ភាពជាអ្នកដឹកនាំមិនអាចវាស់វែងបានតាមរយៈអាយុតែមួយមុខគត់ទេ។ យ៉ាងណាមិញតាមរយៈ គោលការណ៍របស់លោក Dave Rasmey អ្នកជំនាញហិរញ្ញវត្ថុនិងភាពជាអ្នកដឹកនាំបានឱ្យដឹងថា បុគ្គលដែលជាអ្នកដឹកនាំថ្មី ត្រូវលុប១សាង៣ ដើម្បីទទួលបានការគោរពពិតប្រាកដ ពីបុគ្គលិកក្រោមបង្គាប់។
តាមរយៈមេរៀន #The Ramsey Leadership Model បានឱ្យដឹងថាមេវ័យក្មេង គួរលុប១សាង៣ ពោលទី១គឺលុបអត្តា សាង៣គឺ បង្កើតទំនុកចិត្ត, សាងចក្ខុវិស័យ ,ផលិតលទ្ធផល។
១. លុបអត្តា ( EGO) ៖ តាមរយៈគោលការណ៍របស់ Dave Ramsey គាត់បានបញ្ជាក់ថាភាពជាអ្នកដឹកនាំវ័យក្មេងគឺមានអំនួត (EGO) ជាប់ខ្លួនច្រើនជាងធម្មតា ប៉ុន្តែពួកគេអាចកាត់បន្ថយដោយប្តូរមកជាការសម្របខ្លួន ដើម្បីព្យាយាមយល់អំពីលក្ខណៈរបស់បុគ្គលម្នាក់ៗដែលគេកំពុងដឹកនាំ ព្រមទាំងការកែតម្រូវ។
២. បង្កើតទំនុកចិត្ត៖ ទំនុកចិត្តគឺជាអារម្មណ៍សុវត្ថិភាព ដែលអ្នកដឹកនាំផ្តល់ឱ្យកូនចៅ ការបង្ហាញលក្ខណៈសំខាន់ចំពោះការងាររបស់ពួកគេ និងការទទួលស្គាល់សមត្ថភាព។
៣. សាងចក្ខុវិស័យ៖ ចក្ខុវិស័យគឺជារូបភាពធំមួយដែលក្រុមការងារ សម្លឹងមើលឃើញដូចគ្នា អាចស្របគ្នាដើរលើផ្លូវតែមួយ។ ដូច្នេះដើម្បីទទួលបានចុក្ខវិស័យ Rasmey បានបញ្ជាក់ថាអ្នកដឹកនាំត្រូវទម្លាក់ចុះនូវអត្តាផ្ទាល់ខ្លួនឱ្យនៅចំនួនតិចតួចបំផុត ដើម្បីបង្កើតបាននូវទំនុកចិត្ត ភាពជឿជាក់ ទើបអាចសាងចក្ខុវិស័យរួមបាន ធ្វើការរីកចម្រើន។
៤. ផលិតលទ្ធផល៖ លោក Rasmey បានបញ្ជាក់ថានៅពេលដែលក្រុមមានចក្ខុវិស័យរួម ជាអ្នកដឹកនាំត្រូវផលិតនូវលទ្ធផលការងារសម្រាប់ខ្លួនឯងឬសម្រាប់ក្រុម ដើម្បីបង្កើតអំណាចពេញលេញ ក្នុងការទទួលបានការគោរពពិតប្រាកដ។
គួរជម្រាបផងដែរថាលោក Dave Rasmey គឺជាស្ថាបនិកក្រុមហ៊ុន Rasmey Solution ជាវេទិកាដោះស្រាយបញ្ហាឌីជីថល "The Dave Ramsey Show" ដែលមានអ្នកស្តាប់ជាង១៤លាននាក់ក្នុងមួយសប្តាហ៍ លោកក៏ជាអ្នកនិពន្ធសៀវភៅលក់ដាច់បំផុតអំពីហិរញ្ញវត្ថុ "The Total Money Makeover" និងសៀវភៅភាពជាអ្នកដឹកនាំ “Entreleadership” លក់ដាច់ជុំវិញពិភពលោក៕
អត្ថបទដោយ៖ ពីង ជូអេង