YouTube ដោយឡែកថ្ងៃនេះយើងមកស្គាល់ពីកញ្ញាជនជាតិចិនវ័យ ៣២ឆ្នាំរូបនេះវិញម្ដង។ តើកញ្ញាមានដំណើរដើមទងយ៉ាងណា បានជាធ្វើឲ្យកញ្ញាទទួលបានភាពល្បីល្បាញខ្លាំងលើវិស័យនេះYou Tube?
កញ្ញា Dianxi Xiaoge គឺជា YouTuber ល្បីម្នាក់នៅខេត្ត Yunnan ដែលនាងមានឈ្មោះពិតថា Dong Meihua រស់នៅក្នុងគ្រួសារកក់ក្ដៅតូចមួយនៅឯខាងលិចភ្នំនៃទីក្រុង Youwang ស្ថិតក្នុងខេត្ត Yunnan ប្រទេសចិន។ ហើយកញ្ញាបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកប៉ូលីសនៅ មហាវិទ្យា Sichuan ក្នុងឆ្នាំ ២០១២ ។ បើយោងតាមឯកទេសរបស់នាង នាងអាចធ្វើជាមន្រ្ដីប៉ូលីសបាន ប៉ុន្ដែនាងមិនបានធ្វើការនៅក្នុងតំណែងនោះទេតែនាងបែរជាមកធ្វើការផ្នែកទីផ្សារក្នុងក្រុមហ៊ុនអ៊ីនធឺណេតទៅវិញ ដោយនាងធ្វើការនៅទីនោះអស់រយៈពេល ៤ឆ្នាំ រួចក៏លាឈប់។
គោលបំណងដែលធ្វើឱ្យនាងខិតខំប្រឹងប្រែងធ្វើការបែបនេះ គឺនាងគ្រាន់តែចង់ទិញផ្ទះមួយកន្លែងនៅ Chongqing ដើម្បីឲ្យឪពុកម្ដាយរស់នៅបានសុខស្រួលជាងមុនបន្តិចតែប៉ុណ្ណោះ។ តែអ្វីៗគ្រប់យ៉ាងមិនដូចនាងគិតឡើយ ដោយសារលោកឪពុកនាងមានបញ្ហាជំងឺគាំងបេះដូង។
ក្រោយពីឪពុកធ្លាក់ខ្លួនឈឺបែបនេះ YouTuber កញ្ញា Dianxi Xiaoge ក៏ត្រឡប់មករស់នៅស្រុកកំណើតវិញ ដើម្បីមើលថែឪពុកហើយត្រូវការលុយព្យាបាលជំងឺឪពុក ហេតុនេះនាងក៏គិតគ្រប់វីធីដើម្បីបានលុយ។
ជំហ៊ានដំបូង Dianxi Xiaoge បានចាប់ផ្ដើមលក់ផលិតផលនៅលើអនឡាញ។ បន្ទាប់មកក្នុងឆ្នាំ ២០១៨ នាងបានបង្កើតឆាលណែល YouTube មួយដើម្បីធ្វើវីដេអូ។ ដោយចាប់ផ្ដើមវីដេអូដំបូង ពីការធ្វើនំហាំប៊ីហ្គឺ តាមលក្ខណៈតំបន់នាង ហើយបន្ទាប់មកនាងក៏ផលិតវីដេអូទាក់ទងនឹងការធ្វើការម្ហូប ហើយនាងមានគោលបំណងបង្ហាញអំពី ជីវិតតាមបែបប្រពៃណីរបស់ ស្រុកកំណើតរបស់នាង។ បន្ថែមពីធ្វើ YouTube នាងក៏មានចិញ្ចឹមសត្វទៀតផ្សេងៗដូចជា សត្វជ្រូក សត្វឆ្កែជាដើម។
ធ្វើវីដេអួបែបស្រុកស្រែកាន់តែយូរ ឆាណែល YouTube របស់ Dianxi Xiaoge គឺមានអ្នកទស្សនារហូតជាង ២.៣ ប៊ីលាននាក់ និងមានអ្នក subscribers ប្រមាណជាង ៨.៧៣លាននាក់។ ព្រោះតែមានហ្វេនៗគំាទ្រយ៉ាងខ្លាំងបែបនេះទើបធ្វើឱ្យស្រ្តីខ្លាំង Dianxi Xiaoge អាចរកចំណូលប្រមាណជាង ១២ម៉ឺន នដុល្លារ ក្នុងមួយខែៗ។ ប្រសិនជាគិតត្រឹមថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ កញ្ញា Dianxi Xiaoge សល់ទ្រព្យជាង ៥លានដុល្លារហើយ៕
អត្ថបទដោយ៖ ផល ធារិត