កំពង់ផែដងទង់ ដែលស្ថិតនៅក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហើយ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
យោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា កំពង់ផែដងទង់ខាងលើនេះ គឺជាស្ថាបត្យកម្មថ្មីមួយដែលកើតចេញពីស្នាដៃកូនខ្មែរពិតៗ ដោយមានរចនាបទបែបទំនើប សាងសង់ស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ដែលធានានូវការប្រើប្រាស់យូរអង្វែង ដោយចំណាយថវិកាជាតិសរុបប្រមាណ ១២ ៨៩៧ ០០០ ០០០រៀល (ដប់ពីរពាន់លាន ប្រាំបីរយកៅសិបប្រាំពីរលានរៀលគត់)។
ចំពោះការសាងសង់កំពងផែនមួយនេះដែរត្រូវបានចែកចេញជា២ជំហាន ខណៈបណ្ដោយមានប្រវែង១១៥ម៉ែត្រ ទទឹងប្រវែង ១៦,៥០ម៉ែត្រ និងមានជម្រៅទឹកពី ៤ម៉ែត្រ ទៅ ៨ម៉ែត្រ ដែលមានលទ្ធភាពឱ្យនាវាផ្ទុកទំនិញទម្ងន់ ២ ០០០ តោន អាចចូលចតបាន។ ក្រៅពីសំណង់កំពង់ផែបេតុង គម្រោងដែលប្រើប្រាស់ថវិកាជាតិជិត ១៣ពាន់លានរៀលនេះ ក៏មានបញ្ចូលនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន រួមមាន ស្ពានបេតុងភ្ជាប់ទៅផែ ផ្លូវបេតុងចេញចូលផែ អគារអ្នកដំណើររង់ចាំ អគាររដ្ឋបាល បន្ទប់ទឹកសាធារណៈ ប្រព័ន្ធលូ របង និងខ្លោងទ្វារ ជាដើម។
សូមជម្រាបផងដែរថា កំពង់ផែទេសចរណ៍ និងទំនិញរាយ ដងទង់ ជាចំណែកមួយក្នុងការតភ្ជាប់ និងភាពសម្បូរបែបនៃ ហេដ្ឋរចនាសម្ព័ន្ធផ្លូវសមុទ្រ នៅក្នុងខេត្តតំបន់ឆ្នេរទាំង៤ នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន នៅក្នុងប្រទេសជាប់សមុទ្រទាំងបី នៃមហាអនុតំបន់មេគង្គ រួមមាន កម្ពុជា ថៃ និងវៀតណាម។ ការកសាងហេដ្ឋរចនាសម្ព័ន្ធកំពង់ផែនេះ ធ្វើឡើងក្នុងគោលបំណងសម្រួលការដឹកជញ្ជូនទំនិញ អ្នកដំណើរ អ្នកទេសចរណ៍ នៅតាមតំបន់ឆ្នេរសមុទ្រ ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធិភាព៕
អត្ថបទដោយ៖ ឌឿក ស្រី នុត